អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅខេត្តឧត្តមានជ័យទាមទារដំណោះស្រាយពីរដ្ឋាភិបាល

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 3:06 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1907

ពលរដ្ឋមួយចំនួននៅខេត្តឧត្តមានជ័យដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ អំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយដីធ្លីជូនពួកគេវិញ ខណៈក្រុមហ៊ុនបានដកអញ្ញាប័ណ្ណច្រើនឆ្នាំ ហើយអាជ្ញាធរនៅមិនព្រមប្រគល់ដីនោះជូនពលរដ្ឋវិញ។

ក្នុងលិខិតចុះថ្ងៃទី១៣មីនាឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា មីតផល តាមរយៈក្រុមហ៊ុន អង្គរស៊ូហ្គឺ ក្រុមហ៊ុនស៊ូហ្គឺ និងក្រុមហ៊ុនវ៉ាឡេយ៍ស៊ូហ្គឺ បានប្រគល់ដីក្នុងខេត្តឧត្តមានជ័យទាំងអស់ ដែលខ្លួនទទួលបានសិទ្ធិវិនិយោគដាំអំពៅជូនរដ្ឋវិញ ដោយថាបានបង្វែរដីនោះឲ្យអាជ្ញាធរ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាអ្នកទទួលខុសត្រូវនិងថែរក្សា។

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារម្សិលមិញ តំណាងពលរដ្ឋលោក ស្មិន តិ ឲ្យដឹងថា រដ្ឋាភិបាលផ្តល់ដីសម្បទានទៅក្រុមហ៊ុន មីតផល តាមរយៈក្រុមហ៊ុន អង្គរស៊ូហ្គឺ ក្រុមហ៊ុនស៊ូហ្គឺ និងក្រុមហ៊ុនវ៉ាឡេយ៍ស៊ូហ្គឺកាលឆ្នាំ២០០៨បាន ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋនៅទីនោះចំនួន៥ឃុំមាន ជាង៥០០គ្រួសារ និងផ្ទៃដីជាង ២ ០០០ហិចតា។

លោកបន្តថា កាលនោះក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ និងចាប់ពលរដ្ឋមួយចំនួនពន្ធធនាគារទៀតផង។ តែយ៉ាងណាលោកថា ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុននោះបានដកអញ្ញាប័ណ្ណវិញហើយ ដោយអាជ្ញាធរនៅតែមិនព្រមប្រគល់ដីជូនពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «ឥលូវនេះ ក្រុមហ៊ុនបានប្រគល់ដីសម្បទាននោះ ទៅអាជ្ញាធរខេត្តគ្រប់គ្រងវិញ ហើយ ប៉ុន្តែអាជ្ញាធរទាំងនោះមិនបានដោះស្រាយដីនោះជូនពលរដ្ឋវិញទេ គាត់បែរជានិយាយ ថាគាត់បានដោះស្រាយជូនពលរដ្ឋគ្រប់ចំនួនអស់ហើយ តាមការពិតអាជ្ញាទាំងនោះមិនដោះ ស្រាយជូនពលរដ្ឋគ្រប់ចំនួននោះទេ គាត់ដោះស្រាយឲ្យបានតែ១២គ្រួសារ នៅក្នុងភូមិបាត់ មាន់១ប៉ុណ្ណោះ នៅមានភូមិមួយចំនួនទៀតមិនបានដោះស្រាយទេ»។

ពលរដ្ឋម្នាក់ទៀតលោក ម៉ា អ៊ុកជឿន ឲ្យដឹងថា ដោយសារលោកតវ៉ាប្រឆាំងនឹងការបណ្តេញចេញ អាជ្ញាធរបានចាប់លោកដាក់ពន្ធធនាគារចំនួន១៨ខែ និងព្យួរទោស៥ឆ្នាំ ដោយចោទថាលោកជាអ្នកកាប់បំផ្លាញព្រៃឈើទៅវិញ។

លោកបន្តថា ក្រោយដឹងថា ក្រុមហ៊ុនដកអញ្ញាប័ណ្ណប្រគល់ដីជូនរដ្ឋវិញ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាតាំងពីអាជ្ញាធរខេត្ត និងស្ថាប័ណ្ណពាក់ព័ន្ធនៅរាធានីភ្នំពេញជាច្រើង ដូចជាក្រសួងរៀបចំ ដែនដី ក្រសួងកសិកម្មរុក្ខាប្រមាញ​និងនេសាទ ខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តីជាដើមរហូត មកដល់ពេលនេះមិនទាន់មានដំណោះស្រាយនោះទេ។

លោកបន្ថែមថា៖ «ពួកខ្ញុំសុំឲ្យអង្គការក្រៅរដ្ឋាភិបាលនានាធ្វើយ៉ាងណាជួយជំរុញទៅរដ្ឋាភិបាល ឲ្យប្រគល់ដីនៅក្នុងខេត្តឧត្តមានជ័យនោះ ដែលពួកខ្ញុំរងទុកដោយសារក្រុមហ៊ុនរំលោភយក ប្រគល់មកឲ្យពួកខ្ញុំបានប្រកបរបធ្វើកសិកម្មវិញផង»។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីក្រសួងកសិកម្មរុក្ខាប្រមាណបាននៅឡើយទេចំពោះករណីនេះ។

នាយិកាអង្គការ ActionAid លោកស្រី ហ៊ុន បូរមី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពន្លឿន ការដោះស្រាយជម្លោះដីធ្លីនេះ ជូនពលរដ្ឋឲ្យបានឆាប់ដើម្បីឲ្យពលរដ្ឋបានដីបង្កបង្កើនផលវិញ ដោយថាក្រុមហ៊ុនបានដកអញ្ញាប័ណ្ណជាច្រើនឆ្នាំហើយ ជាជាងទុកដីទំនេរចោលបែបនេះ។

អ្នកស្រីបន្តថា អង្គការអ្នកស្រីនឹងជួបពិភាក្សារជាមួយស្ថាប័នពាក់ព័ន្ធដោយជំរុញឲ្យមានការ​ដោយដោះស្រាយករណីនេះឲ្យឆាប់។

លោកស្រីបន្ថែមថា៖ «ជំហ៊ានបន្ទាប់ យើងនឹងមានជំនួបផ្ទាល់ជាមួយអ្នកតំណាងមកអន្តរស្ថាប័ន ដែលពួកគាត់នឹងមានតួនាទីក្នុងការដោះស្រាយបញ្ហា ដែលបណ្តាលមកពីសម្បទានដីសេដ្ឋកិច្ច ហ្នឹង ហើយយើងសង្ឃឹមថាក្រោយជំនួបនេះនឹងមានដំណោះស្រាយមិនខាន»។

តំណាងពលរដ្ឋអះអាង ចាប់តាំងពីក្រុមហ៊ុនរឹបអូសយកដីពលរដ្ឋអស់មកបានធ្វើឲ្យពួកគាត់ ធ្លាក់ខ្លួនក្រីក្រដោយសារគ្មានដីធ្វើស្រែចំការ ដោយពលរដ្ឋចំនួននាំគ្នាចំណាកស្រុកទៅធ្វើការ នៅប្រទេសថៃទាំងខុសច្បាប់ទៀតផង៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required