រដ្ឋាភិបាលថា ស្ថាប័នព័ត៌មានទាំងអស់​ជាដៃគូមិនអាចខ្វះបាន

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ

រដ្ឋាភិបាលអះអាងថា នៅកម្ពុជាមានការបើកទូលាយសេរីភាពសារព័ត៌មាន​ និងសេរីភាពបញ្ចេញមតិ ហើយថា ស្ថាប័នព័ត៌មានទាំងអស់គឺជាដៃគូដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។​

នៅក្នុងសេចក្តីថ្លែងការរបស់ក្រសួងព័ត៌មាន​ចេញផ្សាយនៅថ្ងៃទី២៣ខែកុម្ភៈនេះ ក្រសួងព័ត៌មានបានច្រានចោលរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា សេរីភាពព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៧ ធ្លាក់ចុះខ្លាំង។​​ សេចក្តីថ្លែងការណ៍បញ្ជក់ថា របាយការណ៍នេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន។​

ក្រសួងព័ត៌មានលើកឡើងថា នៅកម្ពុជាសេរីភាពសារព័ត៌មានល្អប្រសើរជាងប្រទេសនានានៅក្នុងតំបន់ ហើយថា វិស័យព័ត៌មានបច្ចុប្បន្នកំពុងតែមានការរីកចម្រើនដែលមានអ្នកសារព័ត៌មានជាង៥០០០នាក់ កំពុងបំពេញការងារដោយសេរីនៅទូទាំងប្រទេស។​

របាយការណ៍របស់ CCIM ចេញផ្សាយកាលពីថ្ងៃទី២១ខែកុម្ភៈ បង្ហាញពីការស្ទង់មតិលើអ្នកសារព័ត៌មាន​៧៥នាក់ ហើយក្នុងនោះ៨៣%លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៧ធ្លាក់ចុះខ្លាំង។​

CCIM បាន​លើក​ឡើង​ថា​ ​ស្ថានីយ​វិទ្យុ​ចំនួន​៣២ដែល​ផ្សាយ​ព័ត៌មាន​របស់បក្សប្រឆាំង​ ព័ត៌មាន​ដែល​ផ្តល់​មូល​និធិ​ដោយ​សហ​រដ្ឋ​អាមេរិក​ ឬ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យត្រូវបានបិទ។  ចំណែក​ស្ថាប័នកាសែត និងអ្នកសារព័ត៌មានឯករាជ្យមួយចំនួនទៀតត្រូវបានគំរាមកំហែងចោទប្រកាន់ពីបទល្មើសផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ