និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ខ្មែរ លោក កៃ គឹមសុង បានស្នើឲ្យស្ថាប័នសារព័ត៌មានទាំងអស់ដែលមិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មាន ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយថាតើត្រូវអនុវត្តទៅតាមការកំហិតរបស់ក្រសួងព័ត៌មានឬយ៉ាងណា។
ក្រសួងព័ត៌មានបានទុករយៈពេលត្រឹមខែកក្កដាខាងមុខនេះសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន ហើយថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។
ក្នុងកម្មវិធីតុមូលរបស់វីអូឌីនៅថ្ងៃចន្ទនេះ និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ខ្មែរ លោក កៃ គឹមសុង មានប្រសាសន៍ថារហូតមកដល់ពេលនេះ ភ្នំពេញប៉ុស្តិ៍មិនទាន់ប្រជុំសម្រេចពីការប្រើប្រាស់ពាក្យណាមួយនោះទេ។ លោកបញ្ជាក់ថាពាក្យគោរមងារពេញរបស់នាយករដ្ឋមន្រ្តី(សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)វែងពេកដែលពិបាកនឹងប្រើក្នុងអត្ថបទសារព័ត៌មាន។
លោកស្នើឲ្យស្ថាប័នព័ត៌មានគួរតែប្រជុំគ្នានិងសម្រេចថាតើរកពាក្យណាមួយដែលអាចទទួលយកបានទាំងគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “ក៏ប៉ុន្តែយើងក៏មិនបដិសេធ ហើយយើងក៏មិនព្រមទាំងស្រុងដែរ យើងក៏នឹងស្វះស្វែងរកចំណុចកណ្តាល ទីប្រជុំជនណាមួយដែលអាចទទួលយកបានទាំងអស់គ្នា។ ធម្មតា ចំពោះបរទេស យើងត្រូវទុកពេលវេលា ទុកឱកាសដើម្បីឲ្យគេពិចារណាបានបន្តិចសិន…”។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថាតាមការយល់ឃើញរបស់លោកថាស្ថាប័នសារព័ត៌មានគួរពិនិត្យពីការប្រើពាក្យសម្តេច ហ៊ុន សែន នៅក្នុងអត្ថសារព័ត៌មាន បើទោះមិនបានប្រើពេញលេខតាមគោរមងារដែលព្រះមហាក្សត្រប្រទាន។ លោកបញ្ជាក់ថាប្រសិនបើមិនមានការប្រើប្រាស់គោរមងារតាមការកំណត់ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់។ លោកមានប្រសាសន៍ថា៖ “បើយើងនាំគ្នាសហការធ្វើតាមការណែនាំរបស់ក្រសួង ព្រោះអីក្រសួងណែនាំហ្នឹងក៏មិនមែនក្រសួងធ្វើដោយចិត្ដឯងដែរគឺដោយសារស្រុកយើងមានព្រះរាជក្រឹត្យមានអី។ល។ ដែលផ្ដល់គោរមងារ។ អញ្ចឹងហើយយើងសុំឲ្យមានការសហការធ្វើបែបនេះ ឧទាហរណ៍ថាប្រសិនបើធ្វើអត់បានទេអើ ក្រសួងក៏មិនដឹងទៅចាប់បង្ខំម៉េចដែរ តែក្រសួងមានវិធានការតាមដែលអាចធ្វើទៅបាន”។ លោកបញ្ជាក់ថាវិធានការនោះអាចជាការបញ្ឈប់អាជ្ញាប័ណ្ណឲ្យផ្សព្វផ្សាយជាដើម។
ការីនិពន្ធកាសែតខ្មែរថាមស៌ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថាស្ថាប័នព័ត៌មានរបស់លោកពុំទាន់សម្រេចប្រើប្រាស់គោរមងារនៅឡើយទេ តែលោកបញ្ជាក់ថាគោរមងារផ្លូវការវែងពេក។ លោកមានប្រសាសន៍ថា៖ “សម្រាប់បច្ចប្បន្ននេះយើងនៅតែប្រើពាក្យថាលោកដដែលទេ ដោយសារតែយើងក្រលេកមើលគោរមងារវែងពេកហើយក្នុងសារព័ត៌មានដូចយើងតែងតែនិយាយហើយថាធ្វើម៉េចឲ្យខ្លីហើយឲ្យខ្លឹម។ អញ្ចឹងបើយើងសម្រេចដាក់ថាវែងរហូតដូចសម្ដេចអគសេនាបតីតេជោ ហ៊ុនសែន អញ្ចឹងគឺវាវែងពេក។ អញ្ចឹងយើងនៅមានការពិភាក្សា បើសិនជាអាចកាត់បាន យើងនឹងពិភាក្សាបន្ដទៀត បើទាមទារឲ្យពេញហ្នឹងវាពិបាក”។
លោក មេធាវី សុក សំអឿន មានប្រសាសន៍ថាមិនមានច្បាប់កំណត់ដាក់ទោសទណ្ឌការមិនប្រើប្រាស់គោរមងារនៅក្នុងសារព័ត៌មាននោះទេ តែលោកអាចមានការចែងណាមួយចំពោះកិច្ចសន្យាក្នុងទទួលបាន អាជ្ញាប័ណ្ណបង្កើតសាជីវកម្មព័ត៌មាន។ លោកមានប្រសាសន៍ថា៖ “អត់មានច្បាប់មួយចែងថាបើហ៊ានអ្នកណាមួយអត់ហៅសម្ដេចជាប់គុកប៉ុននេះ វាអត់មាន ក្រមព្រហ្មទណ្ឌវាអត់មាន បើយើងនិយាយថាច្បាប់បង្ខំវាអត់មាន។ ក៏ប៉ុន្ដែវាអាច អាចឧទាហរណ៍ថាយើងបង្កើតសុំអាជ្ញាប័ណ្ណហើយមានគេកំណត់ថាអ្នកឯងក្រុមហ៊ុនសារព័ត៌មានអីអញ្ចឹង ប្រសិនជាអត់ធ្វើទៅតាមក្រសួងព័ត៌មានទេត្រូវតែដកអាជ្ញាប័ណ្ឌ ហ្នឹងវាដូចជាច្បាប់អញ្ចឹង”។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោរមងារថា“សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មាន គោរមងារថា “សម្តេចក្រឡាហោម ស ខេង” ចំណែក ប្រធានរដ្ឋសភា លោក ហេង សំរិន មាន គោរមងារថា “សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន” និង ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មានគោរមងារថា “សម្តេចវិបុលសេនាភក្តីសាយឈុំ” ជាដើម៕