លោកនាយករដ្ឋមន្ត្រីរំឭកថាមានតែចិនទេទើបជាមិត្តពិតប្រាកដ

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា មានតែប្រទេសចិនទេដែលជាមិត្តពិតប្រាកដជួយដល់កម្ពុជាក្នុងស្ថានភាពលំបាក ធ្វើឲ្យមានការអភិវឌ្ឍន៍លើវិស័យជាច្រើន​រហូតដល់សព្វថ្ងៃនេះ។​

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ដែលភ្ជាប់ពីអ្នកលឿងខេត្តព្រៃវែងត្រង់ផ្លូវជាតិលេខ ១ ទៅកាន់ផ្លូវជាតិលេខ ៧ នៃខេត្តត្បូងឃ្មុំនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលចិនបានជួយ។​

នៅចំពោះមុខលោកស្ស៊ុង បូ( Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន ថ្លែងថា  មានតែចិនទេដែលជួយកម្ពុជាពិតប្រាកដ។​

លោកថ្លែងថា៖«មិត្តដែលជួយគ្នាក្នុងគ្រាក្រជាមិត្តពិតប្រាកដ ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្តិច​ បើសិនជាគ្មានទំនាក់ទំនងល្អជាមួយមិត្តចិនទេ សួរថា គម្រោងទាំងអស់នេះអាចសម្រេចបានឬអត់?» 

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាល់គម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំដាក់ទៅចិន​ជាប្រចាំ ហើយ ទទួលបានលុយអភិវឌ្ឍន៍ជាបន្តបន្ទាប់។​

លោកថ្លែងថា៖«ខ្ញុំក៏បានដាក់ឲ្យចេញជាអាទិភាព នៃផែនការប្រចាំឆ្នាំសម្រាប់បញ្ជូនទៅមិត្តចិន ធ្វើការសិក្សានិងផ្តល់ហិរញ្ញប្បទានហើយឲ្យដាក់ផ្លូវលេខ១១នេះ ដើម្បីចូលរួមផងព្រោះថា ជារៀងរាល់ឆ្នាំយើងតែងដាក់គម្រោងសម្រាប់មិត្តចិន ហើយទទួលបានហិរញ្ញប្បទានជាបន្តបន្ទាប់សម្រាប់គម្រោង»។​

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានសរសើរចិនថា ជាប្រទេសនិយាយតិចតែជួយបានច្រើន ដោយថា មិនដូចប្រទេសផ្សេងដែលប្រដៅណែនាំកម្ពុជាច្រើនតែជួយតិច។​

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម​លោកមាស នី មានប្រសាសន៍ថា កម្ពុជាក៏ធ្លាប់ទទួសជំនួយពីប្រទេសលោកសេរីដែរហើយថា ការផ្តាច់ជំនួយពេលនេះដោយសារបញ្ហានយោបាយ។​ ចំពោះជំនួយពីចិនលើផ្នែក​ការកសាងផ្លូវនានាលោកមាស នី យល់ថា ជាការល្អ ប៉ុន្តែលោកថា ការទំនាក់ទំនងផ្តោតលើប្រទេសតែមួយអាចប្រឈមបញ្ហាបើសិនប្រទេសនោះជួបបញ្ហាសេដ្ឋកិច្ច។​

លោកមានប្រសាសន៍ថា៖«កាលណាតែយើងពឹងផ្អែកទៅលើប្រភពតែមួយ កាលណាប្រទេសមួយហ្នឹង គេអាចមានបញ្ហាសេដ្ឋកិច្ច ពេលនោះ គឺយើងទទួលរងផលប៉ះពាល់មុនគេ។ ផលប៉ះពាល់កាលណាវិបត្តិសេដ្ឋកិច្ច នៅស្រុកគេកើតឡើង  យើងក៏ត្រូវកើតបន្តគេដែរ  ហើយការពឹងទៅលើប្រភពតែមួយ យើងឃើញហើយ។ ឧទាហរណ៍កាលណាតែយើងពឹងតែប្រភពចិន ប៉ុន្តែដល់ពេលប្រទេសដទៃទៀតគេនាំគ្នា ដាក់សម្ពាធមកលើប្រទេសយើង ផលិតផលរបស់ចិនក៏មិនអាចលក់ចេញទៅក្រៅបានដែរ  ចឹងវាប៉ះពាល់ទាំងចិន  ប៉ះពាល់ទាំងខ្មែរយើងទាំងអស់គ្នា»

ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ​  ការទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានរិះគន់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៧មក សហរដ្ឋអាមេរិកនិងប្រទេសប្រកាន់របបប្រជាធិបតេយ្យផ្សេងៗទៀត បានប្រកាសផ្តាច់ជំនួយ និងថ្កោលទោសកម្ពុជា ប៉ុន្តែដោយឡែកចិនប្រកាសថា គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាហើយបង្កើនការផ្តល់ជំនួយទៀតផង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ