លោក លឺ ឡាយស្រេង ស្នើ​រក​ការ​លើក​លែង​ទោស ក្រោយ​រង​ការ​ចោទ​ថា ប្រមាថ​ក្សត្រ

អតីតឧបនាយករដ្ឋមន្រ្តី​កូតា​គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លី ឡាយ​ស្រេង

អតីតឧបនាយករដ្ឋមន្រ្តី​កូតា​គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយ​ស្រេង បាន​ស្វែង​រក​ការ​លើក​លែង​​ទោស​ពី​ព្រះ​មហាក្សត្រ​ និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជុំ​វិញ​សំឡេង​សន្ទនា​របស់​លោក​តាម​ខ្សែ​ទូរសព្ទ​ជាមួយអតីតតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទម្លាយ​ ហើយ​ក្រោយ​មក ត្រូវ​បាន​ប្រធាន​គណបក្ស​រាជា​និយម​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ចោទ​ថា បាន​ប្រមាថ​លើ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី។

សំឡេង​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក លឺ ឡាយស្រេង ជាមួយអតីតមន្ត្រី​គណបក្សហ្វ៊ុនស៊ិនប៉ិច លោកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី២១ ខែ​តុលា​នេះ ដោយ​ទំព័រ​ហ្វេសប៊ុក «សីហា» ជា​ទំព័រ​បណ្ដាញ​សង្គម​មួយ ដែល​បាន​ទម្លាយ​នូវ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរសព្ទ​របស់​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ជាពិសេស​សំឡេង​សន្ទនា​ឯកជន​របស់​លោក កឹម សុខា មេ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ និង​សំឡេង​សន្ទនា​ឯកជន​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ផង​ដែរ។

ក្នុង​សំឡេង​សន្ទនា​ត្រូវ​បាន​ទម្លាយ​ដោយ​ទំព័រ​ហ្វេសប៊ុក «សីហា» ​នោះ លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា៖ «បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់​រាជ្យ​ទៅ ឲ្យ​គេ​ធ្វើ​វិញ​ម្ដង មាន់​គ្រៀវ​អញ្ចឹង​នោះ»។

បន្ទាប់​ពី​សំឡេង​សន្ទនា​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ត្រូវ​បាន​សារព័ត៌មាន​ Fresh News ដក​ស្រង់​សម្ដី​ចុះផ្សាយ​ថា គណបក្ស​រាជានិយម​មួយ​នេះ កំពុង​ពិចារណា​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង ដោយ​ចោទ​អតីត​សហការី​រូប​នេះ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ និង​ប្រធាន​គណបក្ស​នេះ គឺសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​អាច​មាន​ពាក្យ​ថ្លោះ​ធ្លោយ​មែន ក៏​ប៉ុន្តែ មិន​មាន​ចេតនា​អី​ទៅ​ប្រមាថ​ខាត​ទាន​ដល់​ព្រះ​មហាក្សត្រ​ទេ។ សូម​ជម្រាប​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​មហាក្សត្រ​យូរ​ឆ្នាំ​ណាស់ តាំង​ពី​ហ្លួង​តា [អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ]​រហូត»។

លោក​ លឺ ឡាយស្រេង បាន​សម្ដែង​ការ​សុំ​ទោស​ចំពោះ​ព្រះមហាក្សត្រ និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្នើ​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង អ្នកស្រី គី លំអង ប៉ុន្តែ លោក​ពុំ​បាន​ថ្លែង​សុំ​ទោស​ចំពោះ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នោះ​ឡើយ។

លោក លឺ ឡាយស្រេង បាន​ឆ្លើយ​តប​ទៅ​នឹង​លោកស្រី គី លំអង នៅ​ក្នុង​កិច្ច​សន្ទនា​ជុំ​វិញ​បញ្ហា​ថា តើ​ព្រះ​មហាក្សត្រ ព្រះ​ករុណា នរោត្ដម សីហមុនី នឹង​ឡាយ​ព្រះហស្ថលេខា​លើ​សំណើ​កែ​ប្រែ​ច្បាប់​ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ឬ​យ៉ាង​ណា។

សំណើ​វិសោធនកម្ម​ច្បាប់ ៤ នោះ ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​អនុម័ត​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ស្ថាប័ន​ព្រឹទ្ធ​សភា មុន​នឹង​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា ដើម្បី​ចូល​ជា​ធរមាន។

សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង ៤​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ចាត់​ទុក​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​នេះ ទៅ​ឲ្យ​គណបក្ស​តូចៗ ក្នុង​នោះ​មាន​ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ