ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង​លាបពណ៌អ្នកកាទូតចុះចូលកូរ៉េខាងត្បូងថាជាជនល្មើសរំលោភកុមារ

លោក ថែ យ៉ុង​ហូ ដែលជា​អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុង​ដ៍(រូបភាពពីទីភ្នាក់ងារ​សារព័ត៌មានChannel News Asia)

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញ បានចោទប្រកាន់អ្នកកាទូតម្នាក់ដែលបានចុះចូលនឹងកូរ៉េខាងត្បូង ថាបានរត់គេចចេញពីការផ្ដន្ទាទោសចំពោះបទល្មើសជាច្រើន ក្នុងនោះមានបទល្មើសរំលោភសេពសន្ធវៈកុមារផងដែរ ដែលនាំឲ្យក្រុងព្យុងយ៉ាងស្វែងរកការធ្វើបត្យាប័នអ្នកកាទូតរូបនោះ។ នេះដោយយោងតាមការផ្សាយបន្តរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់វិចារណកថាមួយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ដែលពុំបានបង្ហាញឈ្មោះអ្នកកាទូតរូបនោះទេ ប៉ុន្តែ កាលពីថ្ងៃពុធកន្លងមកនេះ កូរ៉េខាងត្បូង បានប្រកាសថា លោក ថែ យ៉ុងហូ ដែលជាអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ បានទៅដល់ប្រទេសកូរ៉េខាងត្បូងជាមួយក្រុមគ្រួសាររបស់គាត់។

យោងតាមរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ថែ គឺជាអ្នកកាទូតថ្នាក់ខ្ពស់ដែលបានផ្ដាច់ខ្លួនពីក្រុងព្យុងយ៉ាង ហើយចុះចូលនឹងកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងបាននិយាយថា ជនរត់គេចខ្លួននេះ ត្រូវកោះហៅកាលពីខែមិថុនា ឲ្យចូលបំភ្លឺការកិបកេងមូលនិធិរដ្ឋដ៏ច្រើន លក់កិច្ចការសម្ងាត់របស់រដ្ឋ និងរំលោភផ្លូវភេទកុមារ។

ទីភ្នាក់ងារព័ត៌មានដដែលនេះ បាននិយាយថា កូរ៉េខាងជើង បានប្រាប់ក្រុងឡុងដ៍ អំពីអ្វីដែលក្រុងព្យុងយ៉ាងនិយាយថា គឺជាបទល្មើសរបស់លោក ថែ ហើយស្នើឲ្យក្រុងឡុងដ៍បញ្ជូនលោក ថែ ទៅឲ្យក្រុងព្យុងយ៉ាង។

ផ្ទុយទៅវិញ KCNA បានផ្សាយថា អង់គ្លេសបានធ្វើឲ្យខូចឈ្មោះខ្លួនឯងក្នុងឋានៈជាប្រទេសគោរពច្បាប់មួយ តាមរយៈការប្រគល់ជនរត់គេចខ្លួនរូបនោះដោយគ្មានលិខិតឆ្លងដែន ទៅកាន់របបអាយ៉ង់កូរ៉េខាងត្បូង និងពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារអ្នកកាទូតដែលរស់នៅក្នុងប្រទេសរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស ពុំបានថ្លែងអ្វីៗភ្លាមដែរ។ លោក ថែ និងក្រុមគ្រួសាររបស់លោក ស្ថិតនៅក្រោមការការពាររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ហើយមិនអាចទាក់ទងសុំការបកស្រាយបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ