លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដូចរាល់ដងថា កុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្តក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ ខណៈលោកទទួលស្គាល់ថាកន្លងមកការអំពាវនាវរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាព។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថ្លែង ដោយបង្ហាញក្តីសង្ឃឹមថា រថយន្តឈ្នួលនឹងមិនដំឡើងថ្លៃនោះទេ បើទោះជាលោកថាកន្លងមកពួកគេមិនស្តាប់ ការអំពាវនាវរបស់រដ្ឋាភិបាលក៏ដោយ។ លោកថ្លែងថា៖ “នៅរដូវភ្ជុំឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយកុំឡើងថ្លៃ អំពាវនាវ ចេះតែអញ្ចឹង តែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ ចេះតែជិះទៅ“។
អ្នករត់តាក់ស៊ីមួយចំនួនបានឲ្យដឹងថា មូលហេតុដែលពួកគេដំឡើងថ្លៃឈ្នួលនៅពេលបុណ្យជាតិធំៗនោះ ដោយសារតែពួកគេដឹកភ្ញៀវបានតែពីភ្នំពេញទៅស្រុក ចំណែកមកភ្នំពេញវិញមិនមានភ្ញៀវដឹក។ អ្នកខ្លះទៀត លើកឡើងថា ការដែលពួកគេឡើងថ្លៃ ព្រោះតែថ្លៃចំណតឡើងថ្លៃដែរនិងមានសមត្ថកិច្ចចាំស្ទាក់យកលុយពីអ្នករត់តាក់ស៊ីលើសច្បាប់កំណត់។
តាមគម្រោងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នឹងជួបជាមួយសមាគមដឹកជញ្ជូននៅថ្ងៃទី២២ខែកញ្ញានេះ ដោយថានឹងពិភាក្សានិងចុះកិច្ចសន្យាមិនដំឡើងថ្លៃឈ្នួលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕