យោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ទោះបីជាមិនសប្បាយចិត្តខ្លះទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែ ជប៉ុនបានវិនិយោគបន្ថែមទៅក្នុងប្រទេសដ៏តូចមួយនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កាសែតបាងកកប៉ុស្តិ៍ ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍បន្តថា នៅក្នុងចំណោមតួលេខសរុបនៃការវិនិយោគពីបរទេសចូលក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៥ ប្រទេសជប៉ុនស្ថិតនៅលំដាប់ថ្នាក់ទី ៣ ជាអ្នកវិនយោគធំ ដោយមានក្រុមហ៊ុនចំនួន ២៥០។
កាសែតថៃមួយនេះ បានឲ្យដឹងទៀតថា ចិននៅតែឈរលើតារាងនៃតួលេខនោះ ដោយមានក្រុមហ៊ុនចំនួន ១០៥៥ ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ខណៈចំណាត់ថ្នាក់លេខ ២ បានទៅលើកូរ៉េខាងត្បូង ដែលមានក្រុមហ៊ុនចំនួន ២៧៨។
ការវិនិយោគរបស់ជប៉ុន មានចាប់ពីការនាំចូល និងនាំចេញ វិស័យទេសចរណ៍ រោងចក្រ សេវាប្រឹក្សាយោបល់ និងអចលនទ្រព្យ រហូតដល់វិស័យកសិកម្ម និងសំណង់៕