សកម្មជនបរិស្ថានថា បទល្មើសព្រៃកើនឡើងនៅអំឡុងពេលមានវិបត្តិនយោបាយ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:17 PM | បរិស្ថាន | 0 | 6695 (រូបភាពពីសហគមន៍សង្ឃរុក្ខវ័នក្នុងខេត្តឧត្តមានជ័យចាប់បទល្មើសព្រៃឈើ)

សកម្មជនបរិស្ថាន អះអាងថា ខណៈពេល​ស្ថានការណ៍​នយោបាយ​កំពុង​តែ​មាន​ភាព​តាន​តឹង​ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​មួយ​ចំនួន​ក៏​បាន​កើនឡើង​ខ្លាំងដែរ ដោយថា អាជ្ញាធរពុំបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។

បណ្តាញនិសិត្សឯករាជ្យដែលធ្វើការការពារបរិស្ថាន និងប្រឆាំងការជួញដូរឈើខុសច្បាប់ លោក ហេង ស្រស់ ឲ្យដឹងថា រយៈ​ពេល​ប៉ុន្មានខែចុងក្រោយនេះ សកម្មភាពកាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ពីតំបន់ព្រៃឡង់ ព្រៃ​ព្រះ​រកា និង​តំបន់​ផ្សេង​ទៀត ត្រូវ​បាន​លោក​កត់​សម្គាល់​ឃើញ​ថា កើនឡើង។

លោកបន្ថែមថា៖ «បើតាមពួកខ្ញុំចុះតាមដាន មើលទៅរូបភាព​នៃការកាប់ឈើខុសច្បាប់ទាំងអស់ហ្នឹង មិនមានការកាត់បន្ថយទេ វាមានតែកើតឡើងលើសដើមថែមទៅទៀត។ បើតាមខ្ញុំដឹងហ្នឹង គឺវាមានច្រើនករណី មាន​ការ​ដឹក​ចេញ​ពី​ព្រៃ​ដោយ​ឲ្យ​ប្រជាពលរដ្ឋហ្នឹងជាអ្នកចូលកាប់ ហើយដឹកយកមកចែកចាយតាមដេប៉ូនានានៅក្នុងប្រទេសកម្ពុជា។  មួយ​ទៀត​ការ​ដឹក​លក្ខណៈ​ទ្រង់ទ្រាយធំ​នោះ គឺ​ការចេញរថយន្តកុងតឺន័រ​យីឌុប ឆ្លងដែនទៅប្រទេសជិតខាង ហើយ​តំបន់​ដែល​បទ​ល្មើស​កើត​ឡើង​ខ្លាំង​ជាង​គេ គឺនៅព្រៃព្រះរកា»។

តំណាងសហគមន៍ព្រៃព្រះរកាក្នុងខេត្តព្រះវិហារ អ្នកស្រី រឿន ខាន់ បាន​ឲ្យ​ដឹង​ថា ការឃុបឃិតគ្នាប្រព្រឹត្តិអំពើពុលរលួយ​រវាង​ជន​ល្មើស និងអាជ្ញាធរនៅ​តំបន់​ព្រៃ​ព្រះរការ គឺ​ជា​មូល​ហេតុ​នៃ​កំណើន​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ទីនោះ។

អ្នកស្រីបន្ថែមថា៖ «ពួកមន្រ្តីប៉ូលីស ប៉េអឹមខ្លះ គេមានលេខអ្នកកាប់ឈើ ហើយគេស៊ីញ៉ូ​គ្នាដូចថា ពេលសហគមន៍ចូលព្រៃ គេ​ប្រាប់​មុខហើយថា កុំឲ្យដឹក កុំឲ្យចូលព្រៃ ចាំសហគមន៍ចេញចូលភូមិវិញ ចាំទៅអាទៀត។ អញ្ចឹង​គិត​មើលៗ បើ​ធ្វើ​តែ​បែប​នេះ ការពារ​អត់បានទេព្រៃព្រះរកានេះនោះ។ ប្រសិនយើងស្រលាញ់ទាំងអស់គ្នា រួមកម្លាំងគ្នាទាំងប៉ូលីស ប៉េអឹម បរិស្ថាន និង សហគមន៍​ធ្វើការរួមគ្នានោះ ទើបវាបានល្អ។ ប៉ុន្តែនេះ​អត់​ទេ ដល់​ពេល​ឯង​ចេញ​ចូល​ភូមិ​វិញ គេ​ដឹក​ឈើ​ឡើង​គគ្រឹកគគ្រេង​ដល់ពេលសួរថា ពូឯងដឹកឈើអត់ជួបសមត្ថិកិច្ចទេអី?គេឆ្លើយថា ជួប ប៉ុន្តែបង់លុយឲ្យ បង់តាំងពីខេត្តអស់ហើយ»។

ប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ លោក អៀ សុខា ទទួលស្គាលថា បទល្មើសព្រៃឈើនៅព្រៃព្រះរកា គឺ​នៅ​តែ​បន្ត​កើត​មាន​ពិត​មែន ប៉ុន្តែ មិនមានច្រើនដូចកាលពីមុននោះទេ។

លោកបន្ថែមថា៖ «ការកាប់ឈើហ្នឹង បើយើងប្រៀបពីមុនវិញ ពីមុនវាមានការកាប់ច្រើន តែ​ឥលូវ​ហ្នឹង វា​ថយ​ដោយ​គ្រាន់​តែ​ថា ឲ្យបាត់ទាំងស្រុង វាអត់ទាន់បាត់​ទេ ដោយសារមន្រ្តីយើង វាមានចំនួនតិច និងមានការបង្ករបួសស្នាមមកលើមន្រ្តីយើង រហូត​បែក​ក្បាល និងធ្លាយសៀតផ្កាទៀត។ ដោយឥលូវហ្នឹងជនល្មើស វារាងកាចសាហាវតិច ដោយសារស្ថានការណ៍នយោបាយ និងដោយសារមានអ្នករៀបចំនៅពីក្រោយនៃបញ្ហាហ្នឹងផង»។

ចំណែកនៅខេត្តឧត្តមានជ័យឯនោះវិញ ក៏មានបទល្មើសព្រៃឈើកើនឡើងដែរ ដោយសហគមន៍ព្រៃឈើនៅទីនោះអះអាងថា រយៈពេល ៣ខែចុងក្រោយនេះ មានការដឹក និងកាប់ឈើខុសច្បាប់ជាបន្តបន្ទាប់។

ប្រធាន​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត ក្នុងខេត្ត​ឧត្តមានជ័យ ព្រះអង្គ ប៊ុន សាលួត មានសង្ឃដីកាថា ខណៈពេលព្រះអង្គ និង​រដ្ឋបាល​ព្រៃឈើខេត្ត ចុះល្បាតព្រៃសហគមន៍ប៉ុន្មានថ្ងៃមកនេះ បានជួបបទល្មើសព្រៃឈើជាច្រើនករណី និង​ឃាត់​បាន​ឧបករណ៍​កាប់​ឈើ​របស់​ជនល្មើសមួយចំនួនផងដែរ។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭ​ទៅ​មន្ត្រីរបស់​លោក ឲ្យពង្រឹងប្រសិទ្ធភាព ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដោ​យថា ការ​បណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

លើសពីនេះទៀត លោក ហ៊ុ​ន សែន ក៏បាន​បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែល​លោក​​ថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសម្ងំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ​ព្រៃនៅ​តាមខេត្ត​មួយ​ចំនួន​ទៅវិញ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required