ប្រមុខ​ការទូត​អាមេរិក​សាទរ​ការ​ផ្លាស់​ប្ដូរ​អំណាច​នៅ​ភូមា

ប្រមុខ​ការទូត​អាមេរិកលោក John Kerry និងលោក​ស្រី អ៊ុង សានស៊ូជី (រូបភាពពី AFP)

ប្រមុខការទូតអាមេរិកលោក John Kerry កាលពីថ្ងៃអាទិត្យម្សិលមិញបានកោតសរសើរដល់ការផ្លាស់ប្ដូរអំណាចរបស់ប្រទេសភូមាទៅឲ្យរដ្ឋាភិបាលស៊ីវិលមួយដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ដែលនេះគឺជាជំរុញបន្ថែមទៀតដល់បុព្វហេតុលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា នៅក្នុងជំនួបលើកដំបូងជាមួយលោកស្រី ស៊ូជី និងរដ្ឋបាលរបស់លោកស្រី បន្ទាប់ពីបានចូលកាន់អំណាចកាលពីខែមីនាកន្លងមកនេះ លោក Kerry បានប្រាប់ទៅជ័យលាភីណូបែលសន្តិភាពរូបនេះថា ការផ្លាស់ប្ដូរនៅក្នុងប្រទេសរបស់លោកស្រីទៅរកលទ្ធិប្រជាធិបតេយ្យក្រោយស្ថិតក្រោមរបបយោធារាប់ទសវត្សរ៍មកនោះ គឺជាពន្លឺនៃក្ដីសង្ឃឹម។

លោក Kerry បានថ្លែងនៅឯសន្និសីទកាសែតរួមគ្នាជាមួយលោកស្រី ស៊ូជី នៅរដ្ឋធានីណៃពិដោរថាសារដ៏សាមញ្ញរបស់លោកគឺថា អាមេរិកគាំទ្រការផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យដែលបានកើតឡើងនៅភូមា។

ការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំមុនដែលនាំឲ្យគណបក្សលោកស្រី ស៊ូជី ចូលកាន់អំណាចនោះ បានបញ្ចប់របបយោធាភូមាដែលបានគ្រប់គ្រងប្រទេសមួយនេះអស់កន្លះសតវត្សរ៍មកនេះ។

លោក Kerry បានសាទរចំពោះដំណើរនេះដោយចាត់ទុកជាព័ត៌មានដ៏ល្អសម្រាប់ប្រជាជននៅលើពិភពលោក។ លោកបានបន្ថែមថារដ្ឋាភិបាលថ្មីបានសម្រេចឡើងនូវរឿងរ៉ាវមិនធម្មតានោះឡើយ។

កាលពីសប្ដាហ៍មុនក្រុងវ៉ាស៊ីនតោនបានលើកលែងទណ្ឌកម្មហិរញ្ញវត្ថុនិងការហ៊ុមព័ទ្ធពាណិជ្ជកម្មជាច្រើន ប៉ុន្តែ នៅរក្សាទុកទណ្ឌកម្មសំខាន់ៗមួយចំនួន ជាពិសេសការរក្សាទុកបញ្ជីខ្មៅនៃបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ