ប្រទេសចិននិងឥណ្ឌា គ្រោងជួសជុលប្រាសាទបេងមាលា និងអភិរក្សវប្បធម៌អរូបបិយ

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 2:21 PM | វប្បធម៌អភិបាលកិច្ចល្អ | 0 | 8125 ប្រាសាទបេងមាលា (មាស មុនី)

មន្ដ្រីអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ​សភាបេតិកភណ្ឌវប្បធម៌នៃប្រ​ទេស​ចិនហៅកាត់ថា CACH គ្រោងជួសជុលនិងកែលំអរប្រាសាទបេងមាលា ខណៈ​ប្រទេសឥណ្ឌមាន​គម្រោង​អភិរក្សវប្បធម៌​អរូបបិយនៅតំបន់រមណីយដ្ឋានអង្គរ។

ការប្រកាសពីគម្រោងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់កា​រ​អភិ​វឌ្ឍនិងការពារបេតិកភណ្ឌហៅកាត់ថា ICC ដែល​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ នាមជ្ឍមណ្ឌល​អាជ្ញាធរជាតិអប្សរា ក្នុងខេត្ដសៀមរាបចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែមិថុនានេះ​។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា​ សភាបេតិកភណ្ឌវប្បធម៌នៃសាធារណៈរដ្ឋប្រជាមានិតចិន ហៅកាត់ថា CACH បាន​សហការ​ជាមួយអាជ្ញាធរជាតិអប្សរា ដោយគ្រោងជួសជុល និងកែលំអរប្រាសាទ​បេងមាលា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ឲ្យមានស្រស់ស្អាត។ លោកបន្ដថា ដោយឡែកប្រទេសឥណ្ឌា នឹងចូលរួមធ្វើសកម្មភា​ព​សិក្សាស្រាវជ្រាវប្រមូលទិន្នន័យនូវ​វប្បធម៌សិល្បៈអរូបបិយ​និងរូបបិយនៃប្រវត្តិសាស្ដ្ររមណីយដ្ឋានអង្គរ សម្រាប់ទុកជាឯកសារ​នៃការវិវត្ដនូវ​ប្រាសាទបុរាណផងដែរ។ លោកបន្ដថា គម្រោងទាំងនេះ នឹងចាប់អនុវត្ដនាពេលឆាប់ៗខាងមុខនេះ។

លោកបន្ដថា៖ «ការចុះហត្ថលេខានៅថ្ងៃនេះ គឺដើម្បីបង្កើតនូវមូលដ្ឋានមួយ ប្រមូលព័ត៌មាន យើងសហការសិក្សាស្រាវជ្រាវយកព័ត៌មានទាំងអស់ អំពីការងារអភិរក្ស​អំពីការងារស្រាវជ្រាវបុរាណ វិទ្យាអំពីប្រវត្ដិសាស្ដ្រនៅកន្លែង ដើម្បីចងក្រងជាឯកសារហើយ​យើងអាចងាយស្រួល​វាយតម្លៃថា តើការជួសជុល នឹងធ្វើឡើងតាមរបៀបណា។ នេះហើយជា​គោលបំណងសំខាន់​នៃកិច្ចសហប្រតិបត្ដិការរ​វាងទាំងពីរស្ថាប័ននេះ»។

បើតាមលោក ឡុង កុសល សភាបេតិកភណ្ឌនៃប្រទេសចិន ក៏បានជួសជុលប្រាសាទខ្លះ​ទៀតក្នុង​តំបន់​​អ​ង្គរផងដែរ រួមមានប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ​ជាដើម។ ចំណែកប្រទេសឥណ្ឌា ក៏បានជួសជុលប្រសាទតាព្រហ្មផងដែរ ប៉ុន្ដែសម្រាប់ការអភិរក្ស​នឹងចងក្រងនូវវប្បធម៌អរូបបិយនេះ ជាលើកដំបូង៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required