លោក សុខ ឥសាន៖ លោក ញឹក ប៊ុនឆៃ ក្បត់សម្ព័ន្ធភាពជាមួយបក្សប្រជាជន  

លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ។

មន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចឲ្យដឹងថា រដ្ឋាភិបាលបានផ្ដាច់ទំនាក់ទំនងជាមួយប្រធានគណបក្សខ្មែររួបរួមជាតិហើយ ស្របពេលដែលមន្ដ្រីស្និទ្ធស្នាលនឹងរូបលោកជាច្រើននាក់ ក៏ត្រូវបានបញ្ចប់តំណែងពីទីប្រឹក្សារដ្ឋាភិបាល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងនៅថ្ងៃសុក្រទី២១កក្កដានេះថា រដ្ឋាភិបាល បានផ្ដាច់សម្ព័ន្ធភាពជាមួយគណបក្សខ្មែររួបរួមជាតិ ដោយថា ប្រធានគណបក្សខ្មែររួបរួមជាតិ​ លោក ញឹក ប៊ុនឆៃ មានភាពមិនស្មោះត្រង់ និងក្បត់សម្ព័ន្ធភាពជាមួយបក្សកាន់អំណាច ដោយចោទថា បានលួចទាក់ទងនឹងគណបក្សប្រឆាំង។

លោកមានប្រសាសន៍ថា៖ «ពីព្រោះឯកឧត្តម ញឹក ប៊ុនឆ័យ បានទាក់ទងដោយសម្ងាត់ជាមួយឯកឧត្តម អេង ឆៃអ៊ាង ហើយគាត់ថា ច្រឡំ ច្រឡំម៉េចកើត […]អាហ្នឹង មិនអាចបន្ទោសគណបក្សប្រជាជនបានទេ អាហ្នឹង បន្ទោសគាត់ អ្នកដែលក្បត់សម្ព័ន្ធភាពហ្នឹង»។

VOD មិនអាចទាក់ទងប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានទេ។

ប៉ុន្ដែនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងទៅ លោក ញឹក ប៊ុនឆៃ អះអាងថា លោកបានទូរសព្ទច្រលំលេខទៅមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីមុនបោះឆ្នោតឃុំសង្កាត់។ ប៉ុន្ដែលោក ញឹក ប៊ុនឆៃ បដិសេធថា លោកគ្មានទំនាក់ទំនង ឬចង់ចុះចូលជាមួយគណបក្សសង្គ្រោះឡើយ។

ករណីនេះ លោក សុខ ឥសាន ឆ្លើយតបថា រដ្ឋាភិបាលមានភស្ដុតាងច្បាស់លាស់ ដោយថា លោក ញឹក ប៊ុនឆៃ មិនទាន់ជាមនុស្សបាត់បង់ស្មារតីនោះទេ  ដូច្នេះមិនអាចចាត់ទុកជារឿង «ច្រឡំ» ឡើយ។

លោកបន្ថែមថា៖ «អញ្ចឹង មិនអាចថា ច្រឡំកើតទេ ហើយគាត់និយាយថា មាន អ៊ាង ឯណា នៅកំពង់ធំឯណានោះ គាត់ទូរស័ព្ទទៅនិយាយគ្នាមួយព្រួស ហើយថា ច្រឡំ ខ្ញុំមិនដែលឮ ឯកឧត្តម ញឹក ប៊ុនឆ័យ មិនទាន់មានជំងឺវង្វេងឯណា»។

ទោះបីជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានបកស្រាយយ៉ាងនេះក្ដី រាជរដ្ឋាភិបាលនៅតែបញ្ចប់តំណែងលោក ជាទីប្រឹក្សារដ្ឋាភិបាល រួមទាំងការបញ្ចប់តំណែងមន្ដ្រីជិតស្និទ្ធនឹងរូបលោកជាបន្ដបន្ទាប់ទៀតផង។

បើយោងតាមព្រះរាជ្យ ចុះថ្ងៃទី១៨កក្កដាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើឲ្យព្រះមហាក្សត្រចុះហត្ថលេខាបញ្ចប់តំណែងមន្ដ្រីចំនួន១២រូប ពីទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើនឹងរដ្ឋមន្ដ្រី៣រូប រដ្ឋលេខាធិការ៣រូប និងអនុរដ្ឋលេខាធិការ៦រូប។

ក្រុមមន្ដ្រីដែលត្រូវបានព្រះមហាក្សត្រ បញ្ចប់តំណែងទីប្រឹក្សារដ្ឋាភិបាលនេះ ត្រូវបានគេស្គាល់ថា ជាកូតាមកពីគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលរួមមានលោក​ គុជ ម៉ូលី លោក​ ញឹក គិមឈុន លោក កែវ រដ្ឋា និងលោក ម៉ៅ សុវណ្ណារិទ្ធិ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ