រដ្ឋាភិបាលកម្ពុជាដកតំណែងមន្ត្រីក្រសួងអប់រំ ករណីបៀតបៀនផ្លូវភេទនារីកូរ៉េ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលោក គ្រី ស៊ាងឡុង (រូបភាពពី Fresh News)

រដ្ឋាភិបាលបានដកតំណែងប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ លោក គ្រី ស៊ាងឡុង ក្រោយពីមានរឿងអាស្រូវបៀតបៀនកេរ្តិ៍ភេទទៅលើនារីជាអ្នកបកប្រែជនជាតិកូរ៉េ ពេលមន្ត្រីកម្ពុជារូបនោះទៅចូលរួមកិច្ចប្រជុំអាស៊ានបូក៣។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចុះថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ក្រុមប្រឹក្សាវិន័យរបស់ក្រសួងអប់រំបានចាត់វិធានការរដ្ឋបាលដោយដកតួនាទីលោក គ្រី ស៊ាងឡុង។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាក្រសួងអប់រំ យុវជន និងកីឡា មិនបានបានចំណាយប្រាក់របស់ក្រសួងប្រហែល១២ ៣០០ដុល្លារ ធានាលោក គ្រី ស៊ាងឡុង ឲ្យរួចផុតពីការឃុំខ្លួននៅកូរ៉េខាងត្បូងទាក់ទិនបទចោទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែជាជនជាតិកូរ៉េ ដូចការចុះផ្សាយរបស់កាសែតខេមបូឌាដេលី កាលពីថ្ងៃទី២៣ ខែមិថុនា នោះទេ។ ក្រសួងថាថវិកាដែលបង់ពិន័យសំណងរដ្ឋប្បវេណីឲ្យជនរងគ្រោះនោះ សាម៉ីខ្លួនបានខ្ចីថវិកាមួយចំនួនដែលបានមកពីសហការីនិងរបស់អង្គភាពនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះក្រសួងថាសាម៉ីខ្លួនបានសងអង្គភាពរួចហើយ។

កាសែតខេមបូឌាដេលីចុះផ្សាយថាកាលពីថ្ងៃទី៩ខែមិថុនា ឯកអគ្គរាជទូតប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ផ្ញើលិខិតមួយច្បាប់មកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយបញ្ជាក់ថាប្រាក់ប្រហែល ១២ ៣០០ដុល្លារនោះចេញដោយក្រសួងអប់រំសម្រាប់ចំណាយទៅលើការផាកពិន័យ សងជម្ងឺចិត្តដល់ស្ត្រីរងគ្រោះដែលបានដាក់ពាក្យប្តឹង បង់ថ្លៃមេធាវី និងចំណាយផ្សេងៗទៀតសម្រាប់ការធានាឲ្យលោក គ្រី ស៊ាងឡុង រួចផុតពីការឃុំខ្លួននៅប្រទេសកូរ៉េខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ