CCHR៖ ​សិទ្ធិ​ទទួល​ការ​សន្មតទុក​ជាមុនថា​គ្មាន​ទោស​មិនត្រូវ​បានកម្ពុជា​​គោរព​នៅ​ឡើយ

មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅកាត់ថា CCHR រក​ឃើញថា សិទ្ធិ​ទទួល​បាន​ការ​សន្មត​ទុក​ជា​មុន​ថា ​គ្មាន​ទោស​​មិន​ត្រូវ​បាន​គោរព​​នៅ​កម្ពុជាឡើយ ដោយ​សារ​ការ​ប្រើ​ប្រាស់​ឯក​សណ្ឋាន​មិន​ត្រឹម​ត្រូវ​រវាង​ទណ្ឌិត និង​ជន​ជាប់​ចោទ។

ក្នុង​ព្រឹត្តិ​បត្រ​ព័ត៌មានសម្រាប់​ខែ​មិថុនានេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បានរក​ឃើញ​ថា ក្នុង​ពេលសវនការ​នៅ​សាលា​ឧទ្ធរណ៍​ចាប់ពីថ្ងៃ​ទី១វិច្ឆិកា​ឆ្នាំ​២០១៦ ដល់​ថ្ងៃទី៣០មេសាឆ្នាំ​២០១៧ សវនា​ការ​ចំនួន​២៤ក្នុងចំណោម​២៤៨ មាន​ជន​ជាប់​ចោទ​៣០នាក់ ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឯក​សណ្ឋាន​ទណ្ឌិត​ព័ណ៌​ខៀវ ដែលនេះ ​បង្ហាញ​ថា ការ​គោរព​សិទ្ធិទទួល​បាន​ការ​សន្មតទុក​ជាមុន​ថា​គ្មាន​ទោស​ ដែល​បាន​ការ​ពារ​ដោយ​រដ្ឋធម្មនុញ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មិន​ត្រូវ​បាន​អាជ្ញាធរគោរព​ពេញ​នៅឡើយ​ទេ។

អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគា​រលោក នុត សាវនា​ បាន​ទទួល​ស្គាល់​ថាករណី​នេះ ​គឺ​កើត​មាន​មែន ​តែ​លោក​ថា​ ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មិ​ន​បាន​ឆ្លុះ​បញ្ចាំ​ពី​ការ​អនុវត្តនិង​បញ្ហា​ដែល​​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ​​កំពុង​ជួបប្រទះនោះ​ទេ។

លោក​ថា៖ «យើង​មិន​អាច​សន្មតថា ​ការ​ពាក់​ឯក​សណ្ឋាន​ហ្នឹង​ ថា​អ្នក​បាន​កាត់​ទោស​ហើយ​អ្នក​មិន​ទាន់​កាត់​ហើយ​ គោ​លបំណង​គឺ​ធ្វើ​អញ្ចឹង តែ​វា​ពិបាកក្នុង​ការ​សម្រួល​ការ​ងារ​ហ្នឹង​ ដោយ​សារ​ចំនួន​អ្នក​ជាប់​ឃុំ​ហ្នឹង​ យប់​ខ្លះ​កើន​ដល់​ជា​ង​២០នាក់​អី​ នៅ​សៀម​រាម​! ២៨​នាក់​ហើយ​ទៅធ្វើ​មិច​ខោ​អាវ​មាន​តែ​ខ្ចី​គ្នា​ស្លៀក​សិន។…រឿ​ងហ្នឹង ​ដូច​ជា​មាន​គោល​ការណ៍​ដែរ​ហើយ​បាន​ស្នើ​ដល់​អគ្គ​ភស្ភុភារ លើក​ថា​ធ្វើ​មិច​ឲ្យ​ការ​ផលិត​ហ្នឹង​លើស​ចំណុះ​បន្តិច​ទៅ​ កុំ​ឲ្យ​ស្មើរៗពេក បញ្ហា​យើង​ដឹង​ហើយ​ថា​បញ្ហា (ដំណើការ) ហ្នឹងជួន​កាល​ត្រូវ​កំណត់​ថា​ត្រូវ​ធ្វើ​ត្រូវ​កាត់​ហើយ​ តែ​លុយ​អត់​ទាន់​ធ្លាក់​ទេ។ ដល់​អញ្ចឹង​ហើយ​ខាង​ប្រធាន​ពន្ធនាគារគ្នា​ទៅ​រក​លុយ​ឯណា?​»។

រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រកម្ពុជាមាត្រា​៣៨ កថាខណ្ឌទី​៧​ចែង​ថា «ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ឥតទោស​ដរាប​ណាតុលាការ​មិន​ទាន់​កាត់​ទោសជា​ស្ថាពរ»។ សិទ្ធិនេះ​ក៏​ត្រូវបាន​ការ​ពារដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិផង​ដែរ​ក្នុងសេចក្តី​ប្រកាស​ជា​សកល​ស្តីពីសិទ្ធិមនុស្សមាត្រា ១១(១) ដែល​បាន​ធានានូវសិទ្ធិទទួល​បាន​ការ​សន្មតជាមុន​ថា​គ្មាន​ទោស រហូត​ដល់​ពិរុទ្ធភាព​ត្រូវ​បាន​រក​ឃើញ៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ