​លោក កឹម សុខា ៖​ជំហរ​ដឹកនាំ​គឺ​ទប់ស្កាត់​អំពើ​ផ្តាច់ការ បរទេស​ឈ្លានពាន និង​អំពើពុករលួយ​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃអាទិត្យនេះ បានរំឭកយុវជនមួយក្រុមថា លោកនៅតែប្រកាន់ជំហរធ្វើនយោបាយតាមបណ្តាំ របស់អ្នកនយោបាយជើងចាស់មួយរូបដែលបានលាចាកលោកទៅឲ្យទប់ស្កាត់បរទេសឈ្លានពាន ទប់ស្កាត់អំពើផ្តាច់ការ និងអំពើពុករលួយ។

ក្នុងកិច្ចសំណេះសំណាលមួយនៅស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភា នេះប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់យុវជនខ្មែរក្រោមមួយចំនួនដែលចូលជួបលោកថា ក្នុងជីវិតនយោបាយរបស់លោកនូវតែប្រកាន់ភ្ជាប់បណ្តាំរបស់លោក តាស៊ឺនសាន ក្នុងការជំរុញប្រទេសជាតិរីកចម្រើន។

លោក កឹម សុខា បន្តថា បណ្តាំដែលលោកចាំមិនភ្លេច និងបន្តអនុវត្តបន្តនោះ គឺមិនត្រូវយកខ្មែរណាធ្វើជាសម្រូវ តែត្រូវទប់ស្កាត់អំពើឈ្លានពានពីបរទេស អំពើផ្តាច់ការ និងអំពើពុករលួយ។

លោកថា“មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវ របស់ខ្មែរ គឺជា៖ អំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ។ បើចង់បំបាត់អំពើពុករលួយ ត្រូវបំបាត់ពីលើចុះក្រោម ត្រូវលុបបំបាត់ពីអ្នកធំជាមុន ហើយបើចង់អភិវឌ្ឍប្រទេសឲ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើ គឺជួយអ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាចមុន

លោក កឹម សុខា បានរំឭកទៀតថា ទាំងខ្មែរក្រោម ខ្មែរកណ្តាល និងខ្មែរលើ ជាខ្មែរតែមួយ ហើយយុវជនមិនត្រូវយកគ្នាជាសត្រូវ។

បើតាមលោក កឹម សុខា លោកតា ស៊ឺនសានថា ការដឹកនាំប្រទេសត្រូវយកពលរដ្ឋធ្វើជាម្ចាស់ ហើយការកសាងប្រទេសឲ្យរីកចម្រើនបាន ត្រូវជួយអ្នកក្រីក្រមុនសិន។

លោក តា ស៊ឺនសាន ជាអតីតប្រធានគណបក្សរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលបានតស៊ូនៅជាយដែនខ្មែរថៃអំឡុងទសវត្សរ៍៨០ និងភាគីចម្រុះចាប់ដៃជាមួយសម្តេចព្រះនរោត្តម សីហនុ ក្នុងការបើកកិច្ចចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រហូតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១។

កិច្ចព្រមព្រៀងសន្តិភាពនោះ បានតម្រូវឲ្យភាគីខ្មែរទាំង៤ភាគី ឈប់បង្ហូរឈាមខ្មែរគ្នាឯង តាមរយៈធ្វើសង្គ្រៀម ហើយងាកមកប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យ ពោលគឺជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ដោយយកប្រជាពលរដ្ឋជាធំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ