មគ្គទេសក៍នៅសៀមរាប រិះគន់ទីលានវាយកូនគោល​ថាធ្វើនៅលើទួលនិងស្ពានបុរាណ

សំណង់ស្ពានបុរាណ (ដោយ បូ សាវី)

អ្នកនាំភ្ញៀវទេសចរណ៍មួយចំនួននៅខេត្ដសៀមរាបរិះគន់អាជ្ញាធរជាតិអប្សរាថាឲ្យក្រុមហ៊ុនបរទេសអភិវឌ្ឍទីលានវាយកូនគោលនៅលើសំណង់បុរាណ ដោយអះអាងថាធ្វើឲ្យប៉ះពាល់ដល់ការអភិរក្សវត្ថុបុរាណ។

ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរខេត្ដសៀមរាបលោក ខៀវ ធី ឲ្យវីអូឌីដឹងថា ក្រុមហ៊ុនមួយមកពីប្រទេសថៃឈ្មោះភូគីត្រា ជាម្ចាស់សណ្ឋាគារសូហ្វីតែលភូគីត្រាអង្គរ បានធ្វើទីលានវាលកូនគោលទំនើបហ៊ុមព័ទ្ធសំណង់ស្ពានបុរាណដោយមានការជីកប្រឡាយខ្វែងខ្វាត់នៅជុំវិញសំណង់បុរាណនោះ។ លោកបន្ដថាសំណង់បុរាណនោះជាសំណង់អភិរក្សស្ថិតនៅក្នុងស្រុកពួកដែលមានចំងាយប្រមាណ១៣គីឡូម៉ែត្រ ពីខេត្ដសៀមរាប។ លោក ខៀវ ធី ដាក់ជាសំណួរថា តើហេតុអីបានជាអាជ្ញាធរជាតិអប្សរាអនុញ្ញាតិឲ្យក្រុមហ៊ុនថៃនោះអភិវឌ្ឍនៅចំណុចវត្ថុបុរាណនោះទៅវិញ ដែលលោកថាផ្ទុយពីច្បាប់ស្ថាប័ននេះបានកំណត់។ លោកបានបន្ដថា៖ “បាទ! តំបន់អភិរក្ស ប៉ុន្ដែអាជ្ញាធរជាតិអប្សរាគេបានចេញមក ហើយគេបាននិយាយថាគេអភិរក្សមែនពិតអត់មានធ្វើអីគេបានជីកកំណាយអស់ហើយ។ ប៉ុន្ដែអ្នកស្រុកយើងឆ្ងល់ថា ធ្វើទ្រុងមាន់មិនបានផងដល់ពេលក្រុមហ៊ុនគេធ្វើបាន។ បើយើងនិយាយមើលផ្លូវភ្នែកស្អាតជាងមុនតែផ្លូវច្បាប់ប៉ះពាល់ដល់តំបន់ប្រាសាទបុរាណនៅប៉ុន្មានគីឡូបួនជ្រុងនោះមិនឲ្យអភិវឌ្ឍឲ្យអភិរក្សវិញ”។

មគ្គទេសក៍ទេសចរណ៍មួយរូបទៀតលោក ព្រហ្ម សុវណ្ណ ឲ្យដឹងថានៅក្នុងទីលានវាយកូនគោលនោះមានស្ពានបុរាណប្រមាណតូចៗពី៣ទៅ៤ និងទីទួលប្រាសាទបុរាណជាច្រើនទៀត ប៉ុន្ដែត្រូវបានគេឈូសចោលផ្លូវបុរាណនៅសល់តែស្ពានធំមួយប៉ុណ្ណោះនិងចាក់កៅស៊ូពីលើបន្ថែមទៀត។

លោក ព្រហ្ម សុវណ្ណ បន្ថែមថាការអភិវឌ្ឍលើតំបន់នេះធ្វើឲ្យប៉ះពាល់ដល់សម្បត្ដិបេតិកភណ្ឌជាតិធ្ងន់ធ្ងរ ខណៈដែលពលរដ្ឋមួយចំនួនពួកគេមិនអាចសង់បង្គន់ឬទ្រុងមាន់ទ្រុងទាមិនបានផង។ លោកបន្ដថា៖ “និយាយទៅយើងដឹងហើយកន្លែងដែលស្ពានបុរាណគេចាត់ទុកកន្លែងបេតិកភណ្ឌរបស់ជាតិ ប៉ុន្ដែបើយើងទៅកែច្នៃទៅសង់អ្វីខាងលើ ហើយយើងទៅបង្កើតនៅកន្លែងកែច្នៃបាត់ទ្រង់ទ្រាយរបស់ដើមរបស់វាខ្ញុំគិតថាមិនល្អយើងដឹងហើយ”។

VODមិនអាចទាក់ទងប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ដើម្បីសុំការឆ្លើយតបពីករណីនេះបានទេ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប៉ុន្ដែអភិបាលស្រុកពួកលោក ម៉ៅ វិសុទ្ធ មានប្រសាសន៍ថាទីលានវាយកូនគោលនោះបានសង់ឡើងនៅអំឡុងឆ្នាំ២០១០ដោយមានច្បាប់អនុញ្ញាត ប៉ុន្ដែលោកថាការឈូសឆាយលើទីទួលបុរាណនោះលោកមិនដឹងនោះទេ។ លោកមានប្រសាសន៍ថា៖ ”ផ្លូវដូចជារលុបបាត់ទៅហើយ ខ្ញុំចូលទៅឃើញតែស្ពានច្បាស់គឺស្ពាននោះស្អាត ស្ពានសាងសង់ពីថ្មបាយក្រៀមហើយស្ពាននោះគេបានអភិរក្សថែរក្សានៅក្នុងបរិវេណនោះដែរខ្ញុំឃើញជាក់ស្ដែងដូចអត់មានឃើញស្នាក់ស្នាមជីកកកាយវាឃើញកន្លែងហ្នឹងដាំស្មៅស្អាតបាតអត់មានប៉ះពាល់អីទេ គេចាប់អារម្ភណ៍គេថែរក្សា”។

បណ្ឌិតនរៈវិទ្យានៃរាជបណ្ឌិត្យសភាលោក ធុយ ចាន់ធួន មានប្រសាសន៍ថាតាមច្បាប់បេតិកភណ្ឌការអភិវឌ្ឍនៅតំបន់ក្បែរបេតិកភណ្ឌវប្បធម៌ត្រូវមានការអភិរក្សនិងថែរក្សាចំពោះវត្ថុមានតម្លៃទាំងនោះ ប៉ុន្ដែបើសិនការអភិវឌ្ឍបំផ្លាញសម្បត្ដិវប្បធម៌ជាតិ ដើម្បីប្រយោជន៍បុគ្គលវិញនោះ លោកថាខុសច្បាប់បេតិកភណ្ឌធ្ងន់ធ្ងរ

ហើយអាជ្ញាធរត្រូវចាត់វិធានការលើក្រុមហ៊ុននោះ។

បើតាមមគ្គទេសក៍ដែលសិក្សាកន្លងមក សំណង់ស្ពានបុរាណនោះកសាងឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នាសម័យអង្គរ ចំណែកផ្លូវបុរាណមានប្រភពចេញពីចំណុចស្ពានកំពង់ក្ដីនៃអាណាចក្រខ្មែរអង្គរដែលមានជាប្រព័ន្ធឆ្ពោះទៅកាន់ដែនអាយុធ្យាអាណាចក្រប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ