អ្នកច្បាប់អន្ដរជាតិថារដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តច្បាប់ក្នុងផ្លូវខុស

ក្រុមអ្នកច្បាប់អន្ដរជាតិរិះគន់ការប្រើពាក្យ«អនុវត្តច្បាប់» របស់រដ្ឋាភិបាលកម្ពុជាថា ស្ថិតនៅលើផ្លូវខុស ដោយសារការប្រើរូបភាពនៃច្បាប់ ដើម្បីទប់ស្កាត់សំឡេងរិះគន់ ប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់មនុស្ស។​

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃម្សិលមិញ គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) បានរិះគន់រដ្ឋាភិបាលកម្ពុជាថា កំពុងធ្វើច្បាប់ និងប្រើប្រាស់ប្រព័ន្ធយុត្ដិធម៌ ជាឧបករណ៍ដើម្បីគាបសង្កត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងពលរដ្ឋសាមញ្ញ ក្រោមរូបភាពក្លែងបន្លំថា ជាការអនុវត្តតាម«នីតិរដ្ឋ»។

គណៈកម្មាការអ្នកច្បាប់អន្ដរជាតិជាស្ថាប័នបង្កើតឡើងដោយក្រុមចៅក្រម និងមេធាវី កាលពីឆ្នាំ១៩៥២ ដើម្បីជំរុញការអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវទូទាំងពិភពលោក។ ស្ថាប័ននេះមានស្នាក់ការនៅទីក្រុងសឺណែវប្រទេសស្វីស ហើយបច្ចុប្បន្នមានសមាជិកមកពីប្រទេសចំនួន៧០។​

គណៈកម្មាការនេះ បានលើកអំពីករណីរំលាយគណបក្សសង្គ្រោះជាតិ ដោយថា ចៅក្រមមួយរូបក្នុងចំណោមនោះ គឺជាមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាច ការហាមឃាត់អ្នកនយោបាយរបស់អតីតបក្សប្រឆាំង១១៨រូបធ្វើនយោបាយ ការចាប់ឃុំខ្លួនលោក កឹម សុខា ទាំងកណ្ដាលយប់ពីបទ «ក្បត់ជាតិ» និងការតាមចាប់ខ្លួនស្ដ្រីម្នាក់ពីប្រទេសថៃ ឈ្មោះ សំ ​សុខា បន្ទាប់ពីស្ដ្រីរូបនេះបានយកទ្រនាប់ជើងចោលទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការលើកឡើងនេះ ដោយថា ជាការបញ្ចេញទស្សនៈមួយ និងជាលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា។

លោកថា៖ «អាហ្នឹង វាជាមតិយោបល់របស់គាត់ដោយលម្អៀងខាងនយោបាយទេ យើងក៏មានចម្ងល់ហេតុអ្វីគាត់កាន់យើងអតីតបក្សប្រឆាំង ដែលរំលោភច្បាប់ធ្ងន់ធ្ងររបស់កម្ពុជា ការមានមតិរបស់គាត់ហ្នឹង គឺជាការលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ រំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា»។

ក្នុងរបាយការណ៍ «សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៧ និង២០១៨» ដែលចេញផ្សាយកាលពីចុងខែមករាកន្លងទៅ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចាត់ថ្នាក់កម្ពុជា នៅលេខរៀងស្ទើរតែចុងក្រោយគេ ពោលគឺនៅចំណាត់ថ្នាក់ទី១១២ ក្នុងចំណោមប្រទេស១១៣ នៅលើពិភពលោក។

ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ កម្ពុជាជាប់នៅចំណាត់ថ្នាក់ចុងក្រោយគេក្នុងចំណោមប្រទេសចំនួន១៥ នៅតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក។

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំចោលនោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ