ក្រុមហ៊ុនFacebookសារភាពថាទិន្នន័យឯកជនអ្នកប្រើប្រាសត្រូវគេលួច

ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក​លោកម៉ាក ហ្សូហ្គឺប៊ឺក(Mark Zuckerbergបានសារភាពថា ទិន្ន ន័យឯកជនរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ ត្រូវបានគេលួចយកទៅប្រាស់ក្នុងហេតុផលនយោបាយ។​

ក្រុមហ៊ុន​ប្រឹក្សាយោបល់របស់អង់គ្លេសមួយឈ្មោះCambridge Analytica រងការចោទប្រកាន់ថា បានលួចយកទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុក​ដើម្បីប្រឹក្សាយោបល់ ឬវិភាគយុទ្ធសាស្ត្រឲ្យអ្នកនយោបាយគាំទ្រលោក ដូណាល ត្រាំ ដែលប្រកួតប្រជែងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ក្រុមហ៊ុននេះលួចទិន្នន័យពីអ្នកប្រើប្រាស់ជាង៥០លានឈ្មោះ។​

នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងរបស់លោក ម៉ាក ហ្សូហ្គឺប៊ឺក ដែលសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោកបានលើកឡើងថា កំហុសនេះកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត។​

ចំណែកនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានCNNស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុកនេះ ថ្លែងថា លោកពិតជាត្រូវសុំទោសដល់អ្នកប្រើប្រាស់ ហើយថា នឹងចាត់វិធានការដោះស្រាយកំហុសដែលបានកើតឡើងទាំងនេះ។​ លោកថា លោកសប្បាយចិត្តចំពោះការទទួលព័ត៌មាននេះ ហើយថា នឹងរៀបចំផែនការដើម្បីកែលម្អឲ្យបានត្រឹមត្រូវវិញ។​

ទោះយ៉ាងណាគេមិនបានឃើញការបញ្ជាក់ណាមួយរបស់ក្រុមហ៊ុនហ្វេសប៊ុកថា នឹងរៀបចំប្តឹងក្រុមហ៊ុនដែលលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់នោះទេ។ ចំណែកការលួចយកទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកនេះ មិនមែនជាលើកទី១នោះទេ បើទោះជាក្រុមហ៊ុនតែងតែសន្យាថា នឹងការពារសុវត្ថិភាពទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ក៏ដោយ។

ក្រុមហ៊ុនហ្វេសប៊ុកក៏ធ្លាប់ផ្ទុះរឿងអាស្រូវចំពោះការលួចយកទិន្នន័យឯកជនអ្នកប្រើប្រាស់កាលពីឆ្នាំ២០១៣ ២០១៤ និង ២០១៥ដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ