ពលរដ្ឋខ្មែរនៅ​បរទេស​តវ៉ា​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង និង​គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា (ហ្វេសប៊ុកលោក កឹម សុខា)

ពលរដ្ឋខ្មែរនៅឯ​ប្រទេស​កាណាដានិងបារាំង បាន​ប្រមូលផ្ដុំគ្នា​តវ៉ាទាមទារទៅ​រដ្ឋាភិបាលកម្ពុជា ឲ្យ​គោរព​កិច្ច​ព្រម​ព្រៀង​​ទីក្រុងបារីស និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មួយ​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ខួប​២៦​ឆ្នាំ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុ​ងប៉ារីស។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ដោយ​ផ្អែក​លើ​វីដេអូនៃ​ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៣។

ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​មើល​ឃើញ​ថា កាន់​តែ​ធ្លាក់​ចុះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវ​នាវ​ទៅ​ដល់​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​សម្រាប់​កម្ពុជា ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ឲ្យងាក​ទៅ​អនុវត្ត​តាម​យន្តការ​ប្រជាធិតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិសភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ទោះជាយ៉ាងណា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប៉ុន​បង​ជំរុញ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង​វិញ លោក​ថា មិន​អាច​ទៅ​រួច​នោះ​ទេ។

ទំព័រ​ហ្វេសប៊ុក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​​បង្ហោះ​វីដេអូ ដែល​បង្ហាញ​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស។

លោក សម រង្ស៊ី បាន​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ថា ពលរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្ដុំ​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្នុង​វីដេអូ​នោះ ក្រុម​បាតុករ និង​លោក សម រង្ស៊ី ផង​ដែរ ​បាន​ដើរហែរក្បួន និង​ឈរស្រែកតវ៉ា «ដោះ​លែង​លោក កឹម សុខា» និងលើកជាបដា «ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដាប្រមាណ ៣០០នាក់ ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខមន្ទីរសភា​កាណាដា ជាមួយ​គោល​បំណង​ដូច​គ្នា​នឹង​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស​ផងដែរ។

សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ការ​ព្រម​ព្រៀង​គ្នា​រវាង​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា​ដើម្បី​បញ្ចប់​សង្គ្រាម​​នៅ​ក្នុង​ប្រទេស​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ថ្ងៃ​ឈប់​សម្រាក​នៅ​រៀង​រាល់​ថ្ងៃ​ទី​២៣ ខែ​តុលា រៀង​រាល់​ឆ្នាំ។

ប៉ុន្តែ សុពលភាព​នៃ​សន្ធិសញ្ញា​មួយ​នេះ ត្រូវ​បាន​​លោក ហ៊ុន សែន អះ​អាង​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​ពី​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដូចជា​សហភាព​សូវៀត​ជាដើម ត្រូវ​បាន​បែក​ខ្ញែក​ជា​ប្រទេស​ផ្សេងៗ។

អ្នក​វិភាគ​នយោបាយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​រាជ​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ក៏​បាន​យល់​ព្រម​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ផង​ដែរ ដោយ​ថា សន្ធិ​សញ្ញា​សន្តិភាព​មួយ​នេះ នៅ​សល់​ត្រឹម​និមិត្ត​រូប និង​មិន​អាច​យក​សន្ធិសញ្ញា​មួយ​នេះ​ដាក់​បញ្ជា​លើ​កម្ពុជា​ឲ្យ​គោរព​តាម​នោះ​ទេ។

ទោះជាយ៉ាងណា ក្រុម​អ្នក​វិភាគ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត មិន​យល់​ស្រប​នឹង​សម្ដី​លោក ហ៊ុន សែន និង​លោក​បណ្ឌិត សុខ ទូច ឡើយ ដោយ​ថា សន្ធិ​សញ្ញា​នេះ នៅ​រស់​រាន​មាន​ជីវិត និង​មាន​សុពល​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ