លោក ហ៊ុន សែន ថា​គណបក្សប្រឆាំង​ធ្វើ​នយោបាយ​សម្លាប់​កម្មករ

លោក ហ៊ុន សែន ជួបជាមួយកម្មករនៅកោះពេជ្រកាលពីពេលកន្លងទៅ រូបភាពពីហ្វេសប៊ុក

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​មានប្រសាសន៍ថា គណបក្សប្រឆាំងបាន​ធ្វើ​នយោបាយ​សម្លាប់​កម្មករ​ ដោយ​ថាការ​អំពាវ​នាវ​ផ្សេង​ៗ ​ទៅ​ដល់​សហគមន៍​អឺរ៉ុប ឲ្យ​ឈប់​ទទួល​ការ​នាំចូលទំនិញ​​ពី​កម្ពុជា និង​ការ​ទាម​ទារឲ្យក្រុមកម្មករចេះប្រើប្រាស់សិទ្ធិនានា ​ជានយោបាយ​ដែល​កំពុង​តែ​សម្លាប់​កម្ម​ករ​កម្ពុជា។

នៅក្នុងពិធី​ជួប​សំណេះសំណាល​ជា​មួយ​កម្ម​ករ​ជិត៤ពាន់​នាក់ កាលពី​ថ្ងៃ​២០សីហា​ម្សិល​មិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​បញ្ជាក់​​ថា ការ​ធ្វើ​នយោបាយ​របស់​បក្សប្រឆាំង គឺ​ជា​នយោបាយ​ដែល​សម្លាប់​កម្ម​ករ ដោយ​ថា រាល់​ការ​​ថ្លែងសារ និង​ការជម្រុញផ្សេងៗ ​របស់​គណបក្ស​នេះ ​សុទ្ធ​តែ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​កម្ម​ករ​បាត់​បង់​ការ​ងារ​របស់ខ្លួន។

លោក​មានប្រសាសន៍ថា៖ «ឥឡូវ​ទៅ​សួរពួក​ប្រឆាំង​ទៅ​ តើ​គេ​បាន​ធ្វើ​រឿង​ហ្នឹង​ពិត​ឬ​អត់? សុំ​កុំ​ផ្តល់​ជំនួយ​ដើរ​ទៅ​សុំ​គ្រប់​កន្លែង សុំ​កុំ​ធ្វើ​ការ​វិនិយោគ​ដើរ​និយាយ​គ្រប់​ក​ន្លែង រហូត​ចុង​ក្រោយ​ទៅ​សុំ​សហភាព​អឺរ៉ុប​ កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា អាហ្នឹង​បី​កុំ ឯ​បី​ទារ ទារ​អី​? ទី​មួយ​ ទារ​ឲ្យ​ដូរ ទី​ពី​រ ទារ​ឡើង​ប្រាក់​ខែ ទី​បី​ ទារ​ធ្វើ​បាតុកម្ម។ បី​កុំ​ បី​ទារ ឥឡូវ​ទ្រឹស្តីវាអញ្ចឹង ហើយ​​យក​ទៅ​និយាយ​ជា​មួយ​ពួក​ប្រឆាំង​ទៅ​! ពួក​ប្រឆាំង​ចេះ​ប៉ុនហ្នឹង។ រួច​ហើយ​ក្មួយ​ៗ​មួយ​ចំនួន​ ទៅ​ចាញ់​បោកគេ​ទៅ​ទៀត​! ដោយ​សារ​បក្សប្រឆាំងទារ​បាន​អញ​ឡើង​ប្រាក់​ខែ នែក​ទៅ​ឆ្កុយ​អញ្ចឹង​ទៅ អាឯង​នេះ ប្រឹង​ចង់​ស្លាប់!»។

កាលពី​ខែ​កក្កដាឆ្នាំ​២០១៦ មានការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​ថា ​លោក​ សម រង្ស៊ី ដែល​កាលនោះ ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​សមាជិក​សភា​សហភាព​អឺរ៉ុប​ ដោយ​ស្នើ​ឲ្យ​ប្រទេស​នៅ​សហ​ភាព​​អឺរ៉ុប​ទាំង​នោះ ​ឈប់​នាំ​ចូល​សម្លៀក​បំពាក់​ពីកម្ពុជា។ ករណីនេះ ​​លោក​ សម រង្ស៊ី បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ទាំង​នោះ ដោយថា លោក​មិន​បាន​ថ្លែង​ដូច​ការ​ចុះ​ផ្សាយ​ទាំង​នោះ​ទេ។

អ្នក​នាំពាក្យ​គណបក្សសង្គ្រោះ​ជាតិលោក យឹម សុវណ្ណ មាន​ប្រសាសន៍​ប្រាប់​វីអូឌី​ថា គោល​នយោបាយ​របស់​គណបក្សសង្គ្រោះ​ជាតិ​គ្មាន​ចេតនា​ ឬ​គោល​បំណង​ណា​មួយ ​ក្នុងការ​បំផ្លាញ​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​នោះ​ទេ។

លោក​មានប្រសាសន៍បន្ថែម​ថា ប្រសិន​ជា​គណបក្ស​ប្រឆាំង​ធ្វើ​នយោ​បាយ​ខុស​មែននោះ​ គួរណាស់​តែ​គណបក្សប្រជាជន​ ចូល​រួម​ធ្វើ​ច្បាប់ ដែល​អាច​អនុញ្ញាត្តិ​ឲ្យ​ពល​ករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អាច​​បោះឆ្នោត​បានផង។

លោក​ថា៖ «យើ​ង​មិន​បាន​ធ្វើ​ខុស​ដូ​ចដែល​អ្វី​ ដែលគាត់​និយាយ​នោះ​ទេ គឺប្រជាពល​រដ្ឋ​គាត់បាន​ធ្វើ​ការ​វាយ​​តម្លៃ ផ្តល់​សេចក្តី​ទុក​ចិត្តផ្តល់​ការ​គាំទ្រ​ម្តង​ៗ ហ្នឹង​ហើយ។ ទីពីរ​ បើ​គាត់​មាន​ជំនឿរ​ថា គណ​បក្ស​សង្គ្រោះ​​ជាតិ​ធ្វើ​ខុស គួរ​ណាស់​តែ​ គាត់​រៀប​ចំ ធ្វើ​ម៉េច​រៀប​ចំ​ សហការតំណាង​រាស្ត្រ​គណបក្សទាំង​ពីរ​ហ្នឹង​រៀប​ចំ​​ ឲ្យ​កម្ម​ករ​ប្រទេស​ជាងពីរ​លាន​នាក់​ហ្នឹង​ទៅ​ បោះឆ្នោត​បាន​ផង​ទៅ ព្រោះ​គេ​នឹង​បោះឲ្យ​អ្នក​ដែល​ធ្វើ​ល្អ គេមិន​បោះ​ឲ្យ​អ្នក​ដែល​ធ្វើ​មិន​ល្អ​នោះ​ទេ! កាលណា​ធ្វើ​ល្អ ហើយ​គណបក្សប្រជា​ជន​មាន​ជំនឿ​ថា​អាច​​ហ្នឹង​មាន​ការ​គាំទ្រ​អញ្ចឹង អញ្ចឹង​ខ្ញុំ​សុំ​ឲ្យ​បន្ថែម​ការ​ចាប់​អារម្មណ៍ ដល់​កម្ម​ករ​ជិត​ពីរ​លាន​នាក់​ហ្នឹង​បោះឆ្នោត​បាន​ផង​ទៅ»។

របាយការណ៍ចុង​ក្រោយនៃ​បេឡាជាតិរបប​សន្តិសុខសង្គម បង្ហាញ​ថា កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​សព្វ​ថ្ងៃ​មាន​ចំនួន​៨០ម៉ឺន​នាក់​ នៅ​ក្នុងក្រុម​ហ៊ុន​រោង​ចក្រ​កាត់ដេរ​ចំនួនជាង១០០០​។

នៅក្នុងជំនួបជាមួយក្រុមកម្មករជាលើកដំបូង កាលពីម្សិល​មិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បាន​ប្រកាស​ថា នៅ​ឆ្នាំ​២០១៨ខាងមុខ ​ប្រាក់​ឈ្នួល​​អប្បបរមារបស់​កម្ម​ករ ​គឺអាច​ឡើង​ដល់​១៦៨​ដុល្លារ​ក្នុងមួយខែ ​នឹងក្រុមកម្មករ ក៏នឹង​ទទួល​បាន​​សេវា​ធានា​រ៉ាប់​រង​សុខភាព ពី​ម្ចាស់​ក្រុម​ហ៊ុន រួម​ទាំង​ទទួល​បាន​សេវា​ជិះ​រថយន្ត​ក្រុង​សាធារណៈដោយ​ឥតគិត​ថ្លៃ​សម្រាប់​​រយៈ​ពេល​២ឆ្នាំ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ