ស្ដេច​អារ៉ាប៊ី​សាអ៊ូឌីត​ទម្លាក់​ក្មួយ​ពី​តំណែង​រាជ​ទាយាទ លើក​បុត្រា​ជា​ជំនួស​វិញ

ព្រះ​មហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត សាល់ម៉ាន់ បាន​ទម្លាក់​ក្មួយ​ប្រុស​របស់​ទ្រង់​ពី​តំណែង​ជា​រាជ​ទាយាទ នៅ​ថ្ងៃ​នេះ ហើយ​បាន​លើក​បុត្រា​របស់​ទ្រង់​ព្រះនាម មូហាំម៉េដ ប៊ីន សាលម៉ាន់ ជា​រាជ​ទាយាទ​វិញ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​មើល​ឃើញ​ថា ព្រះ​អង្គ​ម្ចាស់ មូហាំម៉េដ គឺ​ជា​អ្នក​ជំនាន់​ដំបូង​ត្រូវ​បាន​រៀបចំ​សម្រាប់​ឡើង​កាន់​អំណាច នៅ​ក្នុង​រាជាណាចក្រ​មួយ​នេះ។

ការ​តែង​តាំង​នេះ បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​ដក​ហូត​អំណាច​ពី​ព្រះ​អង្គ​ម្ចាស់ មូហាំម៉េដ ប៊ីន ណាយ៉េហ្វ។ ព្រះ​អង្គ​ម្ចាស់​អង្គ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្ត​រូប​នៃ​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ក្មេងៗ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជាង​ពាក់​កណ្ដាល​មាន​អាយុ​ក្រោម ២៥​ឆ្នាំ។

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអ៊ូឌីត បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់ មូហាំម៉េដ ប៊ីន សាលម៉ាន់ អាយុ ៣១​ឆ្នាំ ក៏​ត្រូវ​បាន​តែងតាំង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី ផង​ដែរ ហើយ​នៅ​បន្ត​កាន់​តំណែង​របស់​ទ្រង់​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ។

ព្រះ​រាជ​ក្រឹត្យ​​នោះ ក៏​បានបញ្ជាក់​ផង​ដែរ​ថា ព្រះ​អង្គ​ម្ចាស់ មូហាំម៉េដ ប៊ីន ណាយ៉េហ្វ ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ល្បី​ឈ្មោះ​នៅ​ក្នុង​ចំណោម​លោក​ខាង​លិច​ដោយសារ​ទ្រង់​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ពួក​អាល់កៃដា​នោះ​ ក៏​ត្រូវ​បាន​ដក​ហូត​ពី​តំណែង​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ