លោក សម រង្ស៊ី ថាត្រៀមឈរពីក្រោយបក្សកាន់អំណាច​បើច្បាប់ថ្មីចូលជាធរមាន​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

អតីតមេដឹកនាំគណបក្សប្រឆំាងអះអាងថា នឹងឈរពីក្រោយបក្សប្រជាជនកម្ពុជា​ ដោយថា បើច្បាប់​ស្តីពី​គណ​បក្សនយោបាយ ដែលបង្កើតឡើងដោយមានតែវត្តមានតំណាងរាស្ត្រ​បក្សកាន់អំណាច​នោះ ​ចូល​ជា​ធរ​មាន។

កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ ព្រឹទ្ធសភាកម្ពុជា​បានប្រជុំពេញអង្គ ដោយតំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជនកម្ពុជា បាន​យល់​ព្រម​អនុម័ត​សេចក្តី​ស្នើច្បាប់ ស្តីពីគណបក្សនយោបាយ ដោយ​គ្មាន​វត្ត​មាន​​សមាជិក​ព្រឹទ្ធសភាពី​បក្សប្រឆាំងចូលរួម ខណៈសេចក្តីស្នើច្បាប់នេះ ទំនងធ្វើតាមការចង់បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដោយថា ដើម្បី​ពង្រឹង​​នីតិ​រដ្ឋ​ និងសុខ​សន្តិភាព​ជូន​ប្រជា​ពល​រដ្ឋ ទប់ស្កាត់​សង្គ្រាម​​​ពាក្យ​សំដី។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២០កក្កដាម្សិលមិញ​ អតីតមេដឹកនាំ​គណ​បក្សសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែលកំពុងនិរន្ទេសខ្លួនទៅក្រៅប្រទេស បានប្រតិកម្មទៅ​នឹងសមាជិក​ព្រឹទ្ធ​សភា មក​ពីគណបក្សកាន់អំណាច ថាបាន បើកកិ​ច្ច​ប្រជុំ​​អនុម័ត​ច្បាប់ស្តីពីគណបក្សនយោបាយជា​លើក​ទី២​នោះ​ថា សំដៅដល់រូបលោក ដោយមិនឲ្យបញ្ចេញ​មតិ​គំា​ទ្រ​គណ​បក្ស​នយោបាយ ដែលខ្លួនពេញចិត្ត និង​ឈាន​​ដល់ការរំលាយបក្សនោះចោលទៀតផង​។

ករណីនេះ លោក សម រង្ស៊ី ថា បើច្បាប់នេះ ចូលជាធរមាន លោកនឹងឈរពីក្រោយគណបក្សកាន់អំណាច។

លោកថ្លែងថា៖​ «ខ្ញុំនឹងនិយាយពីបញ្ហាប្រទេសជាតិ បើថា មានគណបក្សណាគេធ្វើល្អ ដូចថាគណបក្សប្រជា ថ្ងៃ​​ណា​មួយភ្ញាក់ខ្លួន ចេះកែតម្រូវ​ខ្លះ ខ្ញុំនឹងសសើរគណបក្សប្រជាជន ហើយបើខ្ញុំឃើញមានធ្វើល្អពីរដង បីដង ខ្ញុំនឹងសសើររហូត​ បើគណបក្សប្រជាជនបដិសេធ គណបក្សប្រជាជនគេរំលាយគណបក្សប្រជាជន​ខ្លួន​គេ​ទៅអាច ខ្ញុំសសើរគណបក្សប្រជាជន សសើរពីរដង បីដង ប្រយ័ត្នគណបក្សប្រជាជនយកច្បាប់​ហ្នឹង​ [ច្បាប់ស្តីពីគណបក្សនយោបាយ​] ត្រូវ​តែរំលាយខ្លួនឯង បើចំាតែពាក្យសម្តីរបស់ខ្ញុំ ប្រយ័ត្ន​រត់​តាម​ខ្ញុំអត់ទាន់​»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន​ មានប្រសាសន៍ថា លោក​មិនចាប់​អារម្មណ៍​នឹងការ​លើកឡើងរបស់លោក សម រង្ស៊ី នោះទេ ដោយលោកថា ​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​នេះ​និង​ចូលជាធរមាននាពេលឆាប់ៗខាងមុខ​នេះ។ លោកថា លោក សម រង្ស៊ី មិនមានឥទ្ធិពល ​ធ្វើឲ្យ​បក្ស​កាន់​អំណាច​ត្រូវ​បានរំលាយនោះទេ។

លោកនិយាយថា៖ «ច្បាប់នេះ គ្មាននិយាយចំឈ្មោះ សម រង្ស៊ី ទេ គេនិយាយថា ទណ្ឌិតដែលជាប់ថ្នាក់ មជ្ឈិម និង​ថ្នាក់ឧក្រិដ្ឋ មិនមែនតែចំពោះលោក សម រង្ស៊ី ឯណា គេដៅតែជាមួយគណបក្សមិនឲ្យទាក់ទងជា មួយ​​ទណ្ឌិតតែប៉ុណ្ណោះ អ្នកណាក៏ដឹងដែរ មានរឿងអីមកផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន ដើម្បី​ឲ្យ​គេ​រំលាយ​គណបក្ស​ប្រជាជនកើត អត់ទេ ធ្លាប់ប្រឆំាងហើយ ដូច្នេះ ខ្លួនឯង មកធ្វើជាឧប្បាយកល បើ​ពាក្យ​ឧប្បាយ​កល មិនមែនជារឿង​ធម្មតាឯណា ជារឿង​ល្បិច ព្រោះអ្នកឯងប្រើល្បិចធ្វើអញ្ចឹង នរណាគេមិនដឹង​»

តំណាងរាស្ត្រមួយរូប និងជាកូនប្រុសលោក ហ៊ុន​ សែន ក៏ធ្លាប់​ស្នើឲ្យសភាតាមដានពីប្រសិ​ទ្ធភា​ពនៃ​ការអ​នុវត្ត​​ច្បាប់ស្តី​ពីគណបក្សនយោបាយ ខណៈ​លោ​ក សម រង្ស៊ី បន្តរិះគន់ការអនុម័តច្បាប់នេះថាជា «សភាទីងមោង»។

កាលពីម្សិលមិញ គណបក្សសង្រ្គោះជាតិ បានថ្វាយលិខិតមួយ​ថ្វាយព្រះមហាក្សត្រ ក្នុងន័យស្នើកុំឲ្យព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខាលើច្បាប់ស្តីពីគណបក្សនយោបាយ​នោះ ដោយថា ​មាត្រាខ្លះនៃច្បាប់នេះ​ ជាគោលដៅ​ប្រឆាំងលោក សម រង្ស៊ី តែម្នាក់ និងថាផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា យល់ថា ច្បាប់ស្តីពីគណបក្សនយោបាយនេះ​ បង្កើតឡើង​ដើម្បី​ផាត់​លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។ លោកថា ទោះជាច្បាប់នេះចូលជាធរមាន ក៏ការអនុវត្ត​ច្បាប់នេះអាចនឹងមានភាពលម្អៀង ដោយថា កន្លងទៅការអនុវត្តច្បាប់នៅកម្ពុជា​មានស្តង់ដារពីររវាងអ្នកគំា ទ្របក្សកាន់អំណាច និងអ្នកគំាទ្របក្សប្រឆំាង។

លោកយល់ថា៖ «យើងរង់ចំាមើល ពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ទៅវិញ ព្រោះកន្លងមក​ យើងឃើញហើយ ការ​អនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរ ជាពិសេសអ្នកទោសនយោបាយ ដែលមាននៅកម្ពុជា​នោះ មាន​ន័យថា​ កន្លងមក​ អ្នកដែលគំាទ្របក្សប្រឆំាងច្រើនតែជួបបញ្ហា រីឯអ្នកគំាទ្របក្សកាន់អំណាច ហាក់​ដូចជា​ច្បាប់​មិនបានដាក់ទោសទណ្ឌ ឬក៏មានទោសស្រាលជាដើម»

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា កាលពីចុងខែ​មិថុនា​កន្លង​ទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យរដ្ឋសភាធ្វើការកែច្បាប់គណបក្សនយោបាយជាលើកទី២។

អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិនឲ្យ​មាន​ការ​ដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន បង្ហើបថា ច្បាប់នោះក៏​នឹងទប់​ស្កាត់មិន​ឲ្យមហា​អំណាច​ណាមួយ​ប្រើ​ឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ម្តង​ហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់​ពីបា​ន​ចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខ​រដ្ឋ​ស្តីទី​ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ