ក្រសួងមហាផ្ទៃមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់បក្សប្រឆាំង

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

ខណៈការបោះឆ្នោតកាន់តែជិតមកដល់ ក្រសួងមហាផ្ទៃនៅមិនទាន់ផ្តល់ភាពស្របច្បាប់ ឲ្យបក្សប្រឆាំង នៅឡើយទេ ដោយអះអាងថា​សមាជផ្លាស់ប្តូរ​មេដឹ​កនាំ​​​​ថ្មីនោះ​​​​ធ្វើឡើងផ្ទុយលក្ខន្តិកៈរប​ស់ខ្លួ​ន ក្រោយពីលោក សម រង្ស៊ី ប្រកាសលា​លែ​​ងពី​តំ​​ណែងប្រធានបក្សសង្រ្គោះជាតិ។

កាលពីថ្ងៃទី២ ខែមីនា គណបក្សសង្គ្រោះជាតិបានធ្វើសមាជវិសមញ្ញ ដោយជ្រើសរើសលោក កឹម សុខា ជា​ប្រធា​ន​ស្តីទីឲ្យឡើងកាន់តំណែងជាប្រធានបក្សជំនួសលោក សម រង្ស៊ី និង​បានជ្រើ​សរើ​ស​អនុ​ប្រ​ធាន៣រូបទៀត មានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ។

ប៉ុន្តែលិខិតចុះថ្ងៃទី២២ ខែមីនា ដែលក្រសួងមហាផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា សមាជនោះ​បាន​អនុវត្តផ្ទុយលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧។

ទោះជាយ៉ា​ងណាក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថា គណបក្សប្រឆាំង គួរកែសម្រួលបែបណា ទើបអាច​ឲ្យក្រសួងសា​មីមួយនេះ ផ្តល់​សុពល​ភាពដល់ក្បាលម៉ាស៊ីនដឹកថ្មីនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យVODដឹងនៅថ្ងៃទី២៣មីនានេះថា លោកក៏មិនអាចប​ញ្ជាក់​លើ​បញ្ហា​​នេះបានដែរ ដោយថាទុកឲ្យបក្សប្រឆាំងជាអ្នកពិចារណាខ្លួនឯង។ ប៉ុន្តែលោកថា បើបក្សប្រឆាំងយឺតយ៉ាវ កែស​ម្រួ​លបញ្ហានេះ លោកថាអាចប៉ះពាល់ដល់ការចុះបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់។

លោកថា៖ «តាមពូយល់ទេណា បើគាត់មិនទាន់បានសុពលភាពផង ធ្វើម៉េចនឹងស៊ីញេបេក្ខជនទៅកើត ឧទាហណ៍ជួនកាលថ្នាក់ខេត្តអាចផ្ទេរសិទ្ធិឲ្យប្រធានបក្សខេត្តស៊ីញ៉េទៅដូចជាមិនអី ប៉ុន្តែយើងមិនដឹងជាយ៉ាងម៉េ​ចទេ​។ ប៉ុន្តែទោះយ៉ា​ងណាក៏ដោយ នៅពេ​​លដែលមិនទាន់មានសុពលភា​ពហើយ ទោះតិចឬច្រើន ក៏វា​ប៉ះពាល់ដែ​រ ទោះ​តិច​​ឬច្រើ​នក៏ដោយ ហើយពូគិតថាការប៉ះពាល់ឬមិនប៉ះពាល់វាអាស្រ័យលើ គជប ទេមិន​មែនក្រសួ​ងមហាផ្ទៃជា​អ្នក​ស​ម្រេ​ចទេ»។

ការប្រោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៧ ពោលគឺនៅស​ល់មិនដល់ពីរខែទៀតទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់តែបញ្ជា​ក់បែ​បនេះថា​៖ «ថ្ងៃនេះគណបក្សបានសរសេរលិខិតទៅសម្តេចក្រឡាហោម សុំជួបសម្តេ​ចឬតំណាងក្រសួងមហាផ្ទៃ ដើម្បី​​ជួបពិភាក្សាបញ្ហាដែលបានលើកឡើងនៅក្នុងលិខិតហ្នឹងបាទ ហ្នឹងខ្ញុំ​សុំឆ្លើយប៉ុណ្ណឹង»។

ប៉ុន្តែកន្លងទៅអនុប្រធានគណបក្សនេះ លោក អេង ឆៃអ៊ាង ធ្លាប់ប្រកាសតាមបណ្តាញសង្គមថា សមាជវិសមញ្ញ​របស់ខ្លួនធ្វើឡើ​ងស្របតាមលក្ខន្តិកៈ។

លោក អេង ឆៃអ៊ាង បានពន្យល់ថា សមាជគណបក្សមានពីរប្រភេទ គឺសមាជសមញ្ញនិងវិសមញ្ញ​។ ​លោ​កថាសមាជ​​សមញ្ញធ្វើ៥ឆ្នាំម្តង និងវិសមញ្ញធ្វើឡើងក្នុងករណីចំបាច់ តាមការស្នើសុំពីប្រធានគណបក្ស ឬពី​​​សំឡេ​​​ង២ភាគ៣នៃគណៈកម្មាធិការអចិន្ត្រៃយគណបក្ស ឬ២ភាគ៣នៃគណៈកម្មការនាយក។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា យោងតាម​ប្រកា២១នៃ​លក្ខន្តិកៈ គណៈ​កម្មាធិការអ​ចិន្ត្រៃយ​គណប​ក្ស​បាន​​​កោះ​ប្រជុំសមាជវិសាមញ្ញ​នៅថ្ងៃទី២ខែមីនា​។ លោកបន្តថាសមា​ជនោះ មានការគាំ​ទ្រដោយគណៈ​កម្ម​កា​​​រនា​​​យ​ក ដោ​យសំឡេងលើសពី២ភាគ៣ ទើបសមាជបានពិនិត្យនិងអនុម័តធ្វើវិសោធន​កម្មល​ក្ខន្តិកៈ​ប្រ​កា​​​រ៤​៥និងប្រការ៤៧។

លោកថា៖ «ដូច្នេះខ្ញុំសូមជម្រាបជូនជាថ្មីម្តងទៀតថា សមាជវិសមញ្ញ របស់គណបក្សថ្ងៃទី​២ខែមីនា​ដែល​យើ​​​​​​​ង​បានរៀបចំធ្វើកន្លងមកនេះ ស្របតាម​លក្ខន្តិកៈរបស់គណបក្សហើយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់​គ​ណ​ប​​ក្ស​​​​​​​ដែ​ល​អនុម័តដោយសមាជវិសមញ្ញកាលពីថ្ងៃទី២ខែមីនាកន្លងមកនេះ ក៏ស្របនឹ​ង​ល​ក្ខន្តិកៈ​ផង​ដែ​រ»។

យ៉ាងណាក៏ដោយសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក យង់ គិមអេង លើកឡើងថា គណ​បក្សស​ង្គ្រោះជាតិមិនគួរមានបញ្ហាពីការចុះបញ្ជីគណបក្សឬផ្តល់សុពលភាពនេះទេ ដោយលោកថា លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សជាផ្លូវការរួចហើយ ។ លោកថាសមាជវិ​សមញ្ញ​នោះ​ទៀ​តសោ​​ត ​​លោ​ក សម រង្ស៊ី ក៏មិនបានប្តឹងផ្តល់ករណីនេះទៅក្រសួងមហាផ្ទៃដែរ។

អ្នកឃ្លាំ​មើលការបោះឆ្នោតរូបនោះ ជំរុញឲ្យក្រសួងមហាផ្ទៃធ្វើការឈរលើគោលការឯករាជ្យ បង្កលក្ខណៈ​ងា​យ​ស្រួ​ល​ឲ្យគណបក្សនយោបាយ នានាបានចុះឈ្មោះចូលរួម​ប្រកួតប្រជែងស្របតាម​លក្ខណៈច្បាប់​ដោ​​យត​​ម្លា​ភាព ជាជាងប្រើតួនាទី បង្កការលំបាក ដល់​គណបក្សដទៃដែលខ្លួនមិនគាំទ្រ។

នៅក្នុងលិខិតផ្ញើទៅកាន់គណបក្សសង្រ្គោះជាតិកាលពីម្សិលមិញនេះ ក្រសួងមហាផ្ទៃក៏ស្នើឲ្យគណបក្សប្រឆាំងលុបចោលនូវសារនយោបាយ ដែលដាក់​ក្នុង​គោ​ល​នយោបាយថា «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ» ផងដែរ ដោយក្រសួងថាសា​រនយោ​បា​យ​នេះ ​ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះ​ឆ្នោតជ្រើ​សរើ​សក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ