រដ្ឋាភិបាល​ចោទអាល្លឺម៉ង់ថាមើលស្រាលប្រព័ន្ធច្បាប់កម្ពុជាករណីផ្អាកទិដ្ឋាការ

លោកស្រី Angela Merkel ខាងឆ្វេង និង លោក ហ៊ុន សែន ខាងស្តាំង

រដ្ឋាភិបាលកម្ពុជា បានបង្ហាញការសោកស្តាយ លាយឡំនិងរិះគន់ថា ការដែលអា​ល្លឺម៉ង់សម្រេ​ចផ្អា​កផ្ត​ល់​ទិដ្ឋា​​ការ តាមល​ក្ខខណ្ឌពិ​សេស ដោយសារតែការវិវត្តនយោបាយថ្មីៗនេះថា ជាកា​រមើ​លស្រា​លដល់ប្រ​​ព័​ន្ធច្បាប់​នៅ​ក​ម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា  ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​ប្រ​​​ចាំ​​កម្ពុជា កាលពី​ថ្ងៃ​​ទី​២១ខែកុម្ភៈ បានជូនដំណឹងស្តីពីការផ្អាកផ្ត​ល់ទិដ្ឋាការតាមល​ក្ខខណ្ឌពិ​សេស​ចំពោះ​មន្ត្រី​ក​ម្ពុ​ជា។

ក្រសួងថា ខ្លួនមានការសោកស្តាយ ការសម្រេចចិត្តរបស់អាល្លឺម៉ងនេះ ជាការមើល​ស្រាលទាំងស្រុងដល់​​ឯក​​​រាជ្យ​​​​ភា​​ព​​​នៃ​ប្រ​​ព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា។

ក្រសួង​ការបរទេសកម្ពុជា ថា «ប្រតិកម្មរបស់អាល្លឺម៉ង់ចំពោះការវិវត្តផ្នែកនយោបាយថ្មីៗនៅកម្ពុជា គ្មាន​ភាពស្មោះ​ត្រង់ និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រតិកម្មខុសគ្នា របស់អា​ល្លឺម៉ង់ចំពោះ​ប្រទេសផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រ​​​​ជា​ធិបតេយ្យ និងសិទ្ធិមនុស្ស»។

កាល​ពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន តុលាការកំពូលរបស់កម្ពុជា បានប្រកាស រំលាយ គណបក្សសង្គ្រោះជាតិ តាម​ប​ណ្តឹ​ង​​របស់រដ្ឋាភិបាល តែចំណាត់ការនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរុបនាំមុខគេ គំ​​រាមដា​ក់ទណ្ឌ​កម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាលកម្ពុជាបើមិនធ្វើឲ្យស្ថានការណ៍វិលទៅរកស្ថានភាពដើមវិញ ធានាភាពត្រឹ​មត្រូ​វនៃ​ការ​​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។

ក្រសួង​ការ​បរទេស​អាល្លឺម៉ង់ បានប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រេច​​​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស សម្រាប់​ដំណើរ​កម្សាន្ត​ឯកជន ដល់​សមាជិក​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុង​នោះ រួម​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារផងដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក ហើយថា រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏បាន​នឹង​កំពុង​ជំរុញ​ឲ្យ​សហភាព​អឺរុប ឲ្យមាន​ចំណាត់​ការ​ណា​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគ របត់នយោបាយនៅកម្ពុជាមួយរយៈចុងក្រោយនេះ ត្រូវ​បាន​​គេមើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ បើទោះបីរដ្ឋាភិបាលខំប្រឹ​ងការពារនិង​ពន្យល់យ៉ា​ងណា​​ក៏​ដោ​​យ។ លោកថា បើរដ្ឋាភិបាលនៅតែប្រកាន់ជំហរតឹង កម្ពុជាជាអ្នកខាតបង់។

លោកថា៖ «រដ្ឋាភិបាលគាត់ខំអះអាងសម្រួលពាក្យពេចន៍យ៉ាងម៉េចក៏ដោយ អាទង្វើទាំងអ​សហ្នឹងបា​នបង្ហាញ​ថាវាដើ​ផ្ទុយពីការគោ​រពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថាប្រទេសអាល្លឺម៉ង់ជាប្រទេសទី២ ​ឬទី៣ហើយដែរ ដែលបានបង្ហាញប្រតិកម្មជាក់ស្តែងផងដែរ បើតាមយើង​ស្តា​ប់​​​ទៅប្រទេស​អូស្ត្រាលីអីក៏នឹ​ងអា​ចដើរតា​​​​មផងដែរនេះជាការព្រួយបារម្ភ មួយដែរ បើសិនជាស្ថាន​ការណ៍នយោ​បាយមិនប្រសើរទេ យើងចេះតែឭពាក្យអាក្រក់ៗពីអន្តរជាតិមកកាន់តែច្រើនឡើង ហើយកិត្តិ​យសរប​ស់​យើង​ក៏​​​​ចេះតែធ្លាក់ ហើយប្រទេសយើងវានៅតែក្រជាងគេដដែល»។

ទោះជាយ៉ាង​ណាក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីថ្លែងការណ៍ថា បើទោះបីជាមា​នការសម្រេចចិ​ត្ត​​​បែបនេះក៏ដោយ ក៏កម្ពុជានៅតែតាំងចិត្តឥតងាករេ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុ​លោ​​​​​​​​មតាមរដ្ឋធម្មនុញ្ញ របស់កម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតស​ភានៅថ្ងៃទី២៩ខែ​កក្កដាឆ្នាំ២​០១​​៨​ខា​ងមុខ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ