បទយកការណ៍៖ តើការបំពាក់ភ្លើងស្តុបច្រើនក្បែរគ្នាអាចជួយសម្រួលចរាចរណ៍ដែរទេ?

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 3:45 PM | បទយកការណ៍ | 0 | 2183 បង្គោល​ភ្លើង​ស្តុបថ្មី (ហួត វុទ្ធី)

នៅភ្នំពេញបច្ចុប្បន្ននេះ បញ្ហាកកស្ទះ​ចរាចរណ៍​កើតឡើងស្ទើរគ្រប់ទីកន្លែងនិងស្ទើរគ្រប់ផ្លូវទាំងអស់ ទាំងផ្លូវធំ ទាំងផ្លូវតូច ទាំងច្រកសំរាប់ផ្លូវដើរនានាខ្លះផង ហើយចាប់តាំងពីពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ​គឺការធ្វើចរាចរណ៍មានសភាពចង្អៀតណែនតាន់តាប់ ខណៈយាន្ត​ជំនិះតូចធំ ​ម៉ូតូ ​ឡាន ព្យាយាមបញ្ជ្រៀតគ្នា ដើម្បីបានធ្វើដំណើរទៅមុខ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានការដំឡើង​បង្គោល​ភ្លើង​ស្តុបថ្មីបន្ថែមទៀត ហើយស្តុបថ្មីខ្លះ កំពុងដាក់ឲ្យដំណើ​រ​ការហើយ និងស្តុបខ្លះទៀតនៅមិនទាន់ដំណើរការ​នៅ​​ឡើយ។ បង្គោលភ្លើង​ស្តុបថ្មី​ ដែល​​មិន​ទាន់​ដំណើរការ គេ​ដំឡើងដាក់នៅពីមុខ និងខ្លះទៀត​នៅពីក្រោយជាប់បង្គោល​ភ្លើង​ស្តុ​បចាស់ ដែលភ្ជាប់អមបំពាក់នូវកាម៉េរាសុវត្ថិភាពផង ហាក់ទំនងធ្វើឲ្យអ្នកដំណើរពិបាកមើលលេខ និងពណ៌សញ្ញាបន្តិចដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និយាយថា នៅភ្នំពេញ ​ភ្លើងស្តុប​ដើរ​តួនាទី​យ៉ាង​សំខាន់​ សម្រាប់កាត់បន្ថយការកកស្ទះចរាចរណ៍។ លោកថា៖ «ភ្លើងស្តុប​ដែល​​កន្លងមកដែលយើងដាក់ឲ្យដំណើរ​ការ​នេះ គឺជាភ្លើងដែលយើងបំពាក់ជាយូរឆ្នាំមកហើយ ថ្មីៗនេះក្រោមជំនួយនិងកិច្ចសហប្រតិបត្តិការជាមួយខាង Jica យើងបានស្នើសុំបំពាក់ភ្លើងស្តុបចំ​នួន ១០៨ កន្លែងក្នុងរាជធានីភ្នំពេញ។ ដោយឡែកស្តុបចាស់​ៗដែលនៅក្រុងភ្នំពេញ កន្លែងដែលយើងដោះ គឺ​យក​ទៅ​ដំឡើងនៅ​តាមបណ្តាខណ្ឌជាយ​រាជធានី​ភ្នំពេញ»។

កំពុងឈរចាំម៉ូយនៅជិតភ្លើងស្តុប​លើផ្លូវកម្ពុជាក្រោម ខាងលិចមហាវិថីព្រះមុនីវង្ស បុរស​សម្បុរ​ស្រអែមវ័យចំណាស់បន្តិច ជាអ្នករត់រឺម៉កទេសចរណ៍ មានចំណាប់អារម្មណ៍ថា ភ្លើង​ស្តុប​ជួយ​សំរួល​ចរាចរណ៍ តែដល់តែមានភ្លើងស្តុបគៀកគ្នាក៏ពិបាកដែ​រ។ លោកថា៖ «ពិបាកដូចថា ម៉ាតិចឈប់ បានប្រហែលបួនដប់ម្ភៃម៉ែត្រឈប់ទៀតហើយ តែបើរាងឆ្ងាយតិចទៅ វាអត់សូវជាបញ្ហាអី ដល់ពេលគៀកចឹង ជួយសម្រួលផងពិបាកផង។ បើសិនជាយើងធ្វើស្តុបហ្នឹងគៀកទៅ លុះត្រាតែយើងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ប៉ុន្តែយើងអត់ទាន់អាចគោរពច្បាប់ចរាចរណ៍បានទាំងអស់គ្នាចឹង វាអត់អាចសម្រួលបានល្អទេ»។

នៅម្ខាងផ្លូវទល់មុខគ្នា មានបុរសចំណាស់ម្នាក់ទៀតពាក់អាវយឺតដៃវែងឈរជិតម៉ូតូរបស់គាត់​បានបង្ហាញចំណាប់អារម្មណ៍ដែរថា ស្តុបគៀកគ្នាបើភ្លើងលោតដូចគ្នាវាមិនសូវស្ទះទេ។ លោក​ពន្យល់​​ថា៖ «តាមខ្ញុំយល់ ថាវាគៀកគ្នាអាចស្ទះដែរ បើសិនភ្លើងលោតខុសគ្នា។ បើមួយខៀវមួយទៀតខៀវដែរ អាហ្នឹងស្មើគ្នា ​អាចទៅទាំងអស់គ្នា បើមួយខៀវមួយក្រហមអាចទល់គ្នា។ ស្តុបឆ្ងាយៗម៉េចនៅស្ទះ ទំរាំគៀកគ្នាប្រហែលស្ទះច្រើនជាងអត់ស្ទះ»។

ឆ្លងមកដល់ផ្លូវសាសដឺហ្គោលជាប់ខាងលិចមហាវិថីព្រះមុនីវង្សដែរ ពីស្តុបអូតែល ស ចាស់​ទៅផ្លូវ​បែក​ជា​បួន សុខ​ ហុក (លេខ១០៧) ប្រហែល១០០ម៉ែត្រ មាន​បង្គោលភ្លើងស្តុបថ្មីមួយ​ទៀត​​មិន​​ទាន់​ដំណើរ​ការ។ នៅកែង​ផ្លូវ​ម្ខាង ​បុរស​ម្នាក់​អង្គុយ​​ជក់​​បារី​​ក្បែរ​ម៉ូតូឌុបរបស់គាត់ បាន​​ប្រាប់​ថា​ លោក​មក​ពី​ខេត្តព្រៃវែង ​​ព្រឹកនេះ​រត់​បាន​កំរ៉ៃ​មួយម៉ឺនរៀលហើយ។ លោកថា៖ «ស្តុបមិនទាន់បើកចឹង អត់ទាន់ដឹងម៉េចទេ ​បើ​បើក​ដូចមុនស្ទះម៉ង វាចេញបានតែមួយកង់ៗទៅជាប់មួយកង់ស្ទះដដែល។ ចាំមើលគេបើកដឹងហើយ»។

ស្ទើរតែគ្រប់ផ្លូវកែង ផ្លូវបែកជាបួន ជាពិសេសជិតៗបង្គោលភ្លើងស្តុប យើងតែងសង្កេតឃើញ​មាន​អ្នករត់​ម៉តូឌុបនៅចាំក្បែរនោះ។ មកដល់មហាវិថីព្រះសីហនុខាងលិចមហាវិថីព្រះមុនីវង្ស​ឯណេះវិញ បុរសមាឌធំអង្គុយលើម៉ូតូចាំម៉ូយ តែដៃគាត់កាន់កំប៉ុងតែទឹកកកក្រូចឆ្មារ មាន​យោបល់​ផ្សេងពីអ្នកខាងលើ។ លោកថា៖ «រាល់ង៉ៃញ៉ុមនៅកន្លែងហ្នឹងវាស្ទះច្រើន ដល់ដាក់ស្តុបចឹងវាល្អម៉្យាងដែរ វាបន្ថយការស្ទះ។ ស្តុបជិតគ្នាមែន ប៉ុន្តែគេអាចស្រាវជ្រាវដឹងចរាចរណ៍របៀបម៉េច ចឹងហើយដំណើរការតាមហ្នឹងមើលទៅ បើដាក់ស្តុបចឹងជាការល្អ»។

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា គិតថាការកកស្ទះមិនកំណត់​ថា​មក​ពី​ដាក់​​ស្តុបគៀកគ្នាច្រើននោះទេ សំខាន់មានការសិក្សាច្បាស់លាស់។ លោកថា៖ «ដាក់ស្តុបគៀកគ្នាឬឆ្ងាយពីគ្នា វាអាស្រ័យនឹង​ការ​ចាំ​បាច់​ បើសិនជាការសិក្សាឲ្យបានច្បាស់លាស់បង្ហាញថា វាអាចជួយកាត់បន្ថយការកកស្ទះ ដាក់ទៅនឹងល្អប្រសើរ ។ មិនអាចកំណត់ជាទូទៅថាដាក់ជិតគ្នាចំណេញឬខាតទេ វាអាស្រ័យនឹងការសិក្សា ស្ថានភាពលំហូរចរាចរណ៍ជាក់ស្តែង»។​

លោក ចរិយា ផ្តាំផ្ញើបន្ថែមថា អ្នកបើកបរត្រូវចូលរួមគោរពភ្លើងសញ្ញាចរាចរណ៍ ការបើកបរត្រូវចេះ​អធ្យា​ស្រ័យ​​​គ្នា។ ការប្តូរគន្លងផ្លូវ ត្រូវប្តូរឲ្យបានមុនផ្លូវបត់ មុនធ្វើដំណើរត្រូវគិតគូរឲ្យបានមុន កុំ​ឲ្យ​ដល់​ជិតភ្លើង​ស្តុ​ប​ហើយចង់បកក្រោយវិញ ធ្វើឲ្យស្ទះដល់អ្នកដទៃ។

ពាក់ព័ន្ធនឹងការតំឡើងភ្លើងស្តុបថ្មីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ហៅការលើកឡើងរបស់ពលរដ្ឋគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញលោកថា ពួកគេបានសិក្សាលម្អិតពីបច្ចេកទេសនេះត្រឹមត្រូវ។ លោកថា៖ «ជំនាញរបស់ជប៉ុន Jica បានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីជំនាញបច្ចេកទេសជាមួយនិងមន្ទីរសាធារណការ​។ ការលើកឡើងឈរលើមូលដ្ឋានអីគ្រាន់តែជាការយល់ឃើញរបស់បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញបច្ចេកទេ​គឺគេបាន​សិក្សាត្រឹមត្រូវ ប្រើពេលជាងមួយឆ្នាំលើបញ្ហានេះ»។

លោកបន្ថែមថា សូមឲ្យប្រជាពលរដ្ឋយោគយល់ចំពោះស្តុបថ្មី ដែលដាក់មកបាំងស្តុបចាស់​ធ្វើ​ឲ្យ​ពិបាកមើល ព្រោះកំពុងឋិតក្នុងដំណាក់កាលសាងសង់ដំឡើងនៅឡើយ។

បើតាមវីដេអូអប់រំពីបញ្ហាចរាចរណ៍របស់ Jica ឲ្យដឹងថា មូលហេតុនៃការកកស្ទះចរាចរណ៍នៅ​ភ្នំពេញ​ គឺបណ្តាមកពីចំនួន​ប្រជាជន​មានការកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ១៩៩៨ ទីក្រុងភ្នំពេញ ចំនួនប្រជាជនមានប្រមាណមួយ​លាន​​នាក់ ហើយចំនួននេះបានកើនជាងមួយលាននាក់ ក្នុងឆ្នាំ២០០៨។ បើតាមរបាយការណ៍ដដែលនេះ​ ចំនួនប្រជាជនក្នុងទីក្រុងភ្នំពេញអាចកើនដល់២លាននាក់ក្នុងឆ្នាំ២០១៦ និងបន្តកើនឡើងដល់ជិត៣លាននាក់ក្នុងឆ្នាំ២០៣៥។

ម៉្យាងទៀត ចំនួនរថយន្តមានការកើន​ឡើង ស្របនឹងកំនើន​ចំនួន​​ប្រជាជន ហើយចំនួនរថយន្តដែល​ចុះ​បញ្ជី​នៅភ្នំពេញ បាន​​កើន​ឡើង៣ដងនៅទស្សវតន៍ចុងក្រោយនេះ។ នៅពេលចំនួនប្រជាជនមានការ​កើន​ឡើង ហើយការប្រើប្រាស់រថយន្ត និងទោចក្រក្រយានយន្តឯកជន​ក៏កាន់តែកើន​ឡើង​ដែរ បញ្ហានេះ កំពុងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required