មេដឹកនាំ​ហ្វីលីពីន​គំរាម​ចាកចេញ​ពី​អង្គការសហប្រជាជាតិ​ក្រោយ​រង​ការរិះគន់​

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញ​សារព័ត៌មានChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានតវ៉ាទៅនឹងអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីស្ថាប័នកំពូលមួយនេះ អំពាវនាវឲ្យបញ្ចប់ការបាញ់សម្លាប់មនុស្សនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដោយនិយាយថា លោកអាចចាកចេញពីអង្គការកំពូលមួយនេះ ហើយអញ្ចើញចិន និងប្រទេសដទៃទៀត ឲ្យបង្កើតអង្គការថ្មីមួយ។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ២រូប កាលពីសប្ដាហ៍មុន បានជំរុញឲ្យក្រុងម៉ានីលបញ្ឈប់ការកាត់ទោសមនុស្សក្រៅប្រព័ន្ធតុលាការ និងការសម្លាប់មនុស្ស ដែលចេះតែបន្តកើនឡើង ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី តាមរយៈការសន្យាបោសសម្អាតគ្រឿងញៀន កាលពីខែឧសភាកន្លងមក។

យោងតាម Reuters ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនប្រហែល ៩០០នាក់ហើយ ត្រូវបានគេសម្លាប់ ចាប់តាំងពីលោក Duterte ចូលកាន់អំណាច ក្រោយឈ្នះការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា កន្លងមក។

លោក Duterte កាលពីថ្ងៃសុក្រកន្លងមក បានបដិសេធថា រដ្ឋាភិបាលមិនទទួលខុសត្រូវនោះឡើយ ហើយនៅក្នុងសន្និសីទសារព័ត៌មាននៅឯស្រុកកំណើតរបស់គាត់នៅទីក្រុង Davao លោក Duterte បាននិយាយថា ប៉ូលិសមិនមែនជាអ្នកសម្លាប់អ្នកទាំងនោះទេ ហើយលោកបានអញ្ចើញអ្នកជំនាញអង្គការសហប្រជាជាតិ ឲ្យទៅស៊ើបអង្កេតដោយខ្លួនឯង។

សន្និសីទសារព័ត៌មាននោះ ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហើយមានបង្ហោះនៅលើទំព័រហ្វេសប៊ុក GMA ផងដែរ។

លោក Duterte ថ្លែងថា៖ «ខ្ញុំនឹងបង្ហាញទៅពិភពលោកថា អ្នកគឺជាអ្នកជំនាញឆ្កួតណាស់»។ លោកបានជំរុញឲ្យអ្នកជំនាញទាំងពីររូបនោះ កុំឲ្យរាប់ត្រឹមចំនួនអ្នកស្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែ ក៏ត្រូវរាប់បញ្ចូលទាំងជីវិតជនស្លូតត្រង់ដែលបាត់បង់ដោយសារគ្រឿងញៀន។

លោក Duterte បន្ទាប់មក បានចាប់ផ្ដើមវាយប្រហារទៅលើអង្គការសហប្រជាជាតិ និងសមាជិករបស់ខ្លួន ក្នុងនោះមានក្រុងវ៉ាស៊ីងតោន ដែលជាសម្ព័ន្ធជិតស្និទ្ធរបស់ក្រុងម៉ានីល ផងដែរ ដោយលោកនិយាយថា អង្គការសហប្រជាជាតិ មិនអាចបំពេញអាណត្តិរបស់ខ្លួនបានទេ ប៉ុន្តែ កំពុងព្រួយបារម្ភអំពីគំនរឆ្អឹងរបស់ឧក្រិដ្ឋជន។

លោកថ្លែងថា៖ «ខ្ញុំមិនចង់ជេរអ្នកទេ។ ប៉ុន្តែ យើងអាចនឹងត្រូវសម្រេចចិត្តផ្ដាច់ខ្លួនពីអង្គការសហប្រជាជាតិ។ ហេតុអ្វីអ្នកត្រូវស្ដាប់អ្នកជំនាញឆ្កួតៗនេះ?»។

ដោយបានរិះគន់ទៅលើអង្គការសហប្រជាជាតិ ថាមិនបានខិតខំដោះស្រាយភាពស្រេកឃ្លាន និងអំពើភេរវកម្ម និងមិនអាចធ្វើអ្វីនៅស៊ីរី និងអ៊ីរ៉ាក់ និងអនុញ្ញាតឲ្យពួកមហាអំណាចទម្លាក់គ្រាប់បែកកម្ទេចភូមិស្រុក និងសម្លាប់ជនស៊ីវិលស្លូតត្រង់នោះ លោក Duterte ថ្លែងថា លោកនឹងអញ្ចើញចិន និងប្រទេសនៅអាហ្វ្រិក ឲ្យបង្កើតអង្គការសកលមួយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ