បទយកការណ៍៖ អ្នកពាក់ព័ន្ធថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ​ឆ្នាំនេះ មានសភាព​ស្ងប់ស្ងាត់

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 8:28 AM | បទយកការណ៍ | 0 | 1045 សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបាក់ទូក

នៅតាមមណ្ឌលប្រឡងទុតិយភូមិមួយចំនួនក្នុង​រាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ ​និងមិនទាន់​លេចឮ​ព័ត៌​មាន​​បែក​ឯកសារប្រឡង​​ដូចឆ្នាំកន្លងទៅនោះទេ។ ការស្ងប់ស្ងាត់នេះ ក្រោយ​ពេលរដ្ឋាភិ​បាល​ធ្វើកំ​ណែ​ទម្រង់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា។

សំឡេងសិស្សានុសិស្សជជែកគ្នាពីនេះ ពីនោះជុំវិញការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា​ប្រឡង​បាក់​ឌុប។

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ មានរបៀបរៀបរយ ដោយ​​មិន​មានប្រ៊ី​យ៉ុង សរសេរ​​​លើ​ក្រដាសយកចូលក្នុងបន្ទប់ប្រឡង ឬ​បោះចោលពាស​វាលពាសកាល ​ទំាង​ក្នុងបរិវេណ​សាលា និង​ក្រៅ​របងសាលា និង​មិនទាន់ឭព័ត៌មានសិស្សនិយាយពីការ​បែកធ្លាយ​ឯក​សារ​​ប្រឡង​​ដូច​ឆ្នាំ​មុនៗ​​​នោះទេ។

មណ្ឌល​ប្រឡងនៅរាជធានីភ្នំពេញ ទំាងនោះរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ សន្ធម៉ុក ទួលស្វាយព្រៃ បាក់ទូក វិទ្យាល័យ​វត្ត​កោះ​​​ វិទ្យាល័យជាស៊ីមសាមគ្គី​ វិទ្យាល័យជីវិតថ្មី និងវិទ្យាល័យបឹងកេង​កង​ជា​ដើម​។

យុវតី វណ្ណ សិលា​ ដែលអះអាងថា​ រៀន​នៅវិទ្យាល័យជីវិត​ថ្មី​ ក្បែរសន្ធម៉ុក រាជធានីភ្នំពេញ បានរៀប​រាប់ថា កា​រ​​ប្រ​ឡង​បាក់ឌុប​ឆ្នាំនេះ អនុរក្ស និងមន្ត្រី​នៅអង្គភាពប្រឆំាងអំពើពុករលួយ ​ដើរឃ្លំា​មើលសិស្ស​ដោយ​យក​​ចិត្តទុកដាក់ ដោយថា មិនអោយងាក​សួរគ្នា ឬ មើលប្រ៊ីយ៉ុងបាន​ឡើយ។

សិស្សនិយាយថា៖ «ពេលដែលយើងចូលដល់បន្ទប់ប្រឡង ពេលដែលគេ [គ្រូ]គោះជួងឲ្យសរសេរវិញ្ញាសារប្រឡង សិស្សនីមួយៗស្ងៀមស្ងាត់ ហើយប្រឹងធ្វើតាមសមត្ថិភាពរបស់ខ្លួនឯង គាត់អត់អាច ងាកឆ្វេង ងាកស្តំា ​​​​ឬក៏សួរពីអ្នកណាគេ ចម្លងពីអ្នកណាគេបានទេ បើសិនជាយើងលួចចម្លងពីគេឬមួយក៏យើងធ្វើខុស ដែលទៅនិងបទបញ្ជារបស់គេ[គ្រូ] អនុរក្ស ឬ ខាងប្រឆំាងអំពើពុករលួយគាត់អាចកត់ឈ្មោះរបស់ពួកយើង»

អ្នកយកព័ត៌មានVOD បានចុះទៅសាកសួរសិស្ស​មួយចំនួន​នៅតាម​មណ្ឌលប្រឡងប្រមាណ ១០មណ្ឌល នៅ​ក្នុ​ង​​រាជធានី​ភ្នំពេញ ពួកគេ​បានលើកឡើងប្រហាក់ប្រហែលគ្នាថា ប្រឡងបាក់ឌុប​ឆ្នាំនេះ មាន​សង្ឃឹម​ជាប់​ច្រើន បើទោះជា មានការរឹតបន្តឹងមិនឲ្យយកនិង​មើលឯកសារផ្សេងៗ ឬប្រ៊ីយ៉ុង​ក៏ដោយ។

ដើរចេញពីច្រកទ្វារវិទ្យាល័យជាស៊ីមសាមគ្គី​ លោក កង ចាក់ក្រា ត្រៀមចេញទៅផ្ទះ បានឲ្យដឹងដែរថា ទោះជា​ការប្រឡង​ឆ្នាំនេះ ​មានការរឹតបន្តឹង យ៉ាងណាក៏ដោយ ក៏គាត់បង្ហាញជំនឿថា ​នឹងប្រឡង​ជាប់ដោយ​សមត្ថិភា​ពខ្លួនឯង​។

លោក កង ចាក់ក្រា ថា៖ «សង្ឃឹមជាប់​…ព្រោះខ្ញុំរៀនតំាងពីដើមឆ្នាំមកតំាងពីទី១១មក រៀនគួរជាប់ជាមួយគ្រូៗ ខ្ញុំស្គាល់លក្ខណៈធ្វើលំហាត់និងសំនួរច្បាស់សម្រាប់ខ្ញុំ ខ្ញុំចេះស្រាប់ ខ្ញុំអត់ពិបាកទេ ប៉ុន្តែពិបាកសម្រាប់អ្នកអត់ចេះ ខ្ញុំប្តេជ្ញាចិត្តថានឹងយកសេ [និន្ទេសC] »

បើតាមសិស្ស ដែលទៅប្រឡង​បាក់ឌុប បានអះអាងស្រដៀងគ្នាថា ក្រោយពីរដ្ឋាភិបាល​ធ្វើកំណែ​ទម្រង់​វិស័យ​អប់រំ​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ ដោយរឹតបន្តឹងមិនឲ្យសិស្ស​យកសំណៅឯកសារ ម៉ាស៊ីនគិតលេខ និងទូរសព្ទ ចូលក្នុង​បន្ទប់ប្រឡង ពួកគេថា ខិតខំសិក្សា ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជា​មានភាពល្អប្រសើរ​។

យុវជន សាយ ដេវីត សិស្ស​មកពីវិទ្យាល័យវត្តកោះ មានឈ្មោះ​ប្រឡងនៅវិទ្យាល័យ ហ៊ុន សែន បាក់ទូក  អះអាងថា នឹងប្រឡង​ជាប់នៅក្នុង​ឆ្នាំនេះ តាមសមត្ថិភាពរបស់ខ្លួន​។ សិស្សរូប​នេះ បានផ្តាំទៅ​សិស្ស​ជំនាន់​ក្រោយៗ​ទៀត ត្រូវខិតខំសិក្សាពីដើមឆ្នាំ​ ដោយថា ដើម្បីធ្វើ​ឲ្យវិស័យអប់រំនៅកម្ពុជា​មានភាពល្អប្រសើរប្រកួត​ប្រជែង ​ជា​មួយប្រទេសសមាជិកអាស៊ាន។

យុវជន សាយ ដេវីត ថា៖ «ខ្ញុំក៏សំណូមពរដល់សិស្សានុសិស្សទំាងអស់គ្រប់ជំនាន់ទំាងអស់ មិនថាជំនាន់ណានោះទេ គ្រប់សាលាទៀតគួរតែខិតខំរៀនបន្ថែមហើយនឹងពង្រឹងសមត្ថិភាពខ្លួនដើម្បីប្រឡងជាប់បាក់ឌុបទំាងអស់​​គ្នា កុំឲ្យវិស័យអប់រំស្រុកខ្មែរយើងកាន់តែទាបទៅៗ ធ្វើយ៉ាងណាឲ្យវិស័យអប់រំស្រុកខ្មែរយើងមានលំនឹង ហើយកាន់តែឡើងឈានមុខលើឆាកអន្តរជាតិថែមទៀង​​»

អ្វីដែលគួរឲ្យកត់សំគាល់ជាងនេះទៀត នៅជុំវិញមណ្ឌលប្រឡងគេឃើញមានដាក់ពង្រាយកម្លាំងសមត្ថ​កិច្ច​មិនតិចជាង ១០នាក់នោះទេ ដើម្បីការពារសុវត្ថិភាពសិស្ស ខណៈមាន​តែអាណាព្យាបាលសិស្ស សាច់​ញាតិ និងមិត្តភ័ក្តិ តិចតួចតែប៉ុណ្ណោះ ដែលទៅឈរ និងអង្គុយចំាកូន ចៅ ឬក្មួយ ដែលទៅប្រឡង​។

អង្គុយក្បែររបងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ អ្នកស្រី លឹម សុខហ៊ាង​ បានរៀប​រាប់ទំាងទឹកមុខញញឹម ថា កាលពី​ថ្ងៃច​ន្ទ​ម្សិ​​លមិញ ក្មួយគាត់​ប្រាប់ថា​ ប្រឡងបាក់ឌុបសរសេរត្រូវ​ច្រើន​ ដោយ​សង្ឃឹមថា​ នឹង​ប្រឡង​ជាប់​​នៅ​ឆ្នាំ​នេះ។ អ្នកស្រីបន្តថា កំណែទម្រង់រដ្ឋាភិបាលក្នុងវិស័យអប់រំនេះ ធ្វើឲ្យសិស្ស ដែល​ទៅប្រឡង​ទទួល​បាន​លទ្ធ​ផលតាមសមត្ថិភាពខ្លួនឯង​ និងកាត់បន្ថយ មិនឲ្យមានអំពើពុករលួយនៅកម្ពុជា​។

អ្នកស្រីនិយាយថា៖ «តំាងពីឆ្នាំមុនៗ វិញ្ញាសារយើងបោះ ហើយមានទិញក្រៅ ទិញអីវារញ៉េរញ៉ៃ ឆ្នាំនេះវាល្អស្ងាត់ល្អ ឲ្យតែធ្វើត្រឹមត្រូវឲ្យក្មេងខំរៀនវាល្អ យុត្តិធម៌កុំយើងថា ក្មេងខ្លះអត់ចេញក៏ជាប់ដែរ យើងពិបាក ដ៏ក្មេងចេះ ទៅជាអត់ជាប់ ក្មេងអត់ចេះ ទៅជាជាប់វាពិបាកដែរ ដូចថាស៊ីសំណូកសូកប៉ាន់​​​»

សរុប​មក​វិញ សិស្សមួយចំនួន ដែលប្រឡងបាក់ឌុប​ឆ្នាំនេះ បានលើកឡើងថា ពួកគេ​រីករាយ និងសាទរ​ចំពោះ​វិធានការតឹងរឹងរបស់ក្រសួងអប់រំ ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ពីសមត្ថិភាព​ ខណៈពួកគេ​មួយ​ចំនួន​​​អះអាងថា មានសង្ឃឹមជាប់៥០ភាគរយ និងខ្លះទៀតត្រៀមចាំតាមដានមើលនិន្ទេសថែមទៀត​ផង​។

កាលពីព្រឹកថ្ងៃទី២១ ជាថ្ងៃទី១នៃការចាប់ផ្តើមប្រឡង រដ្ឋមន្ត្រីក្រសួងអប់រំ​ លោក ហង់ ជួនណារ៉ុន បានចូល​រួមក្នុង​ពិធីបើក​វិញ្ញា​សានៅ​វិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ​ រួចបន្ត​ត្រួតពិនិត្យមើលដំណើរការប្រឡង​នៅ​តាម​មណ្ឌល​ផ្សេងៗទៀត។ ​លោកមានប្រសាសន៍ថា ស្តង់ដារនៃការរៀបចំប្រឡងដូចឆ្នាំមុនៗ គឺបាន​ល្អ​ប្រសើរ ដោយមានការសហការគ្នា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាព​សហព័ន្ធយុវ​ជន​កម្ពុជា។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា កំណែទម្រង់ របស់រដ្ឋាភិបាលលើវិស័យអប់រំរយៈពេល៤ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យច្រើន ប៉ុន្តែលោកបង្ហាញការព្រួយបារម្ភពីសមត្ថិភាពប្រឡងរបស់សិស្ស ដែលសិក្សានៅតំបន់ដាច់ស្រយាល និងទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ។

លោកបារម្ភថា៖ «សម្រាប់ការប្រឡងឆ្នាំក្រោយទៀត ជាពិសេសគឺសម្រាប់ការពង្រឹងសមត្ថិភាពសិស្សនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន បើសិនជាសាលារៀនដែលស្ថិតនៅទីប្រជុំជនមានបណ្ណាល័យភ្ជាប់ទៅដោយកុំព្យូទ័រ ភ្ជាប់ដោយអ៊ីនធើណេតសំរាប់ការរៀនអនឡាញ សាលាជនបទ ក៏ត្រូវតែមានស្តង់ដារបែបហ្នឹងដែរ ឬក៏ហៅថាស្តង់ដារប្រហាក់ប្រហែលធ្វើម៉េច ដើម្បីជាការផ្តល់ឱកាសឲ្យពួកគេ ឲ្យបានរៀនប្រហាក់ប្រហែលគ្នា ពីព្រោះការប្រឡងចេញវិញ្ញាសារតែមួយទេ ទូទំាងប្រទេស ប៉ុន្តែបើសិនជាឱកាសនៃការរៀនអត់ស្មើគ្នា ក៏ជាចំណុចប្រឈមមួយសម្រាប់សិស្សនៅទីជនបទដែរ»។

សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ ថ្ងៃទី២១និង២២ ខែសីហា ឆ្នាំ២០១៧។ ចំនួនសិស្សប្រឡងឆ្នាំនេះ មានជាង១០ម៉ឺននាក់​ កើនជាង១ម៉ឺននាក់ បើ​ធៀប​ឆ្នាំមុន​ និងមាន១៧៨មណ្ឌល ក្នុង២៥ខេត្តក្រុង។ ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើ​ពុករលួយ​បាន​ដាក់អ្នកសង្កេតការណ៍ចំនួន ៤ ៥៨៧នាក់ ហើយចំណែកឯសហភាពសហព័ន្ធយុវជនកម្ពុជា ៥៨៦នាក់ នៅ​ទូទាំង​ប្រទេស។

ការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី១២ខែកញ្ញា សម្រាប់​នៅភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧សម្រាប់ទូទាំងប្រទេស៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required