ពលរដ្ឋខ្មែរនៅក្រៅប្រទេសតវ៉ាព្រមៗគ្នាឲ្យដោះលែងលោក កឹម សុខា

រូបភាពពី ហ្វេសប៊ុក

ពលរដ្ឋខែ្មរដែលកំពុងរស់នៅតាមបណ្តាប្រទេសមួយចំនួន​ បានរៀបចំការប្រមូលផ្តុំតវ៉ាក្នុងពេលបន្តបន្ទាប់គ្នា នៅតាមប្រទេសដែលពួកគេរស់នៅ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា និង អនុវត្តន៍ការដឹកនាំតាមបែបប្រជាធិបតេយ្យ។​​

តាមសេចក្តីប្រកាសព័ត៌មាន​របស់សហគមន៍ខ្មែររស់នៅក្រៅប្រទេសបានឲ្យដឹងថា  ពលរដ្ឋខ្មែរដែលរៀបចំតវ៉ានៅប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះមាននៅ​ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បួង ជប៉ុន អូស្ត្រាលី​ អាល្លឺម៉ង់ និង បណ្តាលប្រទេស​នៅសហភាពអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មានរបស់ពលរដ្ឋខ្មែរនៅអាមេរិក​បានឲ្យដឹងថា ខណៈដែលអង្គការ​សហប្រជាជាតិ​កំពុង​បើកកិច្ចប្រជុំ​មហាសន្និបាត​លើក​ទី ៧២ នៅ​ទីក្រុង New York   នាថ្ងៃសុក្រនេះ ពលរដ្ឋខ្មែររស់នៅទីនោះ​ បានប្រមូលផ្ដុំគ្នាតវ៉ា នៅខាង​មុខ​ស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិដោយពួកគេថា  ដើម្បីផ្ញើសារឲ្យ​​​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំងអស់​​លើ​ពិភព​លោកបាន​ដឹង​ពី​ការ​រំលោភសិទ្ធិ​មនុស្ស និង ការដឹកនាំ​ខុសគន្លង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញលោក  យឹម ស៊ីណន ដែលជាអ្នកដឹកនាំធ្វើ បាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ថ្លែងថា នៅថ្ងៃទី១ ខែតុលាខាងមុខនេះ ពលករ និងពលររដ្ឋខ្មែររស់នៅប្រទេសទីនោះ​ប្រមាណ​២ ពាន់នាក់ នឹងនាំគ្នាតវ៉ានៅមុខសាលាក្រុងសេអ៊ួល ដើម្បីស្នើឲ្យរដ្ឋាភិបាលមួយនេះ  ដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោក កឹម សុខា  និងទាមទារមានការបោះឆ្នោតនៅក្រៅ ប្រទេសដូចប្រទេសផ្សេងៗដែរ។

លោកថា«ចំណុចសំខាន់ទី ១ ទាមទារឲ្យដោះលែង  ទី២ ទាមទារឲ្យមានការបោះឆ្នោតនៅក្រៅប្រទេស ទី៣ ទាមទារឲ្យកែសម្រួលប្រព័ន្ធយុត្តិធម៌សង្គម ពីការបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពលរដ្ឋ នីមួយៗ តាមរយៈហ្វេសប៊ុកក្ដី តាមរយៈវិទ្យុតាមរយៈទីសាធារណៈគឺឲ្យគាត់បើកឲ្យទូលាយ ដើម្បីស្របទៅនឹង ប្រទេសមួយដែលប្រកាន់ភ្ជាប់របបលទ្ធិប្រជាធិបតេយ្យ ព្រោះអីនៅពេលដែលបងប្អូនគាត់រិះគន់ ដើម្បីស្ថាបនាអី គាត់ត្រូវបានគេចោទប្រកាន់ ការចាប់ខ្លួនជាដើមវាទៅជាការរំលោភសិទ្ធិមួយ ពលរដ្ឋនៅប្រទេសគាត់ឈឺចាប់មិនអាចទទួលយកបានទេ»

ពាក់ព័ន្ធនឹងការតវ៉ានេះដែរ សហគមន៍ខ្មែរនៅតំបន់អឺរ៉ុបបានឲ្យដឹងថា នៅ​ថ្ងៃទី ២៦ ខែកញ្ញា​ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ​មក​ពីរ​បណ្ដា​ប្រទេសនៅទីនោះ​ នឹងនាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដើម្បីទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា។​

ចំណែកពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនឲ្យដឹងថា នៅថ្ងៃទី២៧ខែកញ្ញា ពួកគេ នឹងហែញ្ញត្តិយកទៅដាក់នៅការិយាល័យរដ្ឋាភិបាលជប៉ុន​ ដើម្បីសុំឲ្យប្រទេសមួយនេះជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។​

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ មិនមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាជាប្រទេសឯករាជ្យបាននោះទេ។ លោកបន្តថា បើទោះបីជាពលរដ្ឋនៅក្រៅប្រទេសធ្វើបាតុកម្ម យ៉ាងណាក៏មិនមានដំណោះស្រាយដែរ គឺមានតែតុលាការទេជាអ្នកសម្រេចចំពោះរឿងនេះ។

លោកថា«ព្រោះកឹម សុខា ប្រព្រឹត្តិបទល្មើសទៅហើយ ចឹងដំណោះស្រាយមានតែទុក ឲ្យតុលាការដំណើរការតាមនីតិវិធី ទៅតាមគោលការណ៍ច្បាប់។ តុលាការ ចាប់នីតិវិធីស៊ើបអង្កេតគេបើកអង្គសវនាការយ៉ាងម៉េចចាំស្ដាប់លទ្ធផលនៃការកាត់ក្ដីរបស់តុលាការ នឹងហើយតាមនីតិវិធីនោះ មិនអាចទៅធ្វើបាតុកម្មដើម្បី ឲ្យដោះលែងជននេះ ជននោះ ចឹងបានអីយើងអនុវត្តនីតិរដ្ឋបាន បើយើងចេះនាំគ្នាបាតុកម្ម យកវប្បធម៌នីទណ្ឌ ភាពមកធ្វើ មក ចាប់បង្ខំឲ្យរដ្ឋាភិបាល ធ្វើហើយ យើងទាំងអស់គ្នាចង់បាន នីតិរដ្ឋហើយលទ្ធិប្រជាធិបតេយ្យ បើចង់បានលទ្ធិប្រជាធិបតេយ្យ ហើយផ្សារភ្ជាប់នីតិទេវាទៅជាអាណាធិបតេយ្យប្រទេសហ្នឹង។»

សហគមន៍អន្តរជាតិ រួមទាំងអាមេរិក អង់គ្លេស សហភាពអឺរ៉ុប និងបារាំង ​បានសម្តែងការព្រួយបារម្ភនិងថ្កោលទោសរដ្ឋាភិបាលកម្ពុជាបន្តបន្ទាប់ ក្រោយពេលចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងការបិទប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលបានបកស្រាយថា វិធានការទាំងនេះ ជាវិធានការផ្លូវច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមាន​ប្រទេសនានាមិនឲ្យជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ