លោក​ ហ៊ុន សែន ថាកុំ​ចង់​បង្ក្រាបបក្ស​លោក ​ប្រសិន​លទ្ធផល​ឆ្នោត​មិន​ទាន់ចេញ

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ឌឺ​ដង​ទៅ​លោក​ សម រង្សុី ថា​កុំ​ប្រកាស​​​ត្រៀម​បង្ក្រាប​បក្ស​ប្រជា​ជន​ឲ្យ​សោះ​ ប្រសិន​ជាលទ្ធផលបោះ​ឆ្នោត​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ ដោយ​លោក​បង្ហើរ​ថា​កម្លាំង​ប្រដាប់​អាវុធ​ គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​លោ​កទេ។ ​

អតី​ត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ​សម រង្ស៊ី ធា្លប់​បាន​លើក​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៦កន្លង​ទៅ​ថា ​រដ្ឋា​ភិបាល​ថ្មី​របស់​លោក ​នឹង​ត្រៀម​បង្ក្រាប​ទៅលើគណបក្សកាន់​អំណាច បើ​មិន​ទទួល​ស្គាល់​​លទ្ធផល​ឆ្នោតនិង​មិនគោរព​តាម​រដ្ឋាភិបាល​ថ្មី​របស់​លោក។

ថ្លែង​ក្នុ្ង​ងពិធី​ចែក​សញ្ញា​បត្រនៅ​ព្រឹក​នេះ​លោក ហ៊ុន សែន ​បាន​ថ្លែងបែប​ឌឺ​ដង​ទៅ​កាន់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំងរូប​នេះ​ថា​ កុំ​មាន​​បំណង​បែប​នេះ​ឲ្យ​សោះ ​​ប្រសិន​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ព្រោះ​អំណាច​ទ័ព​​ស្ថិត​​នៅ​ដៃ​របស់​លោក​នៅឡើយ។

លោក​ថា៖ «មាន​អ្នក​ខ្លះ​ហ៊ាន​ទាំងអះអាង​ថា ដល់​ឆ្នាំ​២០១៨នឹង​ត្រូវ​បង្ក្រាបយើង ព្រោះ​យើង​អត់​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត វា​អាច​ទាយ​ដឹង​ថា​នៅ​ឆ្នាំ​២០១៨ វា​នឹង​ឈ្នះ ​ហើយ​ដល់​ឆ្នាំ​២០១៨ វា​នឹង​បង្ក្រាប។ ហ៊ឹស! ទ័ពនៅ​ដៃ​អញ​សោះ​ហា! វា​ទៅ​រួច​ ចាំ​បោះ​ឆ្នោត​ហើយ​ ចាំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញប្រកាស​រួច​ហើយ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ប្រកាសផ្លូវការ​បាន​ទេ ម៉េចក៏​ចាំ​បាច់​ប្រកាស​ផ្លូវ​ការ​ពី​ឥឡូវ ប្រកាសពី​ឥឡូវ​ដែល​មិន​ទាន់​បាន​បោះឆ្នោត​ផង រួច​ឈ្នះៗ​ ដូរ​ៗ បាន​តើ​ដូរ​ពីនៅក្រៅ​គុក​ទៅ​នៅ​ក្នុងគុក​ទៅ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បដិសេធក្នុងការឆ្លើយតបទៅនឹងការលើកឡើងនេះ ដោយបង្វែរសំណួរទៅកាន់លោក សម រង្ស៊ី ដោយផ្ទាល់វិញព្រោះបច្ចុប្បន្នលោក សម រង្ស៊ី បានលាលែងពីប្រធានបក្សសង្គ្រោះជាតិហើយ។ ប៉ុន្តែវីអូឌីមិនទាន់អាចទាក់ទងលោក សម រង្ស៊ី បាននៅឡើយទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថាការលើកឡើងនេះអាចចាត់ទុកជាការគំរាមមួយទៅកាន់គូបដិបក្ខខ្លួន ដើម្បីរក្សានូវទំនុកចិត្តពីអ្នកគាំទ្រ។ លោកថា៖ «គាត់ចង់បញ្ជាក់ឃើញថាទោះបីជាយន្តការឬការរៀបចំការបោះឆ្នោត នៅពេលខាងមុខឬនៅឆ្នាំក្រោយនេះ គណបក្សសង្គ្រោះជាតិមិនសង្ឃឹមថាអាចដណ្តើមប្រជាប្រិយភាពពីគណបក្សកាន់អំណាចបានទេ ហើយយន្តការឬក៏ការកាន់អំណាច កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងអស់ ដូច្នេះមិនអាចមកឌឺដងឬមកចង់បង្ក្រាបគាត់បានទេមានតែខាងគណបក្សកាន់អំណាចទេអាចបង្ក្រាបបាន នេះគាត់ចង់បញ្ជាក់ផ្ទុយទៅវិញ ក្នុងន័យនេះគាត់ចង់ឲ្យស្មារតីអ្នកគាំទ្រគណបក្សហ្នឹងឲ្យគិត កុំឲ្យស្រមើស្រមៃគិតអីក្រៅពីគណបក្សក្រៅរដ្ឋាភិបាល»

ទោះជាយ៉ាងណាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ លោក ឯម សុវណ្ណារ៉ា យល់ថានឹងមិនមានការប៉ះបោរ ឬក៏សង្គ្រាមអាចកើតមាននោះទេដោយលោកលើកឡើងថាកម្លាំងប្រដាប់អាវុធទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាច តែសេរីភាពនៃការបញ្ចេញមតិនៅពេលនោះអាចនឹងត្រូវរឹតត្បិតកាន់តែខ្លាំងជាងពេលនេះ ។

នៅព្រឹក​នេះ​ដែរ​លោក​ក៏​បានរំលឹក​ឡើង​វិញដោយ​ថ្លែង​បែប​មិន​ចំ​ឈ្មោះ​តែ​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​អ្នក​វិភាគ​ដែលកំពុង​ជាប់​បណ្តឹង​របស់​គណបក្ស​ប្រជា​ជន និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅពន្ធ​នាគារព្រៃ​ស លោក គឹម សុខ ថាសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ បាន​ប៉ះពាល់​ដល់​បក្ស​ប្រជា​ជន ដូច្នេះ​ហើយ​ទើបមាន​បណ្តឹង​នោះ។

លោក​ថា៖ «ខ្ញុំ​ចូល​ចិត្ត​ណាស់​អ្នក​វិភាគ ចង់​អង្គុយ​៥ម៉ោង​វិភាគ​ក៏​បាន​ដែរ តែ​អា​មិន​មែន​មក​វិភាគ​មក​ចោទថា​អានេះ​សម្លាប់​អានេះ អានេះ​សម្លាប់​អានោះ អញ្ចឹ​ង​មាន​តែ​ព្រៃ​ស​ទេ​ អាហ្នឹង​កុំ​ឆ្ងល់ពេក! យាយខ្លី​មក​មើល​ទៅ!»។

ខណៈការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់កម្តៅ​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បានគេ​មើល​ឃើញ​ហាក់​ដូច​ជា​មានកំដៅ​កាន់តែ​ខ្លាំង​បន្ទាប់​ពីមានការ​រំលាយប្រធានក្រុមមតិ​ភាគតិច និងភាគ​ច្រើន​នៅ​ក្នុង​សភា ការចាប់​ខ្លួន​អ្នក​វិភាគ ការ​មិន​ចូល​រួម​ប្រជុំ​សភាដោយ​បក្ស​ប្រឆាំង ហើយ​ចុងក្រោយ​នេះការ​អនុម័ត​ច្បាប់​ស្តីពី​​បក្ស​នយោបាយ​ដែល​ចម្រូងចម្រាស បាន​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិមួយ​ចំនួន​យល់​ថា កម្ពុជា​កំពុង​ដើរ​ខុសពី​គន្លង​ប្រជា​ធិបតេយ្យ ហើយ​បក្សប្រជាជន​កំពុង​តែ​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាថ្ងៃ​អនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ