លោក ហ៊ុន សែន ព្រមានអ្នកការទូតកុំឲ្យលើកពីករណីឃុំមន្រ្តីបក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ប្រភពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាននៅចំពោះមុខអ្នកការទូតកុំឲ្យលើកករណីឃុំខ្លួនមន្រ្តីគណបក្សប្រឆាំង ឲ្យលោកដោះលែង ខណៈលោកនៅតែមានការខឹងសម្បានឹងការចោទថា ភរិយានិងកូនរបស់លោកជាប់ឈាមជ័រវៀតណាម។

ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានរំលឹកឡើងវិញពីអ្វីដែលគេចោទថា ភរិយានិងកូនប្រុសច្បង ជាកូនមេដឹកនាំវៀតណាម ឈ្មោះ ឡេ ដឹកថូ។ លោកចាត់ទុកថា នេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាន។

លោកមានប្រសាសន៍ថា៖  “សុំទោស! ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកពិតជាបានដឹងរឿងហ្នឹង! ថ្ងៃនេះយើងនិយាយគ្នាឲ្យច្បាស់។ ហេតុអីបានជាលោក ហ៊ុន សែន ធ្លាប់តែធ្វើការសម្របសម្រួលអាអ្នកជាប់គុកស៊ីញ៉េរឲ្យបានចេញក្រៅគុក? ព្រោះច្បាប់ពន្ធនាគារ គេឲ្យអំណាចមកនាយករដ្ឋមន្រ្តីថា អាចធ្វើការសុំលើកលែងទោសបាន។ ប៉ុន្តែខ្ញុំអត់ធ្វើទេ! ដោយតម្លៃណាក៏ដោយខ្ញុំមិនធ្វើ!”

អតីតសមាជិកគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹកថូ (Le Duc Tho) ជាមួយលោកស្រី ប៊ុន រ៉ានី និងបានទាមទារឲ្យលោក ហ៊ុន សែន ពិនិត្យ DNA ជាមួយលោក ហ៊ុន ម៉ាណែត។

ប៉ុន្តែក្រោយពីមានប្រតិកម្មពីលោក ហ៊ុន សែន គណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយថាមិនគាំទ្រចំពោះការលើកឡើងរបស់លោក យ៉ង់ ណុយ នោះទេ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀត ចំពោះអ្វីដែលលោកហៅថាទាល់តែមានការប៉ះប៉ូវ ដើម្បីជម្រះការចោទប្រកាន់នេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមាជិកគណបក្សប្រឆាំងជិត២០នាក់ហើយកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅទីស្នាក់ការបក្ស ហើយលោក សម រង្ស៊ី ក៏បាននិរទេសខ្លួនឯងគេចចេញពីការចាប់ខ្លួនទាក់ទងនឹងបណ្តឹងនានារបស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ