នាយក​រដ្ឋមន្ត្រី​ប្រកាស “បទ​ឈប់​បាញ់” នយោបាយ​នៅ​រដូវ​បុណ្យ​ភ្ជុំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោករង់ចាំមើលថាមានអ្នកនយោបាយណាវាយប្រហារលោកមុន ខណៈដែលលោកអះអាងថា “បទឈប់បាញ់” នយោបាយមួយហាក់បីដូចជាត្រូវរូវគ្នាកាលពីថ្ងៃអង្គារ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រឲ្យនិសិ្សតសកលវិទ្យាល័យមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថាលោកពុំមានសារនយោបាយអ្វីដែលត្រូវតបតទៅបក្សប្រឆាំងនោះទេ ដោយលោកលើកឡើងថាបទឈប់បាញ់នយោបាយថ្មីមួយហាក់បីដូចជាបានត្រូវរ៉ូវគ្នាកាលពីថ្ងៃអង្គារ។ លោកថាលោករង់ចាំមើលថានរណាជាអ្នកវាយប្រហារមុនក្នុងឱកាសនៃពិធីបុណ្យភ្ជុំនេះ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំគួរតែមិនត្រូវបាននិយាយច្រើនទេ ដោយសារតែបទឈប់បាញ់មួយហាក់បីដូចជាបានស្ងៀមស្ងាត់បន្តិចនៅក្នុងរយៈពេលតាំងពីថ្ងៃចន្ទ។ ថ្ងៃចន្ទវាមានការបាញ់គ្នា ដល់ថ្ងៃអង្គារបទឈប់បាញ់មួយគឺហាក់បីដូចជាមិនត្រូវមានការបាញ់ឆ្លងឆ្លើយទេ បើអញ្ចឹងខ្ញុំរង់ចាំមើលថារដូវបុណ្យភ្ជុំបិណ្ឌនេះនរណាវាយនរណាមុន។ ព្រោះជាធម្មតា ខ្ញុំចង់ឲ្យសភាពការណ៍វាស្ងប់ស្ងាត់ មិនចង់ឲ្យមានការឆ្លងឆ្លើយគ្នា ចាំមើលថាបទឈប់បាញ់នេះនរណាជាអ្នកផ្តើមមុន”។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យវីអូឌីដឹងថា គណបក្សសង្គ្រោះជាតិគាំទ្រនូវសកម្មភាពទាំងអស់ដែលអាចនាំឲ្យមានស្ថានភាពនយោបាយឈានទៅរកភាពប្រក្រតីនិងស្ងប់ស្ងាត់ឡើងវិញ។ លោកឲ្យដឹងដែរថានៅពេលនេះគណបក្សត្រូវការពេលវេលានិងមធ្យោបាយនានា ដើម្បីឲ្យស្ថានការណ៍នយោបាយត្រលប់ប្រសើរវិញ។

លោកថា៖ “អ្វីក៏ដោយដែលឈានដល់ការនាំឲ្យស្ថានភាពនយោបាយឈានដល់ភាពប្រក្រតី ភាពស្ងប់ស្ងាត់ យើងគាំទ្រទាំងអស់ គឺគណបក្សសង្គ្រោះជាតិចង់បានបែបហ្នឹង។នៅពេលនេះពេលជៀសវាងការឆ្លើយតបដោយពាក្យសម្តី។ យើងពិចារណារកដំណោះស្រាយ”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា បានសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ដោយលោកលើកឡើងថាការវាយប្រហារគ្នាទៅវិញទៅមកក្នុងការធ្វើនយោបាយមិនមានអ្វីចំណេញដល់ប្រទេសជាតិទេ។ លោកយល់ថាខណៈដែលបក្សទាំងពីរហាក់បីជាបន្ទន់ជំហរនេះ លោកថាវាជាឱកាសល្អមួយដែលអាចបន្ថយកម្តៅនយោបាយនិងឈានទៅដល់ការឯកភាពគ្នារវាងអ្នកនយោបាយទាំងពីរបក្ស។

លោកថា៖ “ប៉ុន្តែខ្ញុំហើយនឹងប្រជាពលរដ្ឋខ្មែរក៏នៅរង់ចាំមើលថា ពីព្រោះកន្លងមកយើងឃើញថាអ្នកនយោបាយធ្លាប់បង្កើតកិច្ចព្រមព្រៀងហើយ តែនៅតែក្រោយមកនៅតែរំលោភកិច្ចព្រមព្រៀងនោះតទៅទៀត។ ខ្ញុំចង់ឃើញអ្នកនយោបាយមានភាពស្មោះត្រង់រវាងអ្នកនយោបាយដូចគ្នា ជាពិសេសរវាងប្រជាពលរដ្ឋ ប្រទេសជាតិ ហើយើងមិនចង់ឃើញការប្រើប្រាស់វោហាសាសន៍នយោបាយនោះគ្រាន់តែល្អមើលដើម្បីទាក់ទាញការចាប់អារម្មណ៍ផ្នែកនយោបាយតែប៉ុណ្ណោះទេ”។

កម្តៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល ពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងរឿងស្នេហា។ ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាព របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ។

ប្រទេសចំនួន៣៦បានទទួចឲ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់គណបក្សប្រឆាំងនិងសង្គមស៊ីវិនៅកម្ពុជា ដោយថាឲ្យការបោះឆ្នោតខាងមុខអាចទទួលបាន។

មន្រ្តីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឲ្យដឹងថាតំណាងរាស្ត្រក្សនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភានៅខែក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបង្ហើបថាកន្លែងចរចាគឺមានតែមួយគត់គឺនៅរដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ