ក្រុម​ហ៊ុន​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ

រដ្ឋមន្ត្រីថាមពល លោក ខាលីដ អាល់ហ្វាលីហ្វ របស់​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (រូបភាពពី​ Reuters)

បណ្ដា​ក្រុមហ៊ុន​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មាន​តម្លៃ​រាប់​រយ​​ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ​ដែល​ក្រុង​រីយ៉ាដ​ព្យាយាម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ក្រៅ​ពី​ការ​ពឹង​ផ្អែក​លើ​ប្រេង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ Reuters។

ក្រុមហ៊ុន​ប្រេង​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត Aramco បាន​និយាយ​ថា ខ្លួន​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មាន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​អាមេរិក។ រដ្ឋ​មន្ត្រី​ថាមពល លោក ខាលីដ អាល់ហ្វាលីហ្វ បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ទាំង​អស់ មាន​តម្លៃ​សរុប​ដល់​ទៅ​ជាង ២០០​ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ផលិត​ផលិត​ផល​នានា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ពី​មុន​ត្រូវ​បាន​នាំ​ចូល។

ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​ទាំង​ពីរ​ប្រទេស បាន​ចាត់​ទុក​កិច្ច​ពិភាក្សា​របស់​ពួកគេ​ថា ជា​ជោគ​ជ័យ​មួយ។ កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ត្រូវ​បាន​ប្រកាស​កាល​ពី​មុន​រួច​មក​ហើយ ខណៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដទៃ​ទៀត គឺ​ជា​ប្រភេទ​អនុស្សារណៈ​យោគ​យល់​គ្នា ដែល​នឹង​តម្រូវ​ឲ្យ​មាន​ការ​ចរចារ​គ្នា​បន្ថែម​ទៀត។

ទោះជាយ៉ាងណា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទាំង​នេះ ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្រូវការ​មូល​ធន​ និង​បច្ចេកវិទ្យា​បរទេស​​ពី​សំណាក់​​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ប្រេង។ តម្លៃ​ប្រេង​ចុះ​ទាប​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​យឺត​យ៉ាវ​ផង​ដែរ ខណៈ​រដ្ឋាភិបាល​ប្រឈម​មុខ​នឹង​កង្វះ​ខាត​កញ្ចប់​ថវិកា​ជាតិ​យ៉ាង​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ