លិខិតមិត្តអ្នកអាន៖ តើបាវចនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានតម្លៃកម្រិតណា​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន?

ដោយ VOD Admin​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 4:31 PM | លិខិតមិត្តអ្នកអាន | 0 | 10019 បាវនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្យ”

បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក្នុងជំពូក១ មាត្រា៤។ ច្បាប់ដ៏កំពូលមួយនេះ ត្រូវបានអនុម័តដោយសភាពេញអង្គ ព្រឹទ្ធិសភាជាតិ និងផ្តល់សច្ចា​ប័នដោយព្រះមហាក្សត្រសម្តេចព្រះករុណាជីវិតតម្លល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងព្រះមហាក្សត្រផងមានភារកិច្ចអនុវត្តនិងត្រូវតែគោរព។​

មួយរយៈចុងក្រោយនេះ ​ជាពិសេសមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនពិតជាចង់បានសន្តិភាព និងការផ្លាស់ប្តូរមួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សពេញលេញ និងប្រទេសជាតិសម្បូរសប្បាយរុងរឿងដូចប្រទេសជឿនលឿន និងប្រទេសនៅបច្ចឹមលោក។

លទ្ធផលបឋមក្រៅផ្លូវការចេញពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ បានបង្ហាញថា បក្សប្រជាជនកម្ពុជា ស៊ីភីភី ​របូតបាត់បង់កៅអីឃុំសង្កាត់ជាច្រើន​បើប្រៀបទៅនឹងការបោះឆ្នោត២០១២ ក៏ប៉ុន្តែលទ្ធផលនោះ ​មិនមានអ្វីចម្លែក​និងធ្វើឱ្យភ្ញាក់ផ្អើល ​សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ ពីព្រោះថា​បក្សកាន់អំណាចសមនឹងទទួលបានលទ្ធផលនេះណាស់ តាមរយៈទង្វើរបស់ខ្លួនកន្លងមក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺប្រមុខមេបក្សកាន់អំណាចថ្មីៗ បានចេញមុខការពារលោក ខឹម វាសនា ដែលតែងហៅខ្លួន​​​​​​​​​​​​​​ឯងថាជា “ប្រមុខបក្សជួង”។ ហើយអ្វីដែលហួសចិត្តបំផុតនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់គាំទ្រចំពោះការជេរប្រមាថហិង្សារបស់លោក ខឹម វាសនា។ តើវប្បធម៌នៃការជេរប្រទេចវាជាទង្វើល្អ និងជាទង្វើគំរូនៅក្នុងសង្គមខ្មែរឬ? តើសម័យរុងរឿងនាសម័យអង្គរមេដឹងនាំនាសម័យនោះ បានយកវិធីសាស្ត្រជេរប្រមាថដាក់បណ្តាសារទើបរាស្ត្រខ្មែរស្តាប់បាន និងធ្វើឱ្យប្រទេសជាតិរីកចម្រើនរហូតដល់ក្លាយជាចក្រភពខ្មែរមួយដ៏អស្ចារ្យនាសម័យនោះឬ?

ការដែលគណ​​បក្សសម្ព័ន​ដើម្បី​ប្រជាធិបតេយ្យ ហៅបក្សជួង មិនទំនងជាបានសន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋអ្វីមួយឃុំឬមួយសង្កាត់សោះ ក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ លោក ខឹម វាសនា គួរដឹងខ្លួនហើយព្យាយាមកែយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីគាប់ចិត្តរាស្ត្រ ផ្ទុយទៅវិញ លោក ខឹម វាសនា ប្រហែលដោយសារតែមានការគាំទ្រពីលោក ហ៊ុន សែន ផងនោះថ្មីៗនេះ លោក ខឹម វាសនា បើកការវាយប្រហារតាមរយះវោហារសាសជេរប្រមាថ មាក់ងាយបែបហិង្សាដោយមិនបានគោរពក្រមសីលធម៌ ច្បាប់ទម្លាប់ ឬវិជ្ជាជីវៈអ្វីឡើយ។ លោក វាសនា បានដៀលត្មះព្រះទាំងអស់ ក្នុងនោះក៏មានព្រះពុទ្ធផងដែរ ថាជាព្រះអត់បានការ ឬព្រះលាមក (អាចម៍) ជាដើម។ មិនត្រឹមតែប៉ុណ្ណោះលោក ខឹម វាសនា ក៏បានជេរប្រមាថកាតទានដល់បុព្វបុរសខ្មែរ និងព្រះមហាក្រត្សខ្មែរផងដែរ។ គាត់ក៏មានបំណងចង់សុំកោះមួយនៅតែឯង ដើម្បីបានរស់នៅជាមួយតែ​​បក្សសម្ព័ន្ធរបស់គាត់ ហើយគាត់បាននិយាយថា គាត់ពិតជាមិនចង់រស់នៅក្បែរពូជខ្មែរថោកទាបនេះទៀតទេ “ពូជខ្មែរមានស្រះ(ែ)មានន័យថា ដូចសត្វឆ្កែដែរ” សម្តីលោក ខឹម វាសនា។ ខ្ញុំមិនយល់ថា បុព្វជិតប្រហែលប្រាំទៅប្រាំមួយអង្គ ដែលតែងតែនិមន្តតាមលោក ខឹម វាសនា ស្ទើរគ្រប់វេទិកា​ជេរប្រទេចបណ្តាសារពោរពេញទៅដោយហិង្សាលើអ្នកដទៃ ជាពិសេស គាត់បានដៀលត្មះព្រះពុទ្ធថា ជាព្រះអាចម៍ និងការប្រមាថបុព្វបុរសខ្មែរ ប្រដូចជាតិសាសន៍ខ្មែរទៅនឹងសត្វឆ្កែ។ ខ្ញុំយល់ថា បើព្រះពិតជាអន់ដូចអាចម៍ ឬបុព្វបុរសខ្មែរអន់ថោកទាបដូចសត្វឆ្កែមែននោះ ព្រះសង្ឃអង្គខាងលើមិនគួរបន្តគ្រងស្បង់ចីវរទៀតឡើយ​ បើនៅគោរពព្រះពុទ្ធជាម្ចាស់ ជាព្រះគ្រូរបស់ព្រះអង្គ ហើយបើព្រះអង្គនៅតែបន្តបួសជាបព្វជិតទៀតនោះ។ ប៉ុន្តែបើព្រះសង្ឃអង្គខាងនៅតែដង្ហែរតាមលោក ខឹម វាសនា ទៀតនោះ មានន័យថា ព្រះអង្គគឺជាមារនិងជាសាវករបស់លោក ខឹម វាសនា តាមជ្រែកក្នុងវិស័យព្រះពុទ្ធសាសនាដើម្បីបង្កើតបាននូវកំហុសផ្សេងៗ ហុចដងឱ្យលោក ខឹម វាសនា ធ្វើជាឧបករណ៍ដៀលត្មះបានជាល្បែងសើចចំអក ធ្វើឱ្យសាសនាជាតិ ពូជសាសន៍ខ្មែរអន់ថយ និងបើកទ្រូងឱ្យជាតិសាសន៍ដទៃលេបត្របាក់ប្រទេសយើង និងឈានទៅការបំបាត់ទាំងស្រុងនៅសាសនានិងព្រលឹងជាតិខ្មែរយើងនាពេលខាងមុខដោយមិនដឹងខ្លួន សមដូចសភាសិតខ្មែរលោកបានពោលថា “សាសនារលត់ជាតិរលាយ”

ប៉ុន្មានខែមុននេះ លោក ខឹម វាសនា បានបង្ហាញឱ្យឃើញពីភាពមានបាន ចេញពីការជេរ​ប្រមាថបែបហិង្សារបស់ខ្លួន គឺគាត់បានទិញរថយន្តលិចស៊ីស​ទំនើបតម្លៃរាប់សិបម៉ីនដុល្លារ​ដែលរូបគាត់ សូម្បីតែមិនដែលបានប្រកាសថា មានក្រុមហ៊ុន ទ្រព្យសម្បតិ្តមានតម្លៃ ឬប្រាក់បៀវត្សរ៍រាប់ពាន់ដុល្លារពីមុខមកសោះ ដើម្បីទិញបានរថយន្តតម្លៃកប់ក្តោងនោះឡើយ? នេះបើកើតឡើងចំពោះបក្សប្រឆាំងមួយទៀតវិញ ប្រហែលម្ចាស់រថយន្តគេចមិនផុតពីអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក​ ឱម យ៉ិនទៀង ឡើយ។

សមាជិក ឬសាវករបស់បក្សជួង គួរតែងឿងឆ្ងល់នឹងភាពមានបានរបស់លោក ខឹម វាសនា មានបានលឿនហួសហេតុប្រៀបបានដូចភ្នែកបន្ទោរ។ បើលោកអ្នកជាសកម្មជនជួងទាំងនោះ ពិតជាតាំងថាខ្លួនឯងជាមនុស្សឆ្លាត មានខួរក្បាលល្អមិនចាញ់បោកអ្នកដទៃ​ដូចការអួតអាងកន្លងមកមែននោះ​ក៏គួរចេះប្រើប្រាស់ខួរក្បាលរបស់អ្នកវិភាគមើល ថា​តើលុយរាប់សិបម៉ឺនដុល្លារដែលលោក ខឹម វាសនា បានមកនោះ វាជាលុយបានមកពីការផ្តល់ឱ្យដោយបក្សផ្សេង ឬជាលុយគាត់បានមកដោយសារញើសឈាមរបស់គាត់ ឬមួយជាលុយរបស់អ្នកទាំងអស់គ្នាដែលខំបេះពីមាត់ពង្រាត់ពីក មិនហ៊ានចាយតែសុខចិត្តយកទៅជួយបក្ស ហើយទីបំផុត មេដឹកនាំរបស់ខ្លួនយកទៅទិញរថយន្តដ៏ប្រណិតតម្លៃកប់ក្តោងនេះ?

មួយវិញទៀតមានឆ្ងល់ទេថា តើហេតុអ្វីបានជាលោក វាសនា ចេះតែធ្វើអ្វីបានស្រេចតែចិត្ត ចង់ជេរអ្នកណាក្រៅពីលោក ហ៊ុន សែន និងបក្សប្រជាជនដោយពុំមានអ្នកណាអាច​ធ្វើអ្វីគាត់បាន ហើយផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអើពើបែទៅជាគាំទ្រគាត់ទៅវិញ?

បើអស់លោកអ្នកគិតថា លោកមានខួរក្បាលល្អ​ឆ្លាត ចេះយល់ត្រូវគិតត្រូវ មិនល្ងង់ដូចអ្នក​ដែលមិនមែនសមាជិកជួងជាមនុស្សមានក្បាលដូចដែកគោលមិនចេះប្រើខួរគិត ដូចសមាជិកជួង ចុះហេតុអ្វីក៏សមាជិកជួងមិនគិតដល់ចំណុចដូចបានរៀបរាប់ខាងលើផង? តើអស់លោកអ្នកបានធ្លាប់គិតដែរទេថា បក្សជួងមិនចង់បានសំឡេងឆ្នោតមែន ក៏ប៉ុន្តែគោលដៅចម្បងដែលលោកអ្នកមិនធ្លាប់បានចាប់អារម្មណ៍នោះ គឺការបំបែកបំបាក់បក្សប្រឆាំងណា​​ ដែលមាននិន្នាការប្រឆាំងនិងបក្សរដ្ឋាភិបាល និងការបំបែកបំបាក់សង្គមខ្មែរ និងសាសនាជាដើម សមដូចទ្រឹស្តីលោកហ៊ូជីមិញធ្លាប់លើកឡើងថា ដើម្បីឱ្យកម្ពុជាស្ថិតនៅក្រោមវៀតណាមទាំងស្រុង​នោះ​ គឺដំបូងត្រូវកម្ទេចពួកអាត្រង៉ោលអាវធំ នោះគឺសំដៅលើព្រះសង្ឃខ្មែរនោះឯងខ្មែររស់មកដល់បច្ចុប្បន្ន គឺដោយសារសាសនា វត្តអារាមនិងព្រះសង្ឃ ដែលលោកតែងតែចេញមុខការពារផលប្រយោជន៍ខ្មែរ ទឹកដីខ្មែរពីការគ្រប់គ្រងរបស់បារាំង និងការឈ្លានពានពីប្រទេសជិតខាង គឺព្រះសង្ឃបានប្រើប្រាស់វត្តអារាមជាថ្នាលសម្រាប់បណ្តុះបណ្តាល និងរក្សាប្រលឹងខ្មែរ ដូចជាសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់និងចំណេះដឹងរហូតដល់បច្ចុប្បន្ន ហើយព្រះសង្ឃធ្លាប់បានចេញព្រះភ័ក្ក (ចេញមុខ) ជាច្រើនលើកច្រើនសារធ្វើបាតុកម្ម កូដកម្មតវ៉ាប្រឆាំងពីការជិះជាន់ខ្មែរពីសំណាកបរទេសរហូតមានព្រះសង្ឃធ្វើព្រះគតអង្គឯងដោយការដុតព្រះកាយទៀតផងដើម្បីការពារផលប្រយោជន៍ខ្មែរ។

ខ្ញុំមានការព្រួយបារម្ភ ហើយបានមើលឃើញពីការវិវត្តន៍នៃការបាត់បង់តម្លៃជាតិ សាសនា និងអត្តសញ្ញាណជាតិ សីលធម៌សង្គមខ្មែរយើងក្នុងមួយរយៈពេលចុងក្រោយនេះ គឺដោយសារអ្នកនយោបាយ និងការធ្វើឱ្យបែកបាក់សាមគ្គីជាតិនៅក្នុងសង្គមមួយ​ដែលធ្លាប់តែលេចធ្លោលើឆាកអន្តរជាតិកន្លងមក។ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាស្រឡាញ់ជាតិសាសន៍ គោរពព្រះពុទ្ធសាសនា និងព្រះមហាក្សត្យ បាវនាជាតិដូចដែលមានចែងរដ្ឋធម្មនុញ្ញមែននោះ ក្នុងនាមលោកជាប្រមុខបក្សប្រជាជន​ និងប្រមុខរដ្ឋាភិបាល លោកគួរតែចេញមុខចាត់វិធានការតាមផ្លូវច្បាប់ និងស្វែងរកយុត្តិធម៌ជូនជាតិ សាសនា ព្រះសង្ឃ និងព្រះមហាក្សត្រ ឬមួយដោយសារតែទង្វើរបស់លោក ខឹម វាសនា និងបក្សពួករបស់គេត្រូវនឹងអ្វីដែលបក្សប្រជាជនរបស់លោក ហ៊ុន សែន ចង់បានគឺរួមគ្នាកម្ចាត់សត្រូវរួម គឺបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋគាំទ្របក្សប្រឆាំង និងព្រះសង្ឃ ដែលភាគច្រើនមិនបោះឆ្នោតឱ្យបក្សប្រជាជន? បាវនាជាតិ នឹងអស់តម្លៃដោយសារបុគ្គលនោះ ហើយសង្គមខ្មែរនៅតែបន្តបែកបាក់ និងទីបំផុតក្លាយជាជនជាតិភាគតិចក្រោមនឹមបរទេសត្រួតត្រាដូចដែនដីចំប៉ា និងកម្ពុជាក្រោមជាក់ជាមិនខាន៕

ដោយ អ៊ំ សារី​

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required