សភា​កំណត់​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប្រគល់​សម្ភារៈ​វិញ ក្រោយ​បក្ស​ត្រូវ​រំលាយ

រដ្ឋសភា (គឹម ហុង)

សភា​បក្ស​កាន់​អំណាច បាន​ប្រកាស​ប្រមូល​សម្ភារៈ​របស់​រដ្ឋ​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បន្ទាប់​ពី​បក្ស​នេះ ត្រូវ​បាន​​សម្រេច​រំលាយ​ចោល​កាល​ពី​សប្ដាហ៍​មុន។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សំឡេង​ជំទាស់​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ថ្នាក់​ដឹកនាំ និង​សមាជិក​សរុប ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវបាន​ហាម​ឃាត់​ការ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​​ទៀត​ផង។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ដែល​មាន​តែ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ប្រាប់​ទៅ​ក្រុមតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រគល់​សម្ភារៈ​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ នៅ​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​នេះ។

ទោះ​ជាយ៉ាងណា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​កាល​ពី​សប្ដាហ៍​មុន សហគមន៍​អន្តរជាតិ មាន​ទាំង​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។

សហគមន៍​អន្តរជាតិ ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​បក្ស​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ​នោះ។

ប៉ុន្តែ ប្រទេស​ចិន​កុម្មុយនីស្ត​បាន​គាំ​ទ្រ​ចំណាត់​ការ​របស់​កម្ពុជា ដោយ​ថា ជា​ការ​រក្សា​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ