ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី

កិច្ចប្រជុំពិភាក្សាលើពង្រាងច្បាប់​ទាំងបី(រូបថតដោយ​ក្រសួងយុត្តិធម៌)

អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថាក្រសួងបានចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់ចំនួន៣បន្ថែមទៀតពាក់ព័ន្ធនឹងតុលាការ ដោយអះអាងថាដើម្បីកាត់បន្ថយជម្លោះនៅតាមសាលាជម្រះក្តីនិងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យច្បាប់និងយុត្តិធម៌។

កាលពីថ្ងៃទី២១ ខែមេសា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្ស វឌ្ឍានា បានដឹកនាំក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ ដើម្បីប្រជុំពិភាក្សាជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួនបី រួមមានសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសាការី សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈប្រឡាបញ្ជីនិងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ VODថាសេចក្តីព្រាងច្បាប់ទាំងបីមានសារសំខាន់ណាស់ក្នុងការកំណត់ពីតួនាទីភារកិច្ច របៀបរបបធ្វើការនិងការទទួលខុសត្រូវរបស់តួអង្គក្នុងវិស័យយុត្តិធម៌។ លោកបន្តថាច្បាប់លក្ខន្តិកៈនេះនឹងជួយលើកតម្កើងនូវប្រសិទ្ធភាព ផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនិងកាត់បន្ថយនូវសំណុំរឿងក្តីក្តាំគ្នានៅតុលាការ ហើយក៏អាចជួយធានាសុវត្ថិភាពគតិយុត្តិជូនដល់ប្រជាពលរដ្ឋ។

លោក ជិន ម៉ាលីន បន្ថែមថាការដែលមិនមានច្បាប់ទាំងបីនេះបានធ្វើឲ្យការអនុវត្តច្បាប់នៅតុលាការមិនទាន់មានភាពច្បាស់លាស់ សុក្រឹត្យនិងសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យមានវិវាទកើនឡើងនៅតុលាការ។ លោកមានប្រសាសន៍ថា៖ “យើងមានបញ្ហាដូចជាមានភាពមិនច្បាស់លាស់ផ្នែកគតិយុត្តិ ដូចជាប្លង់កាន់កាប់ដីធ្លី ការផ្ទេរកម្មសិទ្ធិ ការលក់ដូរអីជាដើមហ្នឹង ដោយសារយើងមិនមានតួអង្គសំខាន់នេះដើម្បីចូលមកធានាអះអាងជូនប្រជាពលរដ្ឋ បានន័យថាប្រជាពលរដ្ឋរបស់យើងគាត់អត់សូវមានសុវត្ថិភាពទេ ក្នុងការផ្ទេរកម្មសិទ្ធិការលក់ដូរអីចុះឡើងហ្នឹង គឺក្រោយពីការលក់ដូរ ក្រោយពីការផ្ទេរមកតែងតែមានវិវាទឈ្លោះប្រកែកគ្នា គេថានេះម្ចាស់កម្មសិទ្ធិលើកទីមួយ ដីនេះមិនមានកម្មសិទ្ធិទេ ដីនេះជារបស់រដ្ឋ ដីនេះមិនស្របច្បាប់ទេ ចឹងធ្វើឲ្យវិវាទនឹងកើតឡើងច្រើន ចឹងទេពេលដែលមានសាការី គាត់នឹងពិនិត្យទៅលើភាពស្របច្បាប់និងភាពត្រឹមត្រូវនៃបញ្ហាទាំងអស់នេះ ហើយវិវាទនឹងមិនកើតមានទៀតទេ”។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រឹពឹងថាសេចក្តីព្រាងច្បាប់ទំាងបីចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០១៦នេះ។

មេធាវី លោក ហុង គឹមសួន មានប្រសាសន៍ថាលោកមិនទាន់បានដឹងពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងបីនោះនៅឡើយ តែលោកថាការធ្វើច្បាប់ណាមួយត្រូវតែមានការចូលរួមដើម្បីផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកមានប្រសាសន៍ថា៖ “យើងឲ្យយោបល់សិនមុននឹងធ្វើការអនុវត្តមិនមែនការយល់ឃើញ ឬក៏ការតាក់តែងរបស់ក្រសួងយុត្តិធម៌ហើយ ស្រាប់តែរុញទៅទីស្តីការ រុញទៅខាងសភាឲ្យអនុម័ត ខ្ញុំមិនយល់ស្របជាមួយទេ ព្រោះយើងត្រូវការអនុវត្តច្បាប់ទាំងអស់ហ្នឹងជាមួយគ្នា ហើយបើសិនជាយើងអត់ទាន់ឲ្យយោបល់ យើងអត់ទាន់ឃើញពីផលលំបាកនៃការអនុវត្តទេ យើងអត់ទាន់ឲ្យយោបល់ទេ យកទៅអនុវត្តភឹងៗដូចច្បាប់NGO ច្បាប់ផ្សេងៗកន្លងមក ឬច្បាប់សហជីព  វាសុទ្ធតែទាក់ទងជាមួយអ្នកច្បាប់ ជាមួយនឹងសិទ្ធិប្រជាពលរដ្ឋអីទាំងអស់ហ្នឹង វាធ្វើទៅត្រូវមើលឃើញពីផលពិបាកឲ្យហើយ ចឹងយើងត្រូវមានការជជែកវែកញែក ផ្តល់យោបល់ ផ្តល់ជាមតិយោបល់ ស្តីអំពីអាណាចេញទៅវាល្អ អាណាចេញទៅវាខ្ទាស់ អាណាចេញទៅវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដល់ប្រជាពលរដ្ឋ និងសិទ្ធិប្រកបវិជ្ជាជីវៈរបស់អ្នកច្បាប់ផងដែរ”។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ តួនាទីរបស់អាជ្ញាសាលាជាអ្នកអនុវត្តសាលក្រមនិងសាលដីកាស្ថាពររបស់តុលាការ។ ចំណែកសាការីជាអ្នកធានាអះអាងលើការផ្ទេរកម្មសិទ្ធិនិងលក់ដូរដីធ្លីរបស់ប្រជាពលរដ្ឋ។ ចំណែកក្រឡាបញ្ជីជាអ្នកកត់ត្រាក្នុងសវនាការរបស់តុលាការ។

គួបញ្ជាក់ថារដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ច្បាប់ចំនួន៣ពាក់ព័ន្ធនឹងគឺច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ ការអនុម័តច្បាប់នោះត្រូវបានសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំងទៅលើខ្លឹមសារមួយចំនួន ដោយលើកឡើងថាច្បាប់ទាំងនេះនឹងធ្វើឲ្យប្រព័ន្ធតុលាការបន្តស្ថិតនៅក្រោមអំណាចរបស់ក្រសួងយុត្តិធម៌ដែលជាសេនាធិការរបស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ