បេក្ខនារីចៅសង្កាត់បក្សប្រឆាំងចូលបំភ្លឺតាមដីកាកោះរបស់តុលាការខេត្តបាត់ដំបង

បេក្ខនារីចៅសង្កាត់របស់គណបក្សប្រឆាំង នៅខេត្តបាត់ដំបងបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការនៅថ្ងៃទី ២៣ ខែឧសភា នេះ បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់បានប្តឹងសកម្មជនរូបនេះថាប្រឆាំងការអនុវត្តដីការបស់តុលាការកាលពីពេលកន្លងទៅ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត  ប្រាប់វីអូឌីនោះថ្ងៃនេះថា គាត់ស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់នេះ ដោយថា គាត់មិនបានចូលទៅរារាំងសមត្ថកិច្ចនៅពេលតុលាការចុះអនុវត្តសាលក្រមនោះទេ។

កញ្ញាថា «ថ្ងៃទី១៦ ដែលតុលាការបានចុះទៅអនុវត្តសាលក្រមតើខ្ញុំបានធ្វើសកម្មភាពអ្វីខ្លះ មានការរារាំង មានការធ្វើបដា ធ្វើពាក្យស្លោកទេ ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋ​ខ្ញុំជម្រាបដោយស្មោះត្រង់ ជាក់ស្ដែងខ្ញុំមិនបានថាប្រជាពលរដ្ឋគាត់មកតវ៉ានៅមុខសាលាសង្កាត់ទេ។ និយាយទៅសរុបរួមមក គឺខ្ញុំបាននិយាយប្រាប់តុលាការតាមដំណើរររឿងកាលពីថ្ងៃទី១៦ ហ្នឹង ហើយចុងក្រោយខ្ញុំបានសំណូមពរទៅតុលាការហ្នឹងឲ្យតម្កត់រឿងខ្ញុំទុកអត់ចាត់ការ»។

តាម កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត តុលាការមិនឆ្លើយតបយ៉ាងណានៅឡើយទេ ដោយថា នឹងកោះហៅជនសង្ស័យពីរូបបន្តទៀត ឲ្យចូលទៅបំភ្លឺពាក់ព័ន្ធករណីនេះ។

វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបាននៅឡើយទេ។

ពាក់ព័ន្ធការចូលបំភ្លឺរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នៅតុលាការថ្ងៃនេះ ក៏មានប្រជាពលរដ្ឋបានទៅចូលរួមគាំទ្រផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការបានកាត់ក្ដីឲ្យមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះក្ដីលើសំណុំរឿងទំនាស់ដីសាលាមត្តេយ្យនៅក្នុងសង្កាត់អូរចារ។ ប៉ុន្តែក្រុមអ្នកតវ៉ា ទាមទារឲ្យតុលាការស៊ើបអង្កេតរឿងក្ដីនេះសាជាថ្មី ដើម្បីរក្សាដីទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ នៅពេលនោះ ជំទប់ទី២សង្កាត់អូរចារគឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ក៏បានចុះទៅឃ្លាំមើលការតវ៉ានោះ។ ក្រោយមក តុលាការបានកោះហៅពលរដ្ឋចំនួន ១៣នាក់ និងមន្ត្រីគណបក្សប្រឆាំងម្នាក់ចូលបំភ្លឺពីការតវ៉ានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ