អ្នក​រិះគន់​លោក ឌូទ័រតេ រង​ការ​ចោទ​ថា​បាន​ស៊ី​សំណូក​ពី​ពិរុទ្ធជន​ក្នុង​ពន្ធនាគារ

សមាជិក​ព្រឹទ្ធ​សភា អ្នក​ស្រី លីឡា ដេ លីម៉ា (រូបភាពពី Reuters)

ជនល្មើសហ្វីលីពីនកាលពីថ្ងៃម្សិលមិញបានប្រាប់ទៅកិច្ចប្រជុំសភាថា ពួកគេបានសូកប៉ាន់អតីតរដ្ឋមន្ត្រីយុត្តិធម៌ និងអ្នករិះគន់ប្រឆាំងប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទ័រតេ ដែលប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រឹងរបស់គាត់ ក្នុងការស៊ើបអង្កេតទៅសង្គ្រាមគ្រឿងញៀនដ៏បង្ហូរឈាមរបស់ប្រទេសនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters បានឲ្យដឹងថាសមាជិកព្រឹទ្ធសភា អ្នកស្រី លីឡា ដេ លីម៉ា ត្រូវបានគេបំបិទសំឡេង ចាប់តាំងពីអ្នកស្រីព្យាយាមឲ្យលោក ឌូទ័រតេ ទទួលខុសត្រូវចំពោះការបង្ក្រាបទៅលើគ្រឿងញៀន ដែលបានសម្លាប់មនុស្ស៣,៨០០នាក់ ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីចុងខែមិថុនាកន្លងមក។

ទីភ្នាក់ងារព័ត៌មាន Reuters បានបន្តថា ទណ្ឌិតប្លន់ធនាគារ ហ័រប៊ឺត ខូឡេងកូ បានប្រាប់សភាថា រូបគេបានបង់ប្រាក់ជិត៥ម៉ឺនផោនក្នុងមួយខែចាប់តាំងពីខែតុលាឆ្នាំ២០១៣ ទៅដល់អ្នកស្រី ដេ លីម៉ា ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអាចរៀបចំការប្រគុំតន្ត្រីនិងលក់ស្រាបៀរដល់ពិរុទ្ធជន។

Reuters បានដកស្រង់សម្ដីទណ្ឌិតរូបនេះដែលបាននិយាយថា រូបគេបានបើកបនបេស្យានិងត្រូវបានបង្ខំឲ្យលក់គ្រឿងញៀន ដើម្បីប្រមូលលុយសម្រាប់យុទ្ធនាការបោះឆ្នោតរបស់អ្នកស្រី ប៉ុន្តែរូបគេបានបដិសេធ។

អ្នកស្រី ដេ លីម៉ា បដិសេធយ៉ាងដាច់ខាតនូវរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងអ្នកស្រី ដោយនិយាយថា សាក្សីគឺជាអ្នកទោសនិងជាអតីតមន្ត្រីពន្ធនាគារ ដែលត្រូវបានគូប្រជែងនយោបាយរបស់អ្នកស្រី ដាក់សម្ពាធទៅលើរូបគេឲ្យនិយាយបែបនោះ។

បើតាម Reuters សក្ខីកម្មនៅសភាកាលពីថ្ងៃម្សិលមិញនេះបានកើតឡើងមួយថ្ងៃក្រោយពីក្រុមសមាជិកព្រឹទ្ធសភាបានបោះឆ្នោតដកអ្នកស្រី ដេ លីម៉ា ពីតំណែងជាប្រធានគណៈកម្មាធិការស៊ើបអង្កេតសង្គ្រាមគ្រឿងញៀន ជាយុទ្ធនាការរងការថ្កោលទោសពីអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្ស ប៉ុន្តែបែរជាទទួលបានការអបអរពីសំណាក់ពលរដ្ឋហ្វីលីពីនដែលធុញទ្រាន់ទៅនឹងគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ