នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យ​ពលរដ្ឋ​សន្សំ​សំចៃការ​ប្រើប្រាស់ទឹក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ ត្រូវសន្សំសំចៃចំពោះការប្រើប្រាស់ទឹក ខណៈប្រទេសកម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្តៅនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បានណែនាំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ស្របពេលកម្ពុជាកំពុងប្រឈមផលប៉ះពាល់ពីគ្រោះថ្នាក់ធម្មជាតិនិងខ្យល់កន្រ្តាក់និងរលកកម្តៅ។ លោកបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់និងអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃចំពោះការប្រើប្រាស់ទឹកផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ បានឲ្យដឹងថាប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណជាង១សែននាក់នឹងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់នៅប៉ុន្មានថ្ងៃខាងមុខទៀត ប្រសិនបើគ្មានភ្លៀងធ្លាក់ទាន់ពេលវេលា។

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់វីអូឌីថាបច្ចុប្បន្ននេះ ក្រសួងកំពុង បូមទឹកឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថាថ្មីៗនេះ ក្រសួងធនធានទឹកបានចេញសេចក្តីប្រកាសមួយ ដោយអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តមួយចំនួនប្រុងប្រយ័ត្នជាមួយបាតុភូតភ្លៀង ផ្គរ រន្ទះនិងខ្យល់ កន្រ្តាក់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ ខេត្តទាំងនោះមានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ