វិភាគ៖ ឥទ្ធិពលនយោបាយក្នុង​ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ឲ្យ​មានភាព​ស្រពិចស្រពិលនៃ​វត្ត​មានរបស់លោក កឹម សុខា ​ក្នុង​កិច្ច​ប្រជុំសភាពេញអង្គ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

រដ្ឋសភាបានអនុម័តបន្តសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៥នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកាឆ្នាំ២០១៦។ ក្នុងការបន្តសម័យប្រជុំនេះ សភានឹងពិភាក្សានិងអនុម័តលើរបៀបវារសំខាន់៣។ របៀបវារៈទី១គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ របៀបវារទី២គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងរបៀបវារទី៣គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

នៅក្នុងពិធីសម្ភោធន៍ផ្លូវជាតិលេខ៧៦តភ្ជាប់ខេត្តរតនគីរីនិងខេត្តមណ្ឌលគីរីនៅព្រឹកថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាក់ថា លោកនឹងចូលរួមកិច្ចប្រជុំសភានៅថ្ងៃព្រឹកថ្ងៃអង្គារ។ កាលពីថ្ងៃសុក្រចុងសបា្តហ៍មុន ប្រធានស្តីទីគណបក្សសង្រ្គោះជាតិគឺលោក កឹម សុខា ក៏បានបង្ហាញពីបំណងរបស់លោកក្នុងការចូលរួមប្រជុំសភាផងដែរ។

វាហាក់នៅមានភាពស្ទាក់ស្ទើរសម្រាប់លោក កឹម សុខាថាតើត្រូវប្រថុយធ្វើដំណើរទៅចូលរួមប្រជុំសភាឬមិនគួរទៅ។

បើតាមលោក យ៉ែម បុញ្ញប្ញទ្ធិ លោក កឹម សុខា បានបង្ហាញពីបំណងចូលរួមកិច្ចប្រជុំសភានេះ ប៉ុន្តែរហូតដល់ម៉ោង៤ល្ងាចថ្ងៃចន្ទលោកមិនអាចបញ្ជាក់បានទេថាតើលោកកឹម សុខានឹងចូលរួមសម័យប្រជុំសភានៅថ្ងៃអង្គារឬយ៉ាងណា។ ប៉ុន្តែលោកបានបញ្ជាក់ថាសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនឹងចូលរួមប្រជុំសភានៅថ្ងៃអង្គារ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងអ្នកវិភាគមើលឃើញថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិប្រហែលជានៅមានការបារម្ភពីការចាប់ខ្លួនដែលអាចនឹងកើតមានឡើង។

លោកមេធាវី សុខ សំអឿនបកស្រាយផ្លូវច្បាប់ថានឹងមិនអាចមានការចាប់ខ្លួនកើតឡើងចំពោះលោក កឹម សុខាទេ។ ក៏ប៉ុន្តែលោកនៅមានភាពស្ទាក់ស្ទើរនៅពេលដែលការបកស្រាយច្បាប់បានក្លាយទៅជារឿងនយោបាយ។

លោកថា៖ «តាមផ្លូវច្បាប់លុះត្រាតែគាត់ត្រូវបានដកអភ័យឯកសិទ្ធិ ហើយមួយវិញទៀតទាល់តែទោសទណ្ឌរបស់គាត់ចូលជាស្ថាពរ។ តែឡូវរឿងច្បាប់ហ្នឹងអ្នកមានអំណាចចេះតែបកស្រាយបានចេះតែបកស្រាយ ដល់ចឹងទៅវាទៅជារឿងនយោបាយវិញមិនមែនរឿងច្បាប់ទម្លាប់»

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចចិត្តមិនចូលរួមប្រជុំសភាតាំងពីចុងខែឧសភា ឆ្នាំ២០១៦មក នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា ដោយបក្សនេះសំអាងថា រដ្ឋាភិបាលកំពុងរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។

កាលពីថ្ងៃទី២៦ តុលាគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា បានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមានក្នុងពេលប្រជុំពេញអង្គ និងប្រជុំអចិន្ដ្រៃយ៍នៃរដ្ឋសភា។

លោកបណ្ឌិត ចាន់ វិបុល អ្នកឯកទេសផ្នែកវិទ្យាសាស្រ្តនយោបាយមើលឃើញថាគណបក្សសង្គ្រោះជាតិហាក់មិនមានជម្រើសក្រៅតែពីការចូលរួមប្រជុំសភា។ ក៏ប៉ុន្តែការសម្រេចរបស់ប្រធានស្តីទីគណបក្សនេះគឺជាសិទ្ធិរបស់គាត់។

លោកថា៖ «គណបក្សសង្គ្រោះជាតិហាក់ដើរមកដល់ចំណុចមួយទាល់ច្រក។ ប្រធានគណបក្សនេះក៏កំពុងតែនីរទេស ហើយករណីរបស់លោក កឹម សុខាក៏មិនទាន់ដឹងថាត្រូវសម្រេចដូចម្ត៉េច»។

លោក កឹម សុខា បានគេចចេញពីការចាប់ខ្លួនរបស់កំលាំងសមត្ថកិច្ចរដ្ឋាភិបាលកាលពីខែឧសភា ដោយបានស្នាក់នៅក្នុងទីស្នាក់កាលកណ្តាលគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខាបានបង្ហាញខ្លួនជាសាធារណៈកាលពីនៅពេលលោកទៅចុះឈ្មោះបោះឆ្នោតឯសង្កាត់ចក្រអង្រែលើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

បើតាមលោកបណ្ឌិតចាន់ វិបុល ទោះបីជាលោកកឹម សុខាធ្វើដំណើរទៅចូលរួមប្រជុំសភា ក៏រដ្ឋាភិបាលនឹងមិនចាប់ខ្លួនគាត់ឡើយដោយហេតុផលថា អ្នកគាំទ្រគណបក្សសង្រ្គោះអាចនឹងផ្តុំគ្នាដើម្បីការពារលោក កឹម សុខា ហើយវាធ្វើឲ្យខាតនយោបាយរបស់គណបក្សប្រជាជនទៅវិញ។

នាយកប្រតិបត្តិនៃគណកម្មាធិការដើម្បីឃ្លាំមើលការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាហៅកាត់ថាខមហ្វ្រែល លោក គល់ បញ្ហា មើលឃើញថាកាលបើលោកកឹម សុខាអាចនឹងចូលរួមប្រជុំសភាដោយសុវត្ថិភាពនោះវាបង្ហាញនៅរូបភាពមួយនៃការចរចាផ្នែកនយោបាយ។ លោកថាទោះយ៉ាងណាស្ថានភាពនៅតែពិបាកស្មានដឹង។

«នៅប្រទេសកម្ពុជាហានីភ័យមិនអាចប៉ាន់ប្រមាណបានទេ ដោយសារតែប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ ហើយអ្នកអនុវត្តច្បាប់មានការពាក់ព័ន្ធនឹងនយោបាយជ្រាលជ្រៅពេក។ ចឹងគេមិនអាចគិតទុកមុនកើតទេ។ ចឹងហានីភ័យវាខ្ពស់។»

មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសចុងឆ្នាំ២០១៥ ដើម្បីគេចចេញពីការតាមចាប់ខ្លួន។ កាលពីដើមខែតុលា លោក សម រង្ស៊ីបានបង្ហាញពីចេតនារបស់លោកដើម្បីវិលមកកាន់ប្រទេសកម្ពុជាវិញ។ ប៉ុន្តែបើតាមសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១២ ខែតុលា ហើយដែលបង្ហោះតាមគេហទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី បានបញ្ជាក់ថារដ្ឋាភិបាលបានចាត់វិធានការដើម្បីរារាំងការវិលត្រឡប់មកកម្ពុជាវិញរបស់លោកសម រង្ស៊ី។

ដោយឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានVODថាតើ លោក កឹម សុខាគួរតែទៅចូលរួមប្រជុំសភានៅថ្ងៃអង្គារឬទេ? លោក គល់ បញ្ហាមានប្រសាសន៍ថាក្នុងតួនាទីរបស់អ្នកតំណាងរាស្រ្តត្រូវតែចូលរួម និងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ