សាលា​ក្ដី​ខ្មែរក្រហម​កាត់​បន្ថយ​គម្រោង​ចំណាយ​ជាង​២០​ភាគរយ​ក្នុង​សំណើ​ថវិកា​ពីរ​ឆ្នាំ​ខាង​មុខ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 4:50 PM | ខែ្មរក្រហមអភិបាលកិច្ចល្អ | 0 | 1555

សាលាក្តីខ្មែរក្រហម បាន​ស្នើ​កញ្ចប់​ថវិកា​ជាង ៤៦​លាន​ដុល្លារ​ពី​​ម្ចាស់​ជំនួយ សម្រាប់​ប្រតិបត្តិការ​រយៈ​ពេល ២​ឆ្នាំ​ខាង​មុខ ប៉ុន្តែ ​សំណើ​កញ្ចប់​ថវិកា​នោះ ត្រូវ​បាន​កាត់​បន្ថយ​ បើ​ធៀប​ទៅ​នឹង​កញ្ចប់​ថវិកា​ចំណាយ​រយៈ​ពេល ២​ឆ្នាំ​កន្លង​មក​នេះ។

​សំណើ​​កញ្ចប់​ថវិកា​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ ២០១៨-២០១៩ ដែល​ចេញ​ផ្សាយ​ដោយ​សាលា​ក្ដី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បង្ហាញ​ថា តុលាការ​កូន​កាត់​មួយ​នេះ បាន​អនុម័ត​សំណើ​កញ្ចប់​ថវិកា​ទំហំ ៤៦.១២​លាន​ដុល្លារ ដោយ​ក្នុង​នោះ​​មាន​សំណើ​កញ្ចប់​ថវិកា​ទំហំ ២៤.​៧២​លាន​ដុល្លារ​សម្រាប់​ចំណាយ​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​សំណើ​កញ្ចប់​ថវិកា ២១.៤០​លាន​ដុល្លារ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៩​ខាង​​មុខ។

ឯកសារ​ដដែល​នេះ បាន​បង្ហាញ​ថា គម្រោង​ចំណាយ​ថវិកា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ត្រូវ​បាន​កាត់​បន្ថយ​ពី​ចំនួន​ជាង ៦០​លាន​ដុល្លារ​ នៅក្នុង​ការ​​ចំណាយរយៈ​ពេល​​​ ២​​ឆ្នាំ​ ២០១៦-២០១៧ មក​នៅ​ត្រឹម​ជាង ៤៦​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​ចំណាយ​​រយៈ​ពេល ២ឆ្នាំ​២០១៨-២០១៩ ដោយ​ត្រូវ​បាន​កាត់​បន្ថយ​អស់​ ២៣.៤​ភាគរយ។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា បានប្រាប់ VOD នៅថ្ងៃនេះថា សាលា​ក្ដី​ខ្មែរ​ក្រហម បាន​កាត់​បន្ថយ​សំណើ​កញ្ចប់​​ថវិកា​ចំណាយ​របស់​ខ្លួន បន្ទាប់​ពី​គម្រោង​មួយ​ចំនួន ត្រូវ​បាន​បិទ​បញ្ចប់ ហើយ​បុគ្គលិក​មួយ​ចំនួន បាន​ផុត ឬ​ត្រូវ​បាន​បញ្ចប់​កិច្ច​​សន្យា​ការងារ​នៅ​ស្ថាប័ន​នេះ។

អ្នក​នាំ​ពាក្យ​រូប​ប្រាប់​ថា៖ «រហូតមក​ដល់ពេលនេះ ដំណើរការរបស់តុលាការរបស់យើង កិច្ចការមួយចំនួន​ យើងលែងត្រូវ​ការចំណាយលើការងារហ្នឹងបន្តទៀតហើយ។ ការិយាល័យមួយចំនួន​ ឬមន្ត្រី​បុគ្គលិក​មួយចំនួនដែលធ្វើការងារនៅក្នុងគម្រោង​ការងារដែលយើង​បានបញ្ចប់​​ ក៏បានបញ្ចប់កិច្ចសន្យា​របស់​គាត់ដែរ បានធ្វើឲ្យគម្រោង​ចំណាយ​ដែលយើង​ស្នើសុំសម្រាប់ឆ្នាំ២០១៨ និង២០១៩ មានការថយចុះ​ បើ​ប្រៀបធៀបនឹងឆ្នាំ២០១៦ និងឆ្នាំ២០១៧​»។

នៅ​ក្នុង​ឯកសារ​ដដែល​នេះ សាលាក្ដី​ខ្មែរ​ក្រហម បាន​ស្នើ​កញ្ចប់​ថវិកាជិត ៣៥​លាន​ដុល្លារ​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ និង​ជាង ១១​លាន​ដុល្លារ​ទៀត​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ចំណាយ​លើ​ផ្នែក​ការិយាល័យ​តុលាការ ផ្នែក​ការពារ និង​គាំ​ពារ​ជន​រង​គ្រោះ ផ្នែក​ការិយាល័យ​​រដ្ឋបាល និង​សម្រាប់​ដំណើរការ​ករណី ០០៣ និង ០០៤។

​លោក នេត្រ ភក្ត្រា បានឲ្យ​ដឹង​បន្ថែម​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​​បាន​​ដាក់​សំណើ​ស្វែង​រក​ជំនួយ​ពី​ប្រទេស​ជប៉ុន បារាំង អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអ៊ែត និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​រួច​រាល់​ហើយ ប៉ុន្តែ លោកថា បណ្ដា​ភាគី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ នៅ​ពុំ​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ​ពី​​មន្ត្រី​ស្ថានទូត​ជប៉ុន អាមេរិក និងមន្ត្រីសហភាពអឺរ៉ុប​បានទេនៅថ្ងៃនេះ។

ប្រធានកម្ម​វិធី​សាលាក្តី​ខ្មែរក្រហមនៃ​សមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា លោក​គាំទ្រការលើកឡើងរបស់លោក ភក្ត្រា ជុំវិញកញ្ចប់ថវិកាស្នើទៅម្ចាស់ជំនួយ ប៉ុន្តែ លោកថា សាលាក្តីខ្មែរក្រហម​ ត្រូវ​អនុវត្តការងារ​របស់​ខ្លួន​​ប្រកបដោយភាពជឿជាក់ ដើម្បីទុកជាកេរ្តិ៍ដំណែលឲ្យកូនចៅជំនាន់ក្រោយ។

លោកមានប្រសាសន៍ថា៖ «កេរ្តិ៍ដំណែលជារឿងមួយចំាបាច់​ និងគិតគូរទន្ទឹមគ្នា​ និងដំណើរការសាលាក្តី​ កំពុង​ស្វែងរកថវិកាហ្នឹ​ង​ផង​ដែរ​ ហើយវាបង្ហាញនូវប្រវត្តិសាស្ត្រយ៉ាងជាក់ច្បាស់​នៅក្នុងការដែលពាក់ព័ន្ធ​ក្នុងការរកឃើញរបស់សាលាក្តី ទាក់ទិន​នឹងមេដឹក​នាំ​ជាន់​ខ្ពស់​ និងអ្នកទទួលខុសត្រូ​វជាន់ខ្ពស់​​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជាពិសេសវាពិតជា​កេរ្តិ៍ដំណែលមួយយ៉ាង​វិសេស​វិសាល​​​នៅក្នុងការ​តម្កល់ទុក​សម្រាប់ឲ្យ​ពួកគាត់​រៀន​សូត្រ​ ឬក៏កុំត្រាប់តាម​មេដឹកនាំនៅក្នុង​របបកម្ពុជាប្រជាធិបតេយ្យ​»។

របាយការណ៍​ចំណាយ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ដឹង​ថា សាលាក្ដី​នេះ បាន​ចំណាយ​ថវិកា​ដល់​ទៅ​ ២៩៣​លាន​ដុល្លារហើយ ​ចាប់​តាំង​ពី​កើត​សាលា​ក្ដី​នេះ​នៅឆ្នាំ២០០៦​ដល់ឆ្នាំ២០១៦​កន្លង​មក​នេះ។ ថវិកាទំាងនោះ ទទួលបានជំនួយពីបណ្តាប្រទេសជិត ៤០ ដោយក្នុង​នោះ​ប្រទេសជប៉ុនឈលំដាប់ទី១ ​​អាមេរិកលេខ ២ និងសហភាព​អឺរ៉ុបលំដាប់លេខ៣៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required