បក្សប្រឆាំងហាក់មិនចាប់អារម្មណ៍នឹងយុទ្ធសាស្ត្របក្សកាន់អំណាចដែលថាបន្តឲ្យដៃគូចុះខ្សោយ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកស្រី មួរ សុខហួរ

បក្សប្រឆាំងហាក់នៅរក្សាភាពស្ងៀមស្ងាត់ជុំវិញយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ដែលថានឹងធ្វើឲ្យដៃគូប្រកួតមួយនេះចុះខ្សោយតាមរយៈតុលាការ។

កាលពីថ្ងៃទី១៩ខែកក្កដា គណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំមួយដោយចេញរបាយការណ៍ថាបក្សប្រឆាំងពេលនេះកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំនិងប្រឈមបញ្ហាផ្ទៃក្នុងជាច្រើន។

របាយការណ៍ដដែលបញ្ជាក់ថា គណបក្សកំពុងគ្រប់គ្រងអំណាចបានកំណត់ទិសដៅនិងភារកិច្ចបន្តធ្វើឲ្យបក្សប្រឆាំងកាន់តែចុះខ្សោយតាមរយៈបន្តយុទ្ធសាស្ត្រលើកទឹកចិត្តឲ្យគណបក្សនយោបាយដទៃចូលរួមការបោះឆ្នោតឲ្យបានច្រើននិងជំរុញអនុវត្តនីតិវិធីរបស់តុលាការដែលគណបក្សនោះថារាល់សកម្មភាពល្មើសច្បាប់របស់ថ្នាក់ដឹកនាំ មន្ត្រី និងសកម្មជនរបស់គណបក្សប្រឆាំង។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកស្រី មួរ សុខហួរ ឆ្លើយនឹងសំនួររបស់VODពេលធ្វើសន្និសីទនៅស្នាក់ការកណ្តាលគណបក្សនៅព្រឹកថ្ងៃទី២២ខែកក្កដានេះថា គណបក្សប្រឆាំងមួយនេះនៅតែប្រកាន់ជំហរយកការផ្សះផ្សាជាតិនិងការបង្រួបបង្រួមជាតិជាធំ ដែលលោកស្រីថាដើម្បីឈានទៅរកការបោះឆ្នោតមួយនាពេលខាងមុខដោយសេរី ស្មើភាពគ្នា និងគ្មានការគំរាមកំហែង។

បើតាមលោកស្រី មួរ សុខហួរ គណបក្សសង្គ្រោះជាតិមានក្រុមការងារសម្រាប់ពង្រឹងសមត្ថភាពនិងពង្រឹងផ្ទៃក្នុង បានគ្រាប់គ្រាន់ហើយ។

លោកថា៖ «គណបក្សសង្គ្រោះជាតិមានយន្តការគ្រប់គ្រាន់ មានថ្នាក់ដឹកនាំនៅគ្រប់ថ្នាក់ទាំងអស់ដោះស្រាយបញ្ហារបស់គណបក្ស ហើយអ្វីជាការវាយតម្លៃពីក្រៅ យើងមិនយកចិត្តទុកដាក់ទេ។ តែអ្វីដែលសំខាន់ យើងពង្រឹងខ្លួនយើង ហើយយើងបន្តការងាររបស់យើងឈានទៅចូលរួមក្នុងការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌។ យើងមិនខ្លាចទេនៅក្នុងការប្រកួត ប៉ុន្តែសូមប្រកួតឲ្យបានដោយសេរី ត្រឹមត្រូវ ដោយយុត្តិធម៌ដោយគ្មានការគំរាមកំហែងនិងគ្មានការចាប់ចងនិងគ្មានការប្រឈមមុខនឹងតុលាការដែលយើងមិនយល់ឃើញថាជាតុលាការមួយដែលឯករាជ្យអព្យាក្រឹតពិតប្រាកដ»

កន្លងទៅទាំងមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនបានចាត់ទុកថាវិធានការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលចាប់ខ្លួនមន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង និងការយាយីដល់មេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ពួកគេថា តុលាការជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាចក្នុងបំណងចង់រំលាយបក្សប្រឆាំងមុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨មកដល់ ដើម្បីបានគ្រប់គ្រងអំណាចបន្តទៀត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានការពារខ្លឹមសារនៃរបាយការណ៍របស់គណបក្សខ្លួនថាមិនបានជ្រៀតជ្រែកដល់ប្រព័ន្ធយុត្តិធម៌ទេ។

លោកថា៖ «ក្នុងពេលប្រជុំគឺមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលរួម។ អញ្ចឹងទេ រដ្ឋមន្ត្រីយុត្តិធម៌គាត់មានភារកិច្ចស្នូលគាត់ មិនខុសច្បាប់ទេ ជំរុញឲ្យតុលាការអនុវត្តច្បាប់ត្រឹមត្រូវ ពុំមានបង្គាប់បញ្ជាឲ្យតុលាការឲ្យទៅកាត់ទោសអ្នកនេះ កាត់ទោសអ្នកនោះ ឲ្យជាប់ប៉ុន្មានៗឯណា អាហ្នឹងមិនជ្រែតជ្រែកចូលយុត្តាធិការរបស់តុលាការទេ អានេះវាជាឆន្ទានុសិទ្ធិរបស់តុលាការ»

របាយការណ៍បញ្ជាក់ដែរថាគណបក្សប្រជាជនកម្ពុជានិងបន្តពង្រឹងឧបករណ៍អំណាចរបស់រដ្ឋជាពិសេសកងកម្លាំងប្រដាប់អាវុធនិងស្ថាប័នតុលាការដែលបក្សនោះថា ដើម្បីធានាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល និងការពារសេចក្តីសុខរបស់ប្រជាជន។

បញ្ហានយោបាយនៅកម្ពុជានេះធ្វើឲ្យប្រទេសជាម្ចាស់ជំនួយមានសហភាពអឺរុបនិងសហរដ្ឋអាមេរិកផង គំរាមផ្តាច់ជំនួយដល់កម្ពុជា ដោយបារម្ភថានយោបាយនៅតែមានភាពផុយស្រួលប៉ះដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។

ទោះជាយ៉ាងណាលោកស្រី មួរ សុខហួរ បានយកថ្ងៃគម្រប់ខួប២ឆ្នាំនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ២២កក្កដាអំពាវនាវឲ្យដៃគូប្រកួតវិលទៅរកតុចរចា ស្វែងរកការឯកភាពជាតិតាមរយៈវប្បធម៌សន្ទនាដល់ការគោរពស្មារតីនៃកិច្ចព្រមព្រៀងទាំង៧ចំនុច ដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរបានចុះហត្ថលេខារួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ