កម្មកររោងចក្រហ្វឺសហ្គាវ័ន្តរកអន្តរាគមន៍ពីអាជ្ញាធរខណ្ឌករណីថៅកែអត់ប្រាក់ឈ្នួលឲ្យពួកគេ

ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាម​ទារ​ថៅកែ​រោងចក្រ ​ហ្វឺស ហ្គាវ័ន្ត​ បើក​ប្រាក់​ឈ្នួល (ឃុត សុគន្ធ)

ក្រុមកម្មករបម្រើកការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតសង្កាត់ចាក់អង្រែក្រោម ខណ្ឌលមានជ័យ ក្នុង​រាជធានីភ្នំពេញ បាន​ប្រមូលផ្តុំគ្នាមុខសាលាខណ្ឌ​នេះ នៅម៉ោង ២រសៀលនេះ ដើម្បីរកអត្តរាគមន៍ករណីថៅកែអត់បើកប្រាក់ឈ្នួលឲ្យពួកគេ។

កម្មការិនីបម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត កញ្ញា សាត សំណាង ប្រាប់វីអូឌីនៅថ្ងៃនេះថា រយៈពេលជិត ៤ខែហើយ ថៅកែរោងចក្រ ហ្វឺស ហ្គាវ័ន្ត ដែលជាជនជាតិកូរ៉េខាងត្បូង មិនបានបើកប្រាក់ឈ្នួលឲ្យកម្មករនោះទេ។

កម្មការនីរូបនេះ បន្តថា នៅម៉ោង ២រសៀលថ្ងៃនេះ កម្មករប្រហែល ១០០នាក់នឹងទៅប្រមូលផ្តុំគ្នាមុខសាលាខណ្ឌមានជ័យដើម្បីដាក់ញត្តិសុំជួយអន្តរាគមន៍។

កញ្ញាបន្ថែមថា៖ «ផលលំបាកមានច្រើនណាស់ ដូចជា អត់លុយបង់ផ្ទះជួល អត់លុយចាយប្រចាំថ្ងៃ អត់លុយ បង់ធនាគារ អត់លុយចំណាយឲ្យកូនរៀន ចូលឆ្នាំៗហ្នឹងអត់បានទៅបានទៅស្រុកផង ប៉ុន្តែអ្នកខ្លះគាត់ចង់ការលុយគេដើម្បីបានទៅស្រុកដែរ ឥលូវពួកខ្ញុំកំពុងតែរៀបចំលិខិតដាក់ទៅខាងអង្គការ ILO ខាងទូតកូរ៉េ GMAC និងក្រសួងការងារ»។

មន្រ្តីរដ្ឋបាលរោងចក្រ ហ្វឺស ហ្គាវ័ន្ត ដែលប្រាប់ថាឈ្មោះ ឡាយ មានប្រសាសន៍ថា រោងចក្របានបើកប្រាក់​ឈ្នួលឲ្យកម្មករហើយ ប៉ុន្តែ កម្មករទាំងនោះមិនព្រមទទួលយក និងបានធ្វើកូដកម្មបន្ត ហើយទាមទារប្រាក់ឈ្នួលពេញដែលក្រុមហ៊ុនមិនអាចផ្តល់ជូនបាន។

លោកបន្ថែមថា៖ «ប្រាក់ឈ្នួលខែ១ យើងបានទូទាត់ឲ្យគាត់ ប៉ុន្តែ គាត់អត់យកខែ២ ខែ៣ គឺពួកគាត់ធ្វើកូដកម្ម។ អញ្ចឹង តាមផ្លូវច្បាប់កូដកម្ម គឺគ្មានលុយទេ ប៉ុន្តែ ក្រុមហ៊ុនអនុគ្រោះ យើងបានផ្តល់ឲ្យ ១៧ដុល្លារក្នុងមួយខែទៀត ប៉ុន្តែ គាត់អត់យកទៀត គាត់កូដកម្ម គាត់ចង់បានលុយប្រាក់ខែពេញ។ អញ្ចឹង ក្រុមហ៊ុនអត់មានលទ្ធភាពផ្តល់លុយឲ្យពួកគាត់ពេញទេ»

ប្រធានសហជីពស៊ីខៅដូប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត លោក ឃឹម មករា មានប្រសាសន៍ថា ការលើកឡើងរបស់តំណាងរោងចក្រនោះ គឺជាសម្តីមិនទទួលខុសត្រូវ និងគេចវេសមិនចង់ទូរទាត់សំណងជូនកម្មករ។

លោក ឃឹម មករា បន្តថា កម្មករមិនបានធ្វើកូដកម្មនោះទេ គឺរោងចក្របិទទ្វារមិនឲ្យកម្មករចូលធ្វើការ ហើយថា កាលពីថ្ងៃទី២០កុម្ភៈ កម្មករក៏ទទួលបានលិខិតពីក្រុមប្រឹក្សារអាជ្ញាកណ្តាលបញ្ជាក់ថា រោងចក្រ ហ្វឺស ហ្គាវ័ន្ត បិទចង្វាក់ផលិតកម្មរបស់ខ្លួនដែរ។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពួកខ្ញុំកម្មករ គឺរង់ចាំបើកប្រាក់ឈ្នួលខែ១២ហ្នឹងទេ ពួកខ្ញុំមិនមែនធ្វើ​កូដកម្មទេ ហើយខាងក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញលិខិតសេចក្តីសម្រេចមួយកាលពីថ្ងៃទី២០កុម្ភៈដែរថា ក្រុមហ៊ុនបិទទ្វារោងចក្រទាំងមូល មាន​​ន័យថា ក្រុមហ៊ុន Lock out ដោយខ្លួនឯង។ អញ្ចឹងហើយបើនិយាយ​តាមផ្លូវច្បាប់ គឺកម្មករត្រូវបានប្រាក់ឈ្នួលពេញ ១០០%ពេញចាប់ពីខែ១២រហូតមកដល់បច្ចុប្បន្នហ្នឹង»

រោងចក្រ ហ្វឺស ហ្គាវ័ន្ត នៅខណ្ឌមានជ័យរាជធានីភ្នំពេញ និងរោងចក្រ ហ្គាវ័ន្តនៅក្រុងតាខ្មៅខេត្តកណ្តាល មានថៅកែជនជាតិកូរ៉េខាងត្បូងតែមួយឈ្មោះ លោក ស្រី ឆា ត្យុងហី ។ រោងចក្រទាំងពីរនេះ មានកម្មករ​ជាង ១០០០នាក់ កំពុងមានវិវាទការងារដូចគ្នារយៈពេលជាង ១ឆ្នាំហើយ ដោយអះអាងថា ថៅកែរោងចក្រនោះបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់។

ការអូសបន្លាយវិវាទការងារនៅរោងចក្រទាំងពីរនេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់បន្ទោសទៅមន្រ្តីក្រសួងការងារថា ដោះស្រាយយឺតយ៉ាវ ដោយបណ្តាលឲ្យកម្មករបម្រើការងារនៅទីនោះរងទុក្ខលំបាករហូតមកដល់សព្វថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ