តុលាការបង្គាប់ឲ្យអ្នកប្តឹង លោក ជា មន្នី ចូលការពារបណ្តឹង

សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅក្រុមមេធាវីចូលទៅការពារបណ្តឹងជុំវិញដំណើររឿងប្តឹងអតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី។

កាលពីថ្ងៃទី១៨ខែធ្នូ លោកមេធាវី ដារ៉ា សុបញ្ញា និងលោក គេតុ សុណ្ណនី ដែលអះអាងថា តំណាងឲ្យសហជីពចំនួន១២០ស្ថាប័ន បានប្តឹងលោក ជា មន្នី ដោយចោទថា ញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។

ក្នុងលិខិតកោះចុះថ្ងៃទី២២ខែធ្នូ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានអញ្ជើញ លោកមេធាវី ដារ៉ា សុបញ្ញា តំណាងឲ្យសហជីពទាំងនោះឲ្យចូលបំភ្លឺនៅថ្ងៃទី៩ខែមករាឆ្នាំ២០១៨ បន្ថែមលើបណ្តឹងដែលបានប្តឹង លោក ជា មន្នី ពីបទញុះញង់។

លោក ជា មុន្នី ត្រូវបានក្រុមសហជីព ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទពីបទញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុរអាស៊ីសេរីកាលពីថ្ងៃទី១៥ខែធ្នូ ដែលសហជីពទាំងនោះថា បានអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ក្រោយរំលាយបក្សប្រឆាំង។

ក្រោយរងបណ្តឹងនេះ អតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី មានប្រសាសន៍ថា លោកមិនខ្វល់ទៅនឹងការប្តឹងនេះទេ ហើយឆ្លើយថា លោកស្វាគមន៍ចំពោះការប្តឹងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ