មេដឹកនាំ​ហ្វីលីពីន​ លោក ឌូទើតេ ប្រកាស​ចែក​ផ្លូវ​គ្នា​ពី​អាមេរិក

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានប្រកាសកាលពីថ្ងៃម្សិលមិញពីទីក្រុងប៉េកាំង ពី “ការចែកផ្លូវគ្នា” ពីសម្ព័ន្ធមិត្តចាស់វស្សាអាមេរិក ខណៈដែលមេដឹកនាំរូបនេះ កំពុងកសាងតុល្យភាពកាទូតប្រទេសរបស់លោក តម្រង់ឆ្ពោះទៅរកប្រទេសចិន។

ការប្រកាសដូច្នេះរបស់លោក ឌូទើតេ ត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្ដីយកមកចុះផ្សាយ ខណៈដែលមេដឹកនាំហ្វីលីពីនរូបនេះ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសចិន។

លោក ឌូទើតេ បានថ្លែងពីទីក្រុងប៉េកាំងថា៖ “ខ្ញុំសូមប្រកាសពីការចែកផ្លូវរបស់ខ្ញុំពីសហរដ្ឋអាមេរិក។ អាមេរិកមិនមែនជាអ្នកគ្រប់គ្រងជីវិតយើងនោះឡើយ”។ លោកបន្តថា៖ “តើអ្នកឯងក្លាយជាប្រទេសមហាអំណាចឧស្សាហកម្មខ្លាំងបំផុតយ៉ាងម៉េច នៅពេលអ្នកឯងជំពាក់លុយចិន ហើយអ្នកឯងមិនសងគេផង?”។

លោក ឌូទើតេ ថ្លែងដូច្នេះ បន្ទាប់ពីលោកបានជួបជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ី ជិនពីង នៅឯមហាវិមានប្រជាជន នៅទីលានធៀនអានមេន ដោយមេដឹកនាំទាំងពីរសន្យាពង្រឹងទំនុកចិត្ត និងមិត្តភាព ខណៈមេដឹកនាំទាំងពីរព្យាយាមមិននិយាយដល់បញ្ហាជម្លោះដែនទឹកនោះឡើយ។

លោក ស៊ី បានចាត់ប្រទេសទាំងពីរជា “អ្នកជិតខាងរំលងសមុទ្រ” ដោយគ្មានហេតុផលអ្វីដែលត្រូវប្រទូសសរ៉ាយ ឬប្រឈមមុខដាក់គ្នានោះឡើយ។

ស្ថិតនៅក្រោមរដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតី Benigno Aquino ទំនាក់ទំនងហ្វីលីពីន និងចិន បានជាប់គាំងជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ប៉ុន្តែ ចាប់តាំងពីលោក ឌូទើតេ ឡើងកាន់អំណាចកាលពីចុងខែមិថុនាកន្លងមក គោលនយោបាយការបរទេសហ្វីលីពីន បានផ្លាស់ប្ដូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ