​ព្រះបរមរាជវាំង​ច្រានចោល​​ថា​ព្រះមហាក្សត្រ​មិនបានរិះគន់រដ្ឋាភិបាលរឿងសិទ្ធិមនុស្ស

មន្ត្រីព្រះបរមរាជវាំង បានច្រានចោលនូវព័ត៌មានដែលថា ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះអង្គមានហ្វេសប៊ុកផ្ទាល់ព្រះអង្គ សម្រាប់បញ្ចេញទស្សនៈ ពីបញ្ហាសង្គម ដូចដែលបណ្តាញសង្គម កំពុងចែករំលែកព័ត៌មានតៗនោះទេ។

នៅប៉ុន្មានថ្ងៃនេះ បណ្តាញសង្គមបានបង្ហោះតៗគ្នាពីផេក(Page)មូយដែលដាក់រូបភាពព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដែលហ្វេសប៊ុកនោះ បានរិះគន់រដ្ឋាភិបាលថា រិតត្បិតសេរីភាពបញ្ចេញមតិរបស់ប្រជារាស្ត្រ។

នៅក្នុងផេក(page) ដែលមានឈ្មោះថា ” ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ដែលគេបានបង្ហោះតៗគ្នានោះមានខ្លឹមសារថា “បើសិនជាថ្ងៃណាមួយសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជារាស្ត្រ ត្រូវបានគេបិទសិទ្ធិរហូតដល់ក្លាយជាមនុស្ស “គ” អស់ទៅហើយនោះប្រជារាស្ត្រក៏មិនខុសគ្នាអំពីសត្វចៀម ឬពពែដែលត្រូវបានគេយកទៅចូលកន្លែងសត្តឃាដនោះឡើយ”។

មន្ត្រីព្រះបរមរាជវាំងនិងជាទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ ប្រាប់វីអូឌី(VOD)នៅថ្ងៃទី២២ខែឧសភា នេះថា ព្រះមហាក្សត្រមិនមានហ្វេសប៊ុកផ្ទាល់ព្រះអង្គទេ។ លោកថា ករណីព្រះបរមរាជវាំង នឹងធ្វើសេចក្តីប្រកាសព័ត៌មានច្រានចោលជាសាធារណនៅពេលឆាប់ៗនេះ។

នៅពេលសួរថា តើព្រះបរមរាជវាំងនឹងមានវិធានការយ៉ាងណា ទៅលើអ្នកដែលបង្កើត (page) ក្លែងបន្លំនេះ?លោកថា ព្រះមហាក្សត្រអព្យាក្រិត ទំនងជាទុកឲ្យរដ្ឋាភិបាល ជាអ្នកដោះស្រាយជំនួស។

លោក អ៊ុំ ដារ៉ាវុធ ឲ្យដឹងទៀតថា ប្រភពដដែលបញ្ជាក់ថា អ្នកបង្កើត (page) នេះ មាននៅប្រទេសបារាំង និងអាមេរិក ប៉ុន្តែលោកថា មិនទាន់ដឹងថាបុគ្គល ណាមួយពិតប្រាកដនៅឡើងទេ។

ការបង្ហោះពីព័ត៌មានដ៏កម្រថា ព្រះមហាក្រត្រមានហ្វេសប៊ុក ហើយបានរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ ធ្វើងឡើងចំពេលដែល ស្ថានការនយោបាយនៅកម្ពុជា ឈានទៅចាប់ខ្លួនសកម្មជនបក្សប្រឆាំង ចាប់តំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិ និងចាប់មន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនដាក់ពន្ធនាគារ ព្រមទាំងសេរីភាពបញ្ចេញមតិ ត្រូវគេមើលឃើញថា បានរឹតបន្តឹង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ