កម្មករកម្មការិនីចំនួន ១១នាក់ បានរងរបួសស្រាល បន្ទាប់ពីរថយន្តដឹកពួកគេ បានបុកជាមួយរថយន្តដឹកអ្នកដំណើរមួយគ្រឿង កាលពីល្ងាចថ្ងៃម្សិលមិញ នៅខេត្តព្រះសីហនុ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រថយន្តដឹកកម្មករមួយគ្រឿង បានបុកជាមួយរថយន្តដឹកអ្នកដំណើរ កាលពីម៉ោង ៧ល្ងាចថ្ងៃម្សិលមិញ នៅចន្លោះគីឡូម៉ែត្រលេខ ១៨៨ និង១៨៩ ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបណ្ដាលឲ្យកម្មករកម្មការិនីចំនួន ១១នាក់រងរបួសស្រាល។
ក្រសួងបានបន្តថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃនេះ កម្មករកម្មការិនីចំនួន ៦នាក់ បាន និងកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយ ខណៈដែលកម្មករកម្មការិនី ៥នាក់ទៀត បានវិលត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ៕