បក្សកាន់អំណាចឲ្យស្ថាប័នរដ្ឋ ត្រៀមយកមេឃុំ-ចៅសង្កាត់ ដែលមិនជាប់ឆ្នោត

លោក ហេង សំរិន និងលោក ហ៊ុន សែន ក្នុងពិធីខួបលើកទី៣៨ នៃទិវាថ្ងៃជ័យជំនះ ៧មករា នៅទីស្នាក់ការគណបក្សប្រជាជន (ប្រភពរូបភាពពី ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ជាថ្មីម្តងទៀត គណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យប្រធានស្ថាប័នរដ្ឋនីមួយៗ ទទួលយកបេក្ខជនរបស់ខ្លួន ដែលគណបក្សនេះថា ពុំបានជាប់ឈ្មោះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតចុះថ្ងៃទី១៦កុម្ភៈ២០១៧ ដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យ​ «ប្រធានស្ថាប័នរដ្ឋ នីមួយៗត្រូវទទួលយកមេឃុំ-ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ដែលមិនបានជាប់ឈ្មោះនៅអណត្តិឆ្នាំ២០១៧ ដោយធ្វើការតែងតាំងជាជំនួយការ»។

លិខិតបញ្ជាក់ថា «មេឃុំ-ចៅសង្កាត់ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន ជំទប់ទី១ជំទប់ទី២ មានឋានៈស្មើ ប្រធានការិយាល័យ និង សមាជិកក្រុមប្រឹក្សា មានឋានៈស្មើអនុប្រធានការិយាល័យ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា៖ «នេះជាគម្រោងគិតទុកជាមុនរបស់គណបក្ស ព្រោះធ្វើអ្វីមិនមែនចៃដន្យ សុទ្ធតែមានផែនការ និងគោលការណ៍ច្បាស់លាស់»

លោកបន្តថា គ្រាន់តែណែនាំមន្ត្រីថា្នក់ខ្ពស់ៗ ដែលពាក់ព័ន្ធនឹងក្រុមការងារចុះទៅមូលដ្ឋានឲ្យគិតគូរក្នុងករណីណាដែលកើតឡើងជាយថាហេតុ។ លោកបន្ថែមថា៖ «មិនមែនជាការត្រៀមចាញ់ទេ»

កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ មានលិខិតមួយទៀតក្នុងន័យប្រហែលគ្នានេះ ដែលលោកស្រី ម៉ែន សំអន បានប្រាប់ឲ្យ​រដ្ឋមន្ត្រីនៅតាមក្រសួង និង​រដ្ឋលេខាធិការដ្ឋានសរុបចំនួន​២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួន ដែលមិនបានជាប់​ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។

កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជា មាន១​​ ៦៣៣ឃុំ-សង្កាត់ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ចំនួនឃុំ-សង្កាត់នេះ បានកើនឡើងបន្ថែមទៀតដោយរដ្ឋាភិបាលបំបែកឃុំនិងសង្កាត់ខ្លះជាពីរ ឬជាបី ហើយក្នុងចំណោមមេឃុំ និងចៅសង្កាត់ទាំងនោះ ភាគច្រើនលើសលប់ គឺមកពីគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ