សាច់ញាតិនៅតែ​ចង់ដឹងពីមូលហេតុ​ស្លាប់នៅ​កោះពេជ្រ​ តែថាមិនរំពឹង​បានយុត្តិធម៌

ដោយ លោក ជន ចាន់រ៉ែន​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:52 PM | សន្ដិសុខ | 0 | 2365 ​ក្រុមគ្រួសារ​សាច់ញាតិ នៃ​សមាជិក​ដែល​បាន​ស្លាប់​នៅលើស្ពាន​កោះពេជ្រ

​ក្រុមគ្រួសារ​សាច់ញាតិ នៃ​សមាជិក​ដែល​បាន​ស្លាប់​នៅលើស្ពាន​កោះពេជ្រ កណ្តាលរាជធានីភ្នំពេញ​ នៅតែ​ចង់ដឹង​ពីមូលហេតុ​ពិត​នៃការស្លាប់បាត់បង់ជីវិត​ មនុស្សជាង៣០០នាក់ កាលពី៧ឆ្នាំមុន ដោយថា ពួកគេ មិនរំពឹងនិងទទួល​បានយុត្តិធម៌នោះទេ​ ខណៈអាជ្ញាធរ ពុំមានការ​ស៊ើប​អង្តេតអ្វីទៀតឡើយ។

មានប្រសាសន៍ ក្នុងខួប៧ឆ្នាំ នៃព្រឹត្តិការណ៍​មនុស្ស​ជាន់​គ្នាស្លាប់ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ឪពុក​នៃ​អ្នកដែល​បានស្លាប់ លោក ហ៊ុយ សំអុល ឲ្យដឹងថា វាជា​រឿង ​ដែល​មិន​អាច​ទៅរួចឡើយ ​ដែល​នៅសុខៗ ​មនុស្សរាប់រយនាក់ ទៅរត់​ជាន់គ្នា ដោយគ្មានមូលហេតុនោះ ហើយលោក​ហាក់មិនជឿ​ទៅលើ​ហេតុផល ​ដែល​អាជ្ញាធរ​បានប្រាប់​ថា «ជាការរត់ជាន់គ្នា​» ហើយទទូចឲ្យ​អាជ្ញាធរ ​ផ្តល់​ហេតុ​ផល​មួយសមរម្យ​ ដែល​លោក រួមទាំង​សាច់ញ្ញាតិទាំងអស់ផ្សេងទៀត អាចទទួលយកបាន។

លោកបន្ថែមថា «ខ្ញុំមិន​ចង់បានអ្វីទេ ទោះ​យ៉ាងណា​ ក៏កូន​ខ្ញុំ​មិន​បាន​មកវិញដែរ តែសូមឲ្យអាជ្ញាធរ ពង្រឹង​បន្ថែម​រឿងសណ្តាប់​ធ្នាប់​ និងសន្តិសុខក្នុងពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗផ្សេងៗទៀត»។

ឪពុក អ្នកដែលបានស្លាប់ម្នាក់ទៀត គឺលោក អ៊ុំ ប៊ុនរឿង បានឲ្យដឹងថា ទោះពេលវេលា​កន្លងទៅ៧ឆ្នាំក្តី​ លោកនៅតែ​ចង់​ចាំ និង​មិនអាចបំភ្លេចបាន​នៅហេតុការណ៍កើតឡើងនោះ ហើយលោកនៅតែ​មិនអស់ចិត្ត​និងមូល​ហេតុ​នៃ​ការស្លាប់​នេះ។

លោកថា «ខ្ញុំមិននឹងស្មានថា ​ដល់​ថ្នាក់ហ្នឹង មានគ្រោះថ្នាក់នៅលើស្ពាន​ ហើយរកមូលហេតុ​មិនឃើញ! ហើយ​ចេះ​តែ​នឹក ​មិនគួរណា​កូនស្រី​ខ្ញុំ យកជីវិត​មកដោល​នៅស្ពានកោះពេជ្រនេះទេ! ​តែរឿងនេះ ​ខ្ញុំមិន​សន្និដ្ឋាន​បាន​ដែរ បើជាន់គ្នា ដូចមិនប៉ុន្មានទេ បើមានឆក់ខ្សែរភ្លើង ឆក់អី​ ខ្ញុំមិនហានថា ព្រោះខ្ញុំមិនច្បាស់ណា»។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន ​ដែល​ដឹកនាំ​រៀប​ពីធី​រំលឹកវិញ្ញាណក្ខន្ធជន​រងគ្រោះ​​​នៅថ្ងៃនេះ បាន​លើកឡើងថា​ ឧប្បវហេតុ ​នៃការ​ស្លាប់​មនុស្ស​ដ៏ច្រើននេះ ​គឺជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ហើយ​សម្រាប់​សាលារាជធានីភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជាទាំងមូល និងយកករណីនេះ ជាមេរៀនដើម្បីបង្កើនការយកចិត្តទុកដាក់។

លោកបន្ថែមថា «ឧប្បវហេតុ​​នេះ គឺជា​ប្រវត្តិសាស្រ្តសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ជម្រុញ​ឲ្យរៀបចំធ្វើពីធីនេះ​ជារៀងរាល់ឆ្នាំ ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​នៃជនរងគ្រោះ ​ដែលមិនអាចបំភ្លេចបាន ​ការបាត់បង់សាច់​ញាតិកូនប្រុសស្រី ​ដោយសារការរត់ជាន់គ្នាស្លាប់​នៅលើស្ពាន​កោះពេជ្រ​​​»។

មនុស្សចំនួន ៣៥១នាក់ បានបាត់បង់ជីវិត និងជាង ៧០០នាក់ទៀតបានរងរបួស នៅក្នុងព្រឹត្តិការណ៍រត់​ជាន់​គ្នា​នៅស្ពានកោះពេជ្រ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃ​ពិធីបុណ្យ​អុំទូកយប់​ចុងក្រោយ។ ក្រោយ​មានការ​ស្លាប់មនុស្ស​ដ៏ច្រើននេះ ​រដ្ឋាភិបាលបានផ្អាក​​ពិធីបុណ្យអុំទូកចំនួន៣ឆ្នាំជាប់ៗគ្នា ដោយ​លើក​ឡើង​ពី​មូល​ហេតុ​​​ផ្សេងៗ។​

កាលពីឆ្នាំ២០១០ និង ភ្លាមៗ ក្រោយ​ពេល​ហេតុការណ៍​នេះ​​កើតឡើង លោក​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​កាល​ថា ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណាម្នាក់​ ត្រូវបាន​ដាក់ទណ្ឌកម្ម​ ឬ ​ដក​ចេញ​ពី​តំណែង ចំពោះ​ឧបទ្ទវហេតុ​រត់ជាន់គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​ ហើយ លោក​បានហៅ​សោកនាដកម្ម​នេះ​ ថា​ជា​កំហុស​រួម ខណៈមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ស្នើឲ្យមានការស៊ើបអង្គេតដោយឯករាជ្យលើរឿងនេះ៕

សរសេរមកកាន់ លោក ជន ចាន់រ៉ែន តាមរយៈ chornchanren@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required