មន្រ្តីពេទ្យជាប់កិច្ចសន្យាម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានមន្ទីរសុខាភិបាល បញ្ចប់កិច្ចសន្យាកាលពីសប្តាហ៍មុន ក្រោយពេលដែលភរិយារបស់គាត់បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិ។
មន្រ្តីពេទ្យជាប់កិច្ចសន្យា លោក អ៊ូ សេងយ៉ាន់ ប្រាប់វីអូឌីថា គាត់បានចូលរួមបម្រើការងារជាមន្រ្តីពេទ្យបណ្តែតក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុនកាលពីឆ្នាំ២០០៨ ហើយលោក បានក្លាយជាបុគ្គលិកជាប់កិច្ចសន្យានៅមន្ទីរពេទ្យនេះនៅក្នុងឆ្នាំ២០១៤។ លោក អ៊ូ សេងយ៉ាន់ បញ្ជាក់ថា កិច្ចសន្យារបស់គាត់ត្រូវបញ្ចប់នៅខែមករាឆ្នាំ២០១៨ ប៉ុន្តែគាត់ទទួលបានលិខិតបញ្ឈប់ការងារ ដោយមិនមានមូលហេតុកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៧។
លោកមានប្រសាសន៍ថា៖ «ប្រធានពេទ្យថា ធ្វើតាមតែបញ្ជាថ្នាក់លើទេ។ ខាងមន្ទីរ បានបង្ខំឲ្យខ្ញុំ ដាក់លិខិតលាលែង តែមិនទាន់បានដាក់លិខិតផង ក៏ត្រូវបញ្ឈប់មុន»។
ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ មានប្រសាសន៍តាមទូរស័ព្ទថា មានតែលោក អ៊ូ សេងយ៉ាន់ ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាឲ្យបញ្ចប់កិច្ចសន្យា។ លោកមិនអាចបញ្ជាក់ពីមូលហេតុបានទេ ដោយគ្រាន់តែអះអាងថាធ្វើតាមបញ្ជាថ្នាក់លើ។
លោកថា៖ «ទាល់តែអញ្ជើញទៅសួរមន្ទីរវិញ ខ្ញុំអត់ដឹង ខ្ញុំថ្នាក់តូចជាងគេហ្នឹង ទាល់តែទៅសួរគេ (មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ)ខាងណោះបានដឹង»។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក កែវ សុភ័ក្រ្ត បដិសេធន៍សំណើរសុំជួបផ្ទាល់របស់អ្នកយកព័ត៌មានវីអូឌីនៅថ្ងៃសុក្រទី២១ខែកក្កដា។ ដោយស្នើសុំសម្ភាសន៍តាមទូរស័ព្ទ លោកឆ្លើយថា កំពុងជាប់ប្រជុំ ដោយគ្រាន់តែឆ្លើយយ៉ាងខ្លីថា ការបញ្ឈប់លោក អ៊ូ សេងយ៉ាន់ ពីការងារ គឺដោយសារតែគាត់មិនបានបំពេញការងារដោយបានត្រឹមត្រូវ។
លោកថា៖ «ការបំពេញការងារមិនបានគ្រប់គ្រាន់ គេលុបឈ្មោះចោលហើយ អត់គោរពវិន័យ ការមកបំពេញការងារអត់គោរពម៉ោង»។
លោក អ៊ូ សេងយ៉ាន់ ចាត់ទុកការបញ្ឈប់គាត់ពីការងារថាជាភាពអយុត្តិធម៌មួយ។ គាត់មានប្រសាសន៍ថា គាត់មិនដដែលទទួលបានការប្រមាន ឬហៅទៅសួរនាំម្តងណាទេ។
យោងតាមសេចក្តីសម្រេចមួយ ដែលចេញដោយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លេខ១០៥៩ ចុះហត្ថលេខាដោយប្រធានមន្ទីរលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្ត កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ បានសម្រេចលុបឈ្មោះ លោក អ៊ូ សេងយ៉ាន់ ជាមន្រ្តីជាប់កិច្ចសន្យាចេញពីបញ្ជីឈ្មោះការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យាឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៧។ ការសម្រេច ដែលបានចំលងជូនទៅក្រសួងសុខាភិបាលផងនោះ មិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ចប់នេះទេ។
បើតាមលោក អ៊ូ សេងយ៉ាន់ គាត់បានទទួលលិខិតបញ្ឈប់ពីការងារនេះ បន្ទាប់ពីលោកបានបដិសេធបញ្ចុះបញ្ចូលភរិយារបស់លោកឲ្យមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។
ភរិយារបស់លោក អ៊ូ សេងយ៉ាន់ ឈ្មោះលោកស្រី ឡាញ់ ថាវរី បច្ចុប្បន្នគឺជាមេឃុំជាប់ឆ្នោតថ្មីនៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី មកពីគណបក្សសង្រ្គោះជាតិ៕