ចំនួនភ្ញៀវទេសចរនៅរដូវភ្ជុំឆ្នាំនេះកើនជាងឆ្នាំមុនជាង១៥%

ប្រភពរូបភាព ពីគេហទំព័រ ក្រសួងទេសចរណ៍

ក្រសួងបង្ហាញរបាយការណ៍ថា ភ្ញៀវទេសចរណ៍ជាង១លាននាក់បានដើរកំសាន្តតាមរមណីដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ បើប្រៀបធៀបគឺមានការកើនឡើងជាងឆ្នាំមុន។

របាយការណ៍ដែលក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ចំនួនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជិត១លាន៥ម៉ឺននាក់​ (១ ០៥០ ០០០នាក់) បានដើរកំសាន្តតាមរមណីដ្ឋានទេសចរណ៍នានាក្នុងប្រទេសកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺកើនឡើងប្រមាណ១៥,៧០%។ ក្នុងនោះភ្ញៀវជាតិ មានចំនួនជាង១លាននាក់(១ ០១០ ០០០នាក់) កើនឡើងប្រមាណ ១៥,៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់កើនឡើងប្រមាណ ៦,២០% ផងដែរ។

ខេត្តដែលមានភ្ញៀវទេសចរណ៍ដើរកំសាន្តច្រើនជាងគេ គឺមានខេត្ត សៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពត ។

ក្រសួងទេសចរណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលមានចំនួនអ្នកទេសចរកើនឡើងបែបនេះដោយសារតែរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងនោះ ត្រូវបានស្ថាបនាជួសជុល ឬកែលំអរ និងត្រូវបានទប់ស្កាត់មិនឲ្យមានការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ផ្សេងៗជាដើម។

លើសពីនេះទៀត ក្រសួងបានរៀបចំបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន និងមានការការពារសន្តិសុខ សុវត្តិភាពដល់ភ្ញៀវបានល្អប្រសើរដែរ។

កាលពីខែ សីហា ឆ្នាំ២០១៧ អគ្គស្នងការនគរបាលជាតិ​បានដាក់បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមពង្រឹងការ ការពារ​សន្តិសុខសណ្តាប់ធ្នាប់សង្គមដល់រាជធានី​ខេត្តទេសចរណ៍សំខាន់ៗចំនួន៣​ រួមទាំងរាជធានី​ភ្នំពេញផងដែរ ដោយថា ឲ្យពង្រឹងការ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ